តំបន់ផ្លូវជាតិលេខ៦Aក្លាយជាទីតាំងបណ្តុំលំនៅដ្ឋានទាន់សម័យតម្លៃខ្ពស់

ដោយៈ វណ្ណារ៉ា

ភ្នំពេញៈ តំបន់ផ្លូវជាតិលេខ៦បច្ចុប្បន្ននៅតែជាទីតាំងប្រមូលផ្តុំទៅដោយសំណង់លំនៅដ្ឋានបែបទំនើបនិងមានតម្លៃថ្លៃចាប់ពីជាង១០ម៉ឺនរហូតដល់ជាង១លានដុល្លារដែលស្ថិតនៅក្នុងគម្រោងបុរីធំជាច្រើន។

ជាមួយនឹងទិដ្ឋភាពជាក់ស្ដែង នៃការអភិវឌ្ឍឥតឈប់ឈរ នៅក្នុងវិស័យសំណង់លំនៅដ្ឋានទាំងនេះ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ  Khmer Foundation Appraisal បានបង្ហាញពីក្ដីសាទរ ជាមួយនឹងសកម្មភាពរីកចម្រើនទាំងអស់នេះ ដោយលោកបានមានប្រសាសន៍ថា វាមិនមែនជារឿងចម្លែកនោះទេ នៅពេលដែលប្រទេសជាតិមានភាពរីកចម្រើន និងអភិវឌ្ឍន៍ ជាពិសេសតំបន់ក្រុងភ្នំពេញមានការកើនឡើងនូវ ចំនួនអគារធំៗ ដូចជាសំណង់ខុនដូ អាផាតមិនជាដើម នោះតំបន់ដែលស្ថិតនៅជាប់ក្រុង គឺត្រូវតែមានតម្រូវការខ្ពស់។

ជាក់ស្ដែង ដូចជាតំបន់ជ្រោយចង្វារជាដើម ដែលពីមុនមានភាពទូលាយល្ហល្ហេវ ប៉ុន្តែបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់ដ៏មានសក្ដានុពល ជាពិសេសលើផ្នែកសំណង់លំនៅដ្ឋានតែម្ដង ដែលជំរុញឱ្យតម្លៃដីមានការកើនឡើងខ្ពស់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចាប់តាំងពីតំបន់គល់ស្ពានជ្រោយចង្វារ ឆ្ពោះទៅទិសខាងជើងស្របតាមបណ្តោយផ្លូវជាតិលេខ៦A មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗជាច្រើន ដែលកំពុងបង្ហាញរូបរាងជាបន្តបន្ទាប់ ដូចជា គម្រោងទីក្រុងរណប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ក្រុមហ៊ុន OCIC គម្រោងរបស់ក្រុមហ៊ុនលី យ៉ុងផាត់ គម្រោងសំណង់បុរីលំនៅដ្ឋានបែបទំនើប និងប្រណីតជាច្រើនក្រោមទុនវិនិយោគរាប់សិបពាន់លានដុល្លារ។

លោកឧកញ៉ាបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន តម្លៃដីនៅតំបន់ជ្រោយចង្វារមានកម្រិតទាបនៅឡើយ ពោលគឺប្រមាណ ១០០០ ទៅ១៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែឥឡូវបានកើនឡើងខ្ពស់រហូតដល់២៥០០ ទៅដល់ ៣៥០០ដុល្លារក្នុងមួយម៉ែត្រ ហើយទីតាំងខ្លះអាចមានតម្លៃថ្លៃជាងនេះ។ លោកបន្តទៀតថា ប្រសិនបើបរិយាកាសសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរ មិនយូរទៀតនោះទេវានឹងក្លាយជាតំបន់ពិសេស អំណោយផលលើវិស័យលំនៅដ្ឋាន  ក៏ដូចជាមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដែលកើតមានអគារធំៗ និងខ្ពស់ៗមិនក្រោម១៥២០ ជាន់នោះទេ

បច្ចុប្បន្ននេះវត្តមាន នៃគម្រោងបុរីលំនៅដ្ឋានបែបទំនើបជាច្រើន កំពុងតែបង្ហាញខ្លួននៅតំបន់ខាងលើនេះ ដែលកាន់តែបង្ហាញពីសក្ដានុពលនៃតំបន់កាន់ខ្លាំង  និងទាក់ទាញបំផុត ដូចជាសំណង់បុរីសុភមង្គល បុរី The Mekong Royal , បុរី ហេង ហ៊ាង ស៊ីធី   បុរី ប៉េង ហួត, បុរី New Town បុរី អរគីដេវីឡា , បុរី រុងរឿង បុរី  The Flora, បុរីមង្គលភ្នំពេញ បុរី ភ្នំពេញផាក បុរី ដឹមេគង្គរ៉ូយ៉ាល់ បុរីហាយលែន និងបុរី វិមានភ្នំពេញជាដើម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ដែរថា បច្ចុប្បន្ននេះតំបន់ខាងលើ បានក្លាយជាតំបន់មុំត្រីកោណស័ក្ដិសមទៅនឹងការអភិវឌ្ឍជាទីក្រុងរណប ដោយសារតែវាមានកត្តាភូមិសាស្ត្រល្អ និងអំណោយផលពីធម្មជាតិ ដែលព័ទ្ធជុំវិញទៅទន្លេមេគង្គ និងទន្លេសាប ។

លោកបានបន្តទៀតថា ក្រៅពីមានភាពអំណោយផលពីធម្មជាតិ សមស្របទៅនឹងលំនៅដ្ឋានរស់នៅ ថែមទាំងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដែលរាជរដ្ឋាភិបាលក៏ដូចជាវិស័យឯកជនបានអភិវឌ្ឍន៍ ជាពិសេសផ្លូវជាតិលេខ៦Aតែម្ដង ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូន

LEAVE A REPLY

Please enter your comment!
Please enter your name here