កំនើនប្រជាសាស្រ្តនិងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋបានធ្វើឲ្យតំបន់ជាយក្រុង ទទួលបានការអភិវឌ្ឍយ៉ាងលឿន

ដោយម៉ាលីនណា

ភ្នំពេញ  កំនើនប្រជាសាស្រ្ត ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋ និងសេដ្ឋកិច្ចកម្ពុជាបានធ្វើឲ្យទីក្រុងភ្នំពេញរីកចម្រើនយ៉ាងលឿន ពិសេសតំបន់ជាយក្រុងនានាមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាក់ស្តែងតំបន់ទួលពង្រ ដែលធ្លាប់ជាបឹង វាលរហោស្ថាន កំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំងផ្នែកសំណង់លំនៅដ្ឋានតំបន់ទួលពង្រស្ថិតក្នុងខ័ណ្ឌដង្កោនៃភាគខាងត្បូងឈៀងខាងជើងនៃរាជធានីភ្នំពេញបាននិងកំពុងទាក់ទាញអ្នកអភិវឌ្ឍន៍សាងសង់បុរីជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំបន់ដែលធ្លាប់តែគ្របសណ្ដប់ទៅដោយបឹងតូចៗ ពោរពេញទៅដោយទឹកនិងស្មៅកក់នៃតំបន់ផ្សារទួលពង្របាននិងកំពុងប្រែក្លាយទៅជាតំបន់លំនៅដ្ឋានយ៉ាងស្អេកស្កះដូចជាបុរីមង្គលភ្នំពេញនិងសំណង់ផ្ទះល្វែងជាច្រើន។

អគ្គនាយកបុរីមង្គលភ្នំពេញលោកអានរ៉ាឌីដែលបានបោះទុនជាច្រើនលានដុល្លារអភិវឌ្ឍន៍វិស័យលំនៅដ្ឋានកម្រិតមធ្យមនៅតំបន់ខាងលើនេះបានមានប្រសាសន៍ឲ្យដឹកាលពីពេលថ្មីៗនេះថាពេលនេះតំបន់ទួលពង្របានក្លាយជាទីតាំងដ៏ប្រសើរនិងស្ថិតក្នុងក្រសែភ្នែកអ្នកអភិវឌ្ឍដោយសារតំបន់ទួលពង្រដែលស្ថិតនៅក្នុងខណ្ឌដង្កោនានេះកំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំងដោយសារតែវាមានផ្លូវឆ្លងកាត់ខ្វាត់ខ្វែងច្រើននិងជាបណ្តុំនៃលំនៅដ្ឋានមានមនុស្សរស់នៅច្រើនអំណោយផលដល់ការប្របកអាជីវកម្មដែលកាន់តែផ្តល់ភាពងាយស្រួលក្នុងការអភិវឌ្ឍជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានបំណង់ចង់រស់នៅនិងវិនិយោគបន្តស្វែងរកចំណេញផងដែរ។

លោកបន្តថាតំបន់នេះមិនមែនជាតំបន់ឆ្ងាយដាច់ស្រយ៉ាលនោះទេ ផ្ទុយទៅវិញ វាកាន់តែទាក់ទាញអ្នកវិនិយោគ ឱ្យងាកមកចាប់អារម្មណ៍កាន់តែច្រើនឡើងៗ ជាពិសេសការអភិវឌ្ឍលើវិស័យសំណង់លំនៅដ្ឋាន។លោកបន្តថាកត្តាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា ងាយស្រួលក្នុងការចេញចូលក្នុងរាជធានីភ្នំពេញ ជាពិសេសឆ្ពោះទៅកាន់ផ្លូវ៦០ម៉ែត្រ ក៏ដូចជាចេញទៅកាន់បណ្តាខេត្តមួយចំនួន តាមផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិ៤ជាដើមបានទាក់ទាញការវិនិយោគនានា

អ្នកតាមដានការវិវត្តនៃសេដ្ឋកិច្ចសង្គមកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា វាមិនមានអ្វីចម្លែកនោះទេ ដែលការអភិវឌ្ឍន៍បានរីករាលដាល ដល់តំបន់ជាយក្រុង ដោយសារតែតំបន់ជាយក្រុង មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ កាន់តែល្អប្រសើរ ពិសេសតម្លៃដីធ្លីមានភាពសមរម្យនៅឡើយ ដែលអ្នកវិនិយោគអាចស្វែងរកផលចំណេញបាន។

លោកបន្តថាតំបន់ទួលពង្របាន ក៏ដូចជា តំបន់ដទៃទៀតបាន និងកំពុងមានការរីកចម្រើនខ្លាំង ដោយសារកត្តាតង់ស៊ីតេប្រជាពលរដ្ឋ និងកំនើននៃការអភិវឌ្ឍពីក្រុមហ៊ុនជាតិ អន្តរជាតិ ពិសេសជាតំបន់មានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ ចូលមកកណ្តាលក្រុងយ៉ាងល្អប្រសើរ

លោបន្តថា ជាមួយគ្នានេះតំបន់ភ្នំប្រសិទ្ឋ ក៏បាននិងកំពុងមានភាពរីកចម្រើនដោយបុរី និងលំនៅដ្ឋានជាច្រើនបានអភិវឌ្ឍន៍នៅតំបន់នេះយ៉ាងសកម្ម ដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើងយ៉ាងគំហុក បើទោះបីកម្ពុជាកំពុងឆ្លងកាត់ ការវាយប្រហារពីវិបត្តិសេដ្ឋកិច្ចសាកល បណ្តាលមកពីជំងឺCovid-19ក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here