ដោយៈ សហសេវិក
អន្តរជាតិៈ ភាពស្រពេញស្រពិលអំពីការបញ្ចប់សង្រ្គាមនាពេលណា មិនទាន់កំណត់បាននៅឡើយ ខណៈបណ្តាលោកខាងលិចបាននិងកំពុងមានចេតនាអូសបន្លាយសង្រ្គាមនេះ ដើម្បីបំបាក់រុស្ស៊ី។
បើសង្រ្គាមនៅតែបន្តអូសបន្លាយ កិច្ចចរចាស្វែងរកសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន ក៏កាន់តែមិនច្បាស់លាស់ផងដែរ។ អ៊ុយក្រែន កាលពីពេល ថ្មីៗនេះបានព្រមានថា នឹងដើរចេញពីកិច្ចចរចា ប្រសិនបើទាហានរបស់ខ្លួនដែលកំពុងជាប់គាំង នៅឯរោងចក្រដែកថែប ក្នុងទីក្រុងម៉ារីយូប៉ូល ត្រូវបានសម្លាប់។
ចំណែកឯ វិមានក្រឹមឡាំងបានបញ្ចេញប្រតិកម្មភា្លមៗ ដោយចោទថាអ៊ុយក្រែន គឺជាអ្នកបង្កការរាំងស្ទះដល់កិច្ចចរចា ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមមន្ត្រីការទូតរុស្ស៉ី បានលើកឡើងជាថ្មីនូវសំណើមួយចំនួន ដើម្បីបិទបញ្ចប់សង្រ្គាម ក្នុងនោះរួមមានអព្យាក្រឹតភាព និងការធ្វើវិយោធកម្មរបស់អ៊ុយក្រែន ដោយត្រូវធានាឱ្យបានថា អ៊ុយក្រែននឹងមិនចូល NATO សំដៅកុំឱ្យបក្សសម្ព័ន្ធយោធា លោកខាងលិចមួយនេះ ប្រើប្រាស់អ៊ុយក្រែន មកគំរាមកំហែងប្រឆាំងនឹងរុស្ស៉ី។
ការធ្វើវិយោធកម្ម ឬការរំសាយយោធា និងអព្យាក្រឹតភាពរបស់អ៊ុយក្រែន គឺជាសំណើដ៏សំខាន់របស់រុស្ស៉ី ដែលអាចឱ្យលោក ពូទីន ប្រើវាជាការឃោសនា ប្រកាសពីជ័យជម្នះនៃសង្រ្គាមរបស់លោកនៅអ៊ុយក្រែន។ បានន័យថាបុរសខ្លាំង នៃវិមានក្រឹមឡាំងរូបនេះ ចង់យកវាទៅប្រាប់ប្រជាជន និងអ្នកនយោបាយ រុស្ស៉ីថា “ឃើញទេ! ប្រតិបត្តិការយោធារបស់យើង បានលុបបំបាត់ការគំរាមកំហែង នៃការពង្រីកឥទ្ធិពលពីសំណាក់ NATO មកលើតំបន់ព្រំដែនភាគខាងត្បូងរបស់យើង”។
សម្រាប់លោក ពូទីន អព្យាក្រឹត្យភាពអ៊ុយក្រែន គឺគ្រាន់តែជាចំណែកតូចមួយ នៃមហិច្ឆតារបស់លោកតែប៉ុណ្ណោះ ហើយរឿងដែលសំខាន់បំផុត នោះ គឺលោកចង់ឱ្យអ៊ុយក្រែន ស្ថិតនៅក្រោមដែនឥទ្ធិពលរបស់រុស្ស៉ីជារៀងរហូត ដូចដែលលោកបានប្រកាសជាសាធារណៈថា ប្រជាជនរុស្ស៉ី និងអ៊ុយក្រែន “ជាប្រជាជនតែមួយ”។
កាលពីខែធ្នូ ឆ្នាំ២០២១, រុស្ស៉ីបានដាក់សំណើសន្តិសុខ ទៅកាន់សហរដ្ឋអាមេរិក និង NATO ដោយដឹងជាមុនរួចទៅហើយថា លោកខាងលិចនឹងមិនអាច ធ្វើតាមសំណើទាំងនោះឡើយ ហើយលោក ពូទីនក៏ដឹងដែរថាយុទ្ធសាស្ត្របែបនេះ មិនអាចជោគជ័យទេ នៅលើឆាកអន្តរជាតិ ប៉ុន្តែលោកចង់ប្រើ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ នៃការសម្រេចចិត្តធ្វើសង្រ្គាមនៅអ៊ុយក្រែន និងឱ្យប្រជាជនរុស្ស៉ីជឿថាអាមេរិក និង NATO ជាអ្នកទទួលខុសត្រូវ ដោយសារតែ ពួកគេមិនអើពើនឹងសំណើសន្តិសុខរបស់រុស្ស៉ី។
ដូចគ្នានេះដែរ នៅក្នុងកិច្ចចរចាសន្តិភាព លើកចុងក្រោយបំផុត រុស្ស៉ីបានស្នើសុំជាថ្មី នូវលក្ខខណ្ឌជាច្រើនក្នុងនោះ រួមមាន អ៊ុយក្រែនត្រូវតែក្លាយជាប្រទេស អព្យាក្រឹត ជាមួយការបោះបង់ចោលគំនិតចង់ចូល NATO, រំសាយយោធា ព្រមទាំងទទួលស្គាល់តំបន់ដូណេត និងលូហានគ្រប់គ្រងដោយក្រុមឧទ្ទាម ផ្ដាច់ទឹកដីគាំទ្ររុស្ស៉ី ជារដ្ឋឯករាជ្យដូចដែលលោក ពូទីនបានប្រកាសទទួលស្គាល់។
និយាយពីរឿងអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ហាក់ដូចជាមានជំហរម៉ឺងម៉ាត់ ប៉ុន្តែលោកបានបង្ហាញពីចំណាប់អារម្មណ៍ ចង់ពិភាក្សាពីអព្យាក្រឹតភាពជាមួយ លោក ពូទីន។
តួយ៉ាងកាលពីថ្ងៃទី១៥ ខែមីនា លោក ហ្សេលេនស្គីបានកត់សម្គាល់ថាទោះបីជា NATO នៅតែបើកចំហទ្វារក៏ដោយ តែលោកជឿជាក់ថា អ៊ុយក្រែន មិនអាចដើរចូលតាមទ្វារនេះបានឡើយ ហើយការបង្ហាញការខកចិត្តនេះ គឺជារឿងត្រឹមត្រូវ ពីព្រោះថា NATO ខ្លួនឯងបានបដិសេធទទួលយកអ៊ុយក្រែន និងហ្ស៊កហ្ស៉ីជាសមាជិកកាលពីឆ្នាំ២០០៨ ដោយទុកឱ្យប្រទេសទាំង២ នៅក្រៅបក្សសម្ព័ន្ធយោធា ដើម្បីបញ្ចៀសជម្លោះជាមួយរុ ស្ស៉ី។
ក៏ប៉ុន្តែ “អព្យាក្រឹតភាព” របស់ហ្ស៊កហ្ស៊ី ឬអ៊ុយក្រែនមិនអាចទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ីបានឡើយ ហើយជារឿយៗវាតែងតែត្រូវបានលោកពូទីន ប្រើជាថ្នាំ ដើម្បីបន្សាបឥទ្ធិពលលោកខាងលិច។ នៅពេលនិយាយដល់អព្យាក្រឹតភាព គេនឹកឃើញមុនគេដល់ប្រទេស២ នៅអឺរ៉ុប នោះគឺស្វីស និងអូទ្រីស ដែលជាប្រទេសអព្យាក្រឹត។
តែករណីអ៊ុយក្រែន មិនដូចប្រទេសទំាង២នេះទេ។ អូទ្រីស និងស្វីស មានសមត្ថភាពអភិវឌ្ឍសេដ្ឋកិច្ច និងប្រជាធិបតេយ្យ ឱ្យរីកចម្រើនដោយខ្លួនឯង ខណៈបន្តស្ថិតនៅក្រៅបក្សសម្ព័ន្ធយោធា NATO។ ប៉ុន្តែ សម្រាប់លោក ពូទីន អព្យាក្រឹតភាពរបស់អ៊ុយក្រែន មិនមែនសំដៅតែ ទៅលើការធានាមិនឱ្យទីក្រុងកៀវចូល NATO នោះទេ ពោលគឺលោកចង់ឱ្យបានអ៊ុយក្រែនទាំងមូលតែម្ដង។
អ៊ុយក្រែនក៏ធ្លាប់បានព្យាយាម ស្ថិតនៅជាប្រទេសអព្យាក្រឹតមួយផងដែរ ក្រោយទទួលបានឯករាជ្យភាព ពីអតីតសហភាពសូវៀត។ តែទោះជាបែបនេះក្ដី អព្យាក្រឹតភាពមិនអាចរារាំងរុស្ស៉ីបានឡើយ ដោយកាលពីឆ្នាំ២០១៤ រុស្ស៉ីបានក្រសោបយកឧបទ្វីបគ្រីមៀ និងតំបន់ដុនបាស់ពីអ៊ុយក្រែន និងចុងក្រោយគេបំផុត គឺសង្រ្គាមរបស់លោក ពូទីនក្នុងពេលបច្ចុប្បន្ន។
លោក ហ្សេលេនស្គី ធ្លាប់បានបញ្ជាក់រួចហើយថា អ៊ុយក្រែនអាចនឹងមិនចូល NATO តែអ៊ុយក្រែនចង់បានការធានាមួយ ពីបរទេសខាងក្រៅដូចជា អាមេរិក អង់គ្លេស ឬសហភាពអឺរ៉ុប ដែលប្ដេជ្ញាចិត្តថាធ្វើអន្តរាគមន៍ជួយអ៊ុយក្រែនដោយផ្ទាល់ នៅក្នុងករណីមានការវាយប្រហារណាមួយពីរុ ស្ស៉ីនៅពេលអនាគត។
តែរឿងបែបនេះ វាគឺអាស្រ័យថា តើមេដឹកនាំលោកខាងលិចមានភាពក្លាហានប៉ុនណា ក្នុងការប្រឈមមុខជាមួយរុស្ស៉ី ព្រោះថាលោកពូទីន ប្រហែលជា នឹងមិនអាចទទួលយកសំណើបែបនេះទេ។
សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនបានចូលដំណាក់កាលទី២ ដោយកងទ័ពរុស្ស៉ី កំពុងផ្ដោតលើតំបន់ភាគខាងកើត និងភាគខាងត្បូង អ៊ុយក្រែន ហើយវាក៏ជាដំណាក់មួយដ៏គ្រោះថ្នាក់ និងកំណត់អ្នកឈ្នះអ្នកចាញ់នៅក្នុងសង្រ្គាមនេះដែរ។
ក្រុមមន្ត្រីអាមេរិកបានបង្ហាញការព្រួយបារម្ភថា នៅចំពោះមុខការផ្ដល់ជំនួយយោធា ដូចទឹកបាក់ទំនប់ ពីបណ្ដាប្រទេសលោកខាងលិច លោក ពូទីនអាចនឹងប្រើប្រាស់អាវុធគីមី ឬក៏អាវុធនុយក្លេអ៊ែរតាក់ទិក វាយផ្ដាច់ព្រ័ត្រតែម្ដង ខណៈអ្នកជំនាញជាច្រើនយល់ថា លោក ពូទីនត្រូវការជ័យជម្នះឱ្យបានមុនថ្ងៃទី៩ ខែឧសភាក្រោយនេះ ដែលជាថ្ងៃបុណ្យជាតិរុស្ស៉ី នោះគឺទិវាជ័យជម្នះរបស់កងទ័ពរុស្ស៉ី លើកងទ័ពណាហ្ស៉ីរបស់ហ៊ីត្លែរ ក្នុងសង្រ្គាមលោកលើកទី២៕