ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តផ្នែកគយ សម្រាប់សហគ្រាសធុនតូចនិងមធ្យមដើម្បីជំរុញបន្ថែមការអភិវឌ្ឍ ការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពផលិតកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន និងបង្កើតការងារសម្រាប់ប្រជាជន។
ដើម្បីអាចទទួលបានការលើកទឹកចិត្តផ្នែកគយ សហគ្រាសធុនតូចនិងមធ្យមត្រូវបំពេញ៣ ល័ក្ខខ័ណ្ឌ៖
- បានចុះបញ្ជីពន្ធដារជាអ្នកជាប់ពន្ធតូច ឬមធ្យម
- ជាសហគ្រាសធុនតូចនិងមធ្យម ស្ថិតក្នុងវិស័យអាទិភាព
- បំពេញនីតិវិធីនៃការស្នើសុំការលើកទឹកចិត្តផ្នែកគយ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ចំពោះនីតិវិធីចុះបញ្ជីពន្ធដារ សហគ្រាសធុនតូច និងមធ្យម អាចសួរនាំព័ត៌មានបន្ថែម នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព អាចទទួលបានការលើកទឹកចិត្តផ្នែកគយចំពោះមុខសញ្ញា ដូចខាងក្រោម៖
- សម្ភារបរិក្ខារផលិតកម្ម សំដៅដល់គ្រឿងម៉ាស៊ីន ឧបករណ៍ដែលបានប្រើប្រាស់ជាមូលដ្ឋានក្នុងការបំប្លែងធាតុចូលផលិតកម្ម ហើយដែលវត្ថុទាំងនោះមិនអាចបំលែងបាន ដោយខ្លួនឯង ឬមិនត្រូវបានប្រើប្រាស់អស់ ក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីបាននាំចូល។
- សម្ភារសាងសង់ សំដៅដល់សម្ភារសំណង់ រួមទាំងឧបករណ៍ បរិក្ខារ ដែលបានបំប្លែង ឬបានប្រើប្រាស់ទាំងស្រុង នៅក្នុងការសាងសង់សំណង់បម្រើឱ្យផលិតកម្ម។
- ធាតុចូលផលិតកម្ម សំដៅដល់ទំនិញ រួមទាំងវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងសម្ភារ បន្ទាប់បន្សំបម្រើឱ្យផលិតកម្ម ដែលត្រូវបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញលេញ នៅក្នុងកិច្ចដំណើរ-ការផលិតកម្ម មិនឱ្យហួសរយៈពេល២ឆ្នាំ បន្ទាប់ពីបាននាំចូល។
សម្គាល់៖ សម្ភារបរិក្ខារផលិតកម្ម សម្ភារៈសាងសង់ និងធាតុចូលផលិតកម្មមិនគិតបញ្ចូលនូវយានយន្ត គ្រឿងបន្លាស់យានយន្ត ផលិតផលតេលសិលា និងសម្ភារបរិក្ខារៈនិងគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ៕