សម្តេចតេជោ ប្រាប់ទៅធុរជនអាមេរិក កុំឱ្យបារម្ភចំពោះការវិនិយោគនៅកម្ពុជា ទោះបីពិភពលោកជួបវិបត្តិក្ដី

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ បើទោះបីជាពិភពលោកកំពុងជួបវិបត្តដោយសារតែជំងឺកូវីដ១៩ ដែលរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងណាក្ដី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅធុរជនអាមេរិក ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា សូមកុំព្រួយបារម្ភ និងគ្រាដែលរាជរដ្ឋាភិបាលមិនបន្ថយល្បឿននៃការកែទម្រង់ផ្សេង និងកំពុងរៀបចំកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មីៗ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៅកាន់ធុរជនអាមេរិកបែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន តាមប្រព័ន្ធវីដេអូកាលពីព្រឹកថ្ងៃទី ២១ កញ្ញា ២០២០ នៅវិមានសន្តិភាព។ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោ មានប្រសាសន៍ថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និង សេដ្ឋកិច្ច ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។ នៅពេលជំងឺកូវីដ-១៩ មានភាពធូរស្រាល កម្ពុជានឹងរៀបចំកែលម្អច្បាប់វិនិយោគ និង ប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក បណ្ដុំ កសិ-ឧស្សាហកម្ម គ្រឿង បន្លាស់ ឧស្សាហកម្មគាំទ្រ និង ឧស្សាហកម្មផ្សេងទៀត ។ 

សម្ដេចមានប្រសាសន៍បន្តថា កម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងពេលឆាប់ៗនេះផងដែរ ដើម្បីអោយការធ្វើពាណិជ្ជកម្មកម្ពុជានិងចិនកាន់តែមានភាពទូលំទូលាយ ។ សម្តេចតេជោ សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិកដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍ ។ 

សម្តេចតេជោ បានបញ្ជាក់ថា កិច្ចប្រជុំនៅពេលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនអាមេរិក មកលើកម្ពុជា ក៏ដូចជាបង្ហាញអំពី ឆន្ទៈ នៃការចូលរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទាំងមូល។ 

សម្តេចតេជោ បានស្នើឲ្យតំណាងក្រុមហ៊ុនទាំងអស់ជួយផ្សព្វផ្សាយបន្តអំពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយទាក់ទាញវិនិយោគិនអាមេរិក មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាព ចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ជាក់ស្ដែងរយៈពេល៨ខែ ឆ្នាំ២០២០នេះ បានកើនឡើងប្រមាណជិត១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ ។ 

សហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញធំជាងគេរបស់ប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ៥,៤ពាន់លានដុល្លារ។ ទោះបីជាពេលនេះមានមេរោគរាតត្បាតជាសាកលក្តី ក៏ការនាំចេញមានកំណើនចំនួន២៣ភាគរយ ក្នុងឆ្នាំ២០២០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here