ប្រធានសមាគម CREA អះអាងថា ទីផ្សារអចលនទ្រព្យកម្ពុជា នៅតែមានស្ថានភាពល្អបើប្រៀបទៅនឹងបណ្តាប្រទេសជិតខាង

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ហៅកាត់ CREA បានធ្វើការបញ្ជាក់ពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាថា ខណៈដែលបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីកំពុងប្រឈមនឹងវិបត្តិ សម្រាប់កម្ពុជានៅតែរក្សាបាននូវភាពល្អប្រសើរ ហើយសកម្មភាពនៃការទិញ-លក់ក្នុងស្រុកនៅតែបន្តមាន។

លោកស្រី ចេវ សុខុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្នុងកំឡុងពេលដែលបណ្តាប្រទេសនានានៅលើពិភពលោកកំពុងបង្ហាញពីក្ដីបារម្ភទៅនឹងវិបត្តិនៃជំងឺឆ្លង សម្រាប់កម្ពុជាបានក្លាយទៅជាប្រទេសមុនគេនៅក្នុងតំបន់អាស៊ី ដែលអាចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ហើយអាចព្យាបាលអ្នកផ្ទុកមេរោគ Covid-19 ជាសះស្បើយគ្មានសល់ (គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹងបង្ហាញពីក្ដីសាទរទៅនឹងលទ្ធផលដ៏ល្អប្រសើរនៃការខិតខំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមការការអនុវត្តតាមវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ចេវ សុខុន បានមានប្រសាសន៍បញ្ជាក់ពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាផងដែរថា “បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាងមួយចំនួន ទីផ្សារអចលនទ្រព្យកម្ពុជានៅតែមានភាពល្អប្រសើរ ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ បើទោះជាសកម្មភាពបណ្តាក់ទុនវិនិយោគថ្មីពីបណ្តាក្រុមហ៊ុនក្រៅស្រុក ប៉ុន្តែសកម្មភាពនៅក្នុងស្រុកនៅតែបន្តមាន ទាំងការសាងសង់បញ្ចប់គម្រោងចាស់ និងការវិយោគថ្មី ដែលជាសកម្មភាពអ្នកក្នុងស្រុក”។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជារូបនេះបានបន្តទៀតថា “ការវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា រាប់គិតចាប់ពីគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ ការសាងសង់ក្នុងវិស័យលំនៅដ្ឋានគ្រប់កម្រិត ការសាងសង់សំណង់ពាណិជ្ជកម្មថ្មីៗកម្រិតមធ្យម គឺនៅតែបន្តមានសកម្មភាពគួរឱ្យកត់សម្គាល់ ខណៈពេលដែលប្រទេសជិតខាងមួយចំនួននៅតែបន្តស្ថានភាពប្រឈមនឹងវិបត្តិរហូតមានការប្រកាសបិទប្រទេសមួយរយៈពេល។ ខ្ញុំជឿជាក់ថា ការរក្សាបាននូវស្ថានភាពល្អប្រសើរនៃទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែមាន ហើយអាចនឹងរីកចម្រើនជាងនេះ ក្រោមការជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល និងការចេញធ្វើសកម្មភាពពីអ្នកជំនួញក្នុងវិស័យពាក់ព័ន្ធក្នុងស្រុក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here