ដោយៈ លក្ខិណា
ភ្នំពេញៈ ប្រសិនបើគុណភាពផលិតផល និងតម្លៃមានកម្រិតប្រហាក់ប្រហែលគ្នាហើយ អ៊ីចឹងចំណុចដែលគួរពិចារណាឲ្យខ្លាំងមែនទែន ប្រហែលជាគុណភាពនៃការលក់ និងសេវាបម្រើអតិថិជន។
អ្នករកស៊ីច្រើនណាស់ ដែលចេញរកស៊ីដោយមិនចេះលក់។ គាត់ច្រើនគិតថា រឿងលក់គ្មានអ្វីទៅពិបាកទេ។ គាត់យល់ថាគ្រាន់តែចេះនិយាយច្រើន និយាយពិរោះ និយាយផ្អែម រួសរាយ ចេះយកចិត្តភ្ញៀវ នោះគាត់ចេះលក់ហើយ។ តាមពិតការលក់ដ៏ត្រឹមត្រូវ នៅឆ្ងាយហួសនេះច្រើនណាស់។
ខាងក្រោមជាយុទ្ធសាស្ត្រក្នុងការបង្កើនអតិថិជន៖
1. អ្នកលក់ពូកែជាអ្នកពូកែស្តាប់ មិនមែនចេះតែនិយាយរៀបរាប់បូរបាច់ ហើយមិនស្តាប់អតិថិជននោះទេ។ ការស្តាប់ធ្វើឲ្យអតិថិជន ចូលចិត្តអ្នកទាំងដែលអ្នកមិនទាន់បានធ្វើអ្វីសោះ ។
2. អ្នកលក់ពូកែជាទីប្រឹក្សា និងមិត្តដ៏ស្មោះត្រង់ ដែលឈរនៅខាងអតិថិជន។ អ្នកលក់ភាគច្រើនប្រឹងលក់ ដើម្បីតែចង់បានលុយ តែមិនបានព្យាយាមជួយដោះស្រាយបញ្ហា ឬបំពេញតម្រូវការរបស់អតិថិជនទេ។ ជាលទ្ធផល អតិថិជនចាប់ផ្តើមខ្លាចអ្នកលក់ ហើយរត់ចេញម្តងមួយៗ។
អ្នកលក់ពូកែមិនលក់ទាំងបង្ខំអតិថិជននោះទេ។ គេផ្តល់ព័ត៌មានត្រឹមត្រូវ និងជម្រើសល្អបំផុត ហើយរក្សាគម្លាត ដើម្បីឲ្យអតិថិជនអាចធ្វើការសម្រេចចិត្តបានដោយសេរី និងគ្មានសម្ពាធ។
3. អ្នកលក់ពូកែជាមនុស្សទទួលខុសត្រូវ។ កំហុសធ្ងន់បំផុតមួយរបស់អ្នករកស៊ី គឺការមិនទទួលខុសត្រូវនៅក្រោយពេលលក់។ បានលុយពីអតិថិជនភ្លាម ក៏លែងខ្វល់ខ្វាយពីគុណភាពផលិតផល ការប្រើប្រាស់ជាក់ស្តែង និងការលំបាករបស់អតិថិជន ដែលត្រូវការការជួយណែនាំបន្ត ឬការជួសជុល។ កុំភ្លេចថាបើអ្នកអាចធ្វើឲ្យអតិថិជនម្នាក់ទុកចិត្តអ្នក អ្នកក៏កំពុងទទួលបានការទុកចិត្តពីមិត្តភ័ក្តិ បងប្អូន និងសហការីរបស់អតិថិជនម្នាក់នោះដូចគ្នា។
អ៊ីចឹងហើយទើបពេលអតិថិជន ស្គាល់អ្នកលក់ល្អណាម្នាក់ គេណែនាំទៅកាន់អ្នកស្គាល់គ្នាតៗគ្នា ដែលធ្វើឲ្យអ្នកលក់ម្នាក់នោះ ទទួលបានអតិថិជនថ្មីៗជាបន្តបន្ទាប់ ដោយមិនចាំបាច់ប្រឹងឃោសនា។ ខុសគ្នាត្រឹម៥ឆ្នាំ អ្នកលក់ពូកែមានអតិថិជនពេញដៃ ហើយអាចលក់ផលិតផលគ្រប់មុខ ដោយសារគេ ទទួលបានការទុកចិត្តពីអតិថិជនទាំងនោះ។
រីឯអ្នកលក់ហេងស៊យវិញ បាត់ភ្ញៀវម្តងមួយៗ តាំងពីសម្បូរមិត្តភ័ក្តិ រហូតដល់បាត់មិត្តភ័ក្តិអស់រលីង ព្រោះគេខ្លាចយើងហៅគេឲ្យជួយទិញ៕