ដោយៈសិរី ម៉ាលីនណា
ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា ក្រោយសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នឹងចូលជាធរមាន នឹងអនុញ្ញាតឱ្យកម្ពុជា អាចទទួលយកនូវស្តង់ដាជាតិ និងអន្តរជាតិ ថែមទាំងជំរុញឲ្យផលិតផលកម្ពុជា មានការទទួលស្គាល់ផងដែរនៅក្នុងទីផ្សារពិភពលោក។
ការលើកឡើងដូច្នេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ ក្រោមអធិបតីភាពរបស់លោកកែប ជុតិមា ប្រធានស្តីទីគណៈកម្មការទី៩ នៃរដ្ឋសភា និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃគណៈកម្មការជំនាញរបស់រដ្ឋសភាជាច្រើនរូប កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កន្លងមក។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ មុនស្នើដាក់បញ្ចូលទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខនេះ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំជ្រាប អំពីខ្លឹមសារនិងអត្ថប្រយោជន៍សំខាន់ៗ ដែលកម្ពុជាអាចទទួលបាន នៅពេលច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចូលជាធរមាន ដែលរួមមាន បង្កើតបាននូវយន្តការគ្រប់គ្រង ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម និងធានាថា ផលិតផលម្ហូបអាហារដែលចរាចរនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។
កំណត់លក្ខខណ្ឌតម្រូវជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារ មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិត នៃការការពារអាយុជីវិតនិង សុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជម្រុញឱ្យមានការអនុវត្តនូវវិធានការអនាម័យនិងភូតគាមអនាម័យ ដើម្បីកាត់បន្ថយរបាំងបច្ចេកទេស ស្របតាមលក្ខខណ្ឌតម្រូវ នៃពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ។
លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនអង្គប្រជុំជូនផងដែរថា អំពីលក្ខណៈពិសេសនៃច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ រួមមានជាអាទិ៍ទី១ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាព នៅតាមគ្រប់ដំណាក់កាល នៃខ្សែចង្វាក់ផលិតកម្ម ទី២ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច និងសេចក្ដីព្រាងច្បាប់នេះ នឹងអនុញ្ញាតឱ្យកម្ពុជា អាចទទួលយកនូវស្តង់ដាជាតិ និងអន្តរជាតិជាដើម។
ការកំណត់បទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវម្ហូបអាហារ ដើ ម្បីអនុវត្តនៅតាមខ្សែចង្វាក់ផលិតក ម្មម្ហូបអាហារទាំងមូល ចាប់ពីដំណាក់កាលផលិតដំបូង ការកែច្នៃ ការដាក់លក់ រហូតដល់ការប្រើប្រាស់ចុងក្រោយ ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោក៕