ដោយ វឌ្ឍនៈ
ភ្នំពេញ៖ សេដ្ឋវិទូកម្ពុជា បានលើកឡើងថា ការបើកច្រកព្រំដែនអន្តរជាតិរបស់កម្ពុជាជាមួយនឹងប្រទេសវៀតណាម និងថៃ នឹងជួយជំរុញកំណើននៃការដឹកជញ្ជូនទំនិញ លំហូរពាណិជ្ជកម្ម ទេសចរណ៍និងការវិនិយោគកាន់តែមានភាពងាយទាក់ទាញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិសភាកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា គម្រោងបើកច្រកទ្វារអន្តរជាតិរបស់កម្ពុជានឹងជួយរំលែកនូវការកកស្ទះចរាចរណ៍ និង ការដឹកទំនិញចេញចូលតាមក្រវ៉ាត់ព្រំដែន ។
លោកបន្តថា សម្រាប់ច្រកអន្តរជាតិថ្មីរបស់កម្ពុជាជាមួយនឹងថៃ និងច្រកអន្តរជាតិព្រៃវល្លិ៍ព្រំដែនវៀតណាមគឺជាច្រកដឹកទំនិញ ដែលជាចំណុចដ៏ល្អចំពោះវិស័យសេដ្ឋកិច្ចរបស់កម្ពុជា កុំឱ្យមានការកកស្ទះនៅតាមព្រំដែន ខណៈបច្ចុប្បន្ននេះ ការធ្វើចរាចរណ៍ទំនិញជាមួយនឹងវៀតណាម និង ថៃ មានការកើនឡើងជាលំដាប់ ព្រមជាមួយនឹងមានការពន្យាពេល រហូតដល់មានការរត់ការនៅច្រកព្រំដែនទៀត។
លោកបន្ថែមថា ការបើកច្រកព្រំដែនអន្តរជាតិរបស់កម្ពុជា ជាមួយនឹងប្រទេសជាប់ព្រំដែន នឹងចូលរួមកាត់បន្ថយការរត់ការផ្សេងៗ ដែលកន្លងមកនេះ ធ្វើឱ្យមានការតិះទៀនមកលើកកម្ពុជា ចំពោះបញ្ហានេះ ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា តាមផែនការ រាជរដ្ឋាភិបាលនឹងសម្របសម្រួលជាមួយនឹងភាគីថៃ ដើម្បីបើកច្រកអន្តរជាតិស្ទឹងបត់ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ។
លោកបន្តថា សម្រាប់ច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ដែលឯកឧត្តមទេសរដ្ឋមន្ត្រី ទៅទស្សនកិច្ចកាលពីពេលថ្មី ក៏គ្រោងនឹងបើកឱ្យកាន់តែធំទូលាយបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូនពីប្រទេសទី ៣ និងនៅក្នុងតំបន់ ចេញនិងចូលកម្ពុជា ខណៈបច្ចុប្បន្ននេះ ការដឹកទំនិញនៅតាមព្រំដែនកំពុងតែមានការកកស្ទះយ៉ាងខ្លាំង។
លោកបន្ថែមថា ចំពោះការបើកច្រកព្រំដែនអន្តរជាតិរបស់កម្ពុជា នឹងជួយជំរុញកំណើនសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗ កាន់តែមានភាពងាយស្រួល និងទាក់ទាញ ជាមួយនឹងប្រទេសជិតខាង និងនៅក្នុងតំបន់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីកន្លងមកនេះ បានមានប្រសាសន៍ថា កម្ពុជាកំពុងសម្របសម្រួលជាមួយភាគីថៃ ក្នុងការបើកច្រកអន្តរជាតិស្ទឹងបត់ជាបណ្តោះអាសន្ន និងបើកច្រកព្រំដែនអន្តរជាព្រៃវល្លិ៍ជាមួយនឹងវៀតណាមបន្ថែមទៀត ដើម្បីសម្រួលដល់ការដឹកទំនិញ និងកុំឱ្យមានការកកស្ទះចរាចរណ៍ទំនិញចេញចូលកម្ពុជា៕