តម្លៃគ្រឿងសំណង់ បានធ្លាក់ចុះជាថ្មីនៅក្នុងខែកញ្ញានេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ តម្លៃលក់ចេញគ្រឿងសំណង់ស្ទើរគ្រប់ប្រភេទ នៅតាមទីផ្សារបានធ្លាក់ចុះតិចតូចនៅក្នុងខែកញ្ញានេះ ប៉ុន្តែថ្លៃសេវាពលកម្ម និងការងារសម្រាប់បម្រើក្នុងវិស័យនេះ រួមជាមួយវិស័យផ្សេងៗទៀត មានសភាពនៅទ្រឹង។

តារាងថ្លៃទំនិញ-សេវា ប្រចាំខែកញ្ញា ឆ្នាំ២០២០ នេះ របស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ការលក់សម្ភារៈសំណង់ មានការប្រែប្រួលអំពីតម្លៃលក់ចេញខ្លះៗ ខណៈក្នុងនោះមុខទំនិញសំខាន់ៗមួយចំនួន ដែលកំពុងចរាចរនៅតាមទីផ្សារមិនសូវមានការប្រែប្រួលថ្លៃលក់ចេញនោះឡើយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹងតម្លៃសម្ភារៈសំណង់នៅក្នុងខែ កញ្ញា ឆ្នាំ ២០២០នេះ ថ្លៃលក់ឥដ្ឋតាន់ ចំនួន ១ម៉ឺនដុំ តម្លៃ ៤៩០ ដុល្លារ ធៀបនឹងខែ សីហា តម្លៃលក់ចេញមានចំនួន ៥៥០ ដុល្លារ ឥដ្ឋប្រហោង ៣២០ ដុល្លារ បានធ្លាក់ចុះ ចំនួន ៥០ដុល្លារ ខ្សាច់រៀប មួយម៉ែត្រគីប ១៧ ដុល្លារ បានធ្លាក់ចុះ ១ ដុល្លារ ថ្មកាត់ស៊ីស ២១ ដុល្លារ បានធ្លាក់ចុះ ១ ដុល្លារ ស៊ីម៉ង់ម៉ាកក្រពើ ១ តោនចំនួន ៨៦ ដុល្លារ ធ្លាក់ចុះ ១០ ដុល្លារ ស៊ីម៉ង់រូបអូដ្ឋ ៩៩ ដុល្លារ ធ្លាក់ចុះចំនួន ៦ ដុល្លារ បើធៀបទៅនិងខែ សីហា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ ទីផ្សារថ្លៃលក់ដែកវិញ ក្នុងនោះថ្លៃលក់ដែកកងខ្មៅ (៦ ទៅ ៨លី) បានហក់ឡើងខ្ពស់ ដោយតម្លៃលក់ចេញក្នុងមួយតោន ៥៧៥ ដុល្លារ ខណៈនៅក្នុងខែ សីហា ថ្លៃលក់ក្នុងមួយតោនដូចគ្នា ត្រឹម ៣៥៥ ដុល្លារប៉ុណ្ណោះ ក្រៅពីនេះចំពោះថ្លៃលក់គ្រឿងសំណង់ និងសម្ភារៈផ្សេងៗទៀតនៅតាមទីផ្សារ មិនមានការប្រែប្រួលខ្លាំងគួរជាទីកត់សម្គាល់នោះឡើយ ។

ដោយឡែក ថ្លៃសេវាពលកម្ម និងការងារនៅក្នុងវិស័យសំណង់នេះវិញ, ក្នុងនោះថ្លៃពលកម្មមានជំនាញ និងមិនមានជំនាញ, ថ្លៃម៉ៅការសាលារៀន មន្ទីរពេទ្យ ផ្ទះល្វែង អគារប្រណិត ខុនដូរ និងវីឡា ដែលម៉ៅការសម្ភារៈលើជាង និងសម្ភារៈម៉ៅការនៅលើម្ចាស់ មិនមានការប្រែប្រួលអំពីថ្លៃសេវាពលកម្ម និងការងារនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here