តើតម្លៃដីធ្លីក្នុងខ័ណ្ឌដូនពេញកើនដល់ប៉ុន្មានហើយក្នុងមួយម៉ែត្រការ៉េ?

ដោយៈវណ្ណារ៉ា

ភ្នំពេញៈ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែកំណើននៃវិស័យអចលនទ្រព្យដូចជាសំណង់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម បានជម្រុញឱ្យតម្លៃដីមានកំណើនខ្ពស់ជាពិសេសនៅក្នុងខណ្ឌដូនពេញត្រូវបានក្រុមអ្នកជំនាញបញ្ជាក់ប្រាប់ថាមានកម្រិតខ្ពស់ជាងគេបើប្រៀបធៀបជាមួយបណ្តាខណ្ឌមួយចំនួនដែលស្ថិតជាប់គ្នា។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹកសុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថាតម្លៃអចលនទ្រព្យនៅក្នុងខណ្ឌដូនពេញគឺមានកម្រិតខ្ពស់ប៉ុន្តែមិនមែនស្មើគ្នាគ្រប់តំបន់នោះទេដែលវាក៏អាស្រ័យទៅលើទីតាំងពាណិជ្ជកម្មពិសេសទំហំនិងស្ថានភាពផ្លូវផងដែរថា។លោកថាចំពោះតម្លៃដីដែលស្ថិតនៅតាមបណ្តាផ្លូវនិងមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញគឺមានតម្លៃខុសៗពីគ្នាហើយក៏មិនសូវមានការទិញលក់យ៉ាងគគ្រឹកគគ្រេងដូចដីនៅតំបន់ផ្សេងទៀតនោះដែររហូតត្រូវបានអ្នកជំនួញលើវិស័យមួយនេះចាត់ទុកថាជាតំបន់ដីកម្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្ដែង ដូចជា តាមបណ្តោយផ្លូវព្រះមុនីវង្ស ដោយរាប់គិតត្រឹមតែពីម្ដុំផ្សារថ្មីមកដល់តំបន់ពេទ្យចិន អាចមានតម្លៃចន្លោះពី៥,០០០ ទៅ៦,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយប្រសិនបើនៅកាន់កៀគនឹងតំបន់ផ្សារធំថ្មី ឬជុំវិញផ្សារថ្មីកាន់តែមានតម្លៃថ្លៃជាងនេះ

ដោយឡែកសម្រាប់ដីនៅក្នុងខណ្ឌដូនពេញរួមគ្នា ប៉ុន្តែស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមវិញ ត្រូវបានលោក ស៊ា ឆៃលីន នាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី ខូអីលធីឌីប្រាប់ឱ្យដឹងថា ខ័ណ្ឌដូនពេញតម្លៃដីហាក់មានភាពខ្ពស់ជាង នៅតាមបណ្តាផ្លូវធំមួយចំនួនទៀត។ លោកបានបញ្ជាក់ថាដីដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ចាប់ពីវិមានឯករាជ្យ ឆ្ពោះមកកាន់តំបន់វត្តភ្នំពេញ គឺមិនមានដីទំនេរនោះទេ ដែលសូម្បីដីសម្រាប់ធ្វើការអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្មត្រឹមទំហំ១ហិកតា ក៏ស្ទើរតែរកមិនបានផង។

តម្លៃដីនៅតាមបណ្តោយផ្លូវមួយនេះមានតម្លៃខ្ពស់ជាក់ស្ដែងត្រឹមដីទំហំ២,០០០ ម៉ែត្រការ៉េចុះក្រោម អាចមានតម្លៃរហូតដល់៨០០០ដុល្លារ ឬអាចឈានដល់១០,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។តម្លៃដីធ្លីខ្ពស់ឬទាបវាអាស្រ័យទៅលើទីតាំងដែលអាចមានភាពអំណោយផលដល់ការធ្វើពាណិជ្ជកម្ម។

ចំណែកលោកសន សៀបនាយកក្រុមហ៊ុនKey Real Estate Co,.Ltd  ក៏បានប្រាប់ឱ្យដឹងផងដែរថា ចំពោះដីដែលស្ថិតនៅតាម រុក្ខវិថិក្រមួនស ដែលជាតំបន់ប្រមូលផ្តុំដោយស្ថាប័នធនាគារឯកទេស ធនាគារពាណិជ្ជ ក៏ដូចជាស្ថាប័នមីក្រូហិរញ្ញវត្ថុជាដើម។លោកបន្តថា ចាប់គិតពីចំណុចស្តុបធនាគារកាណាឌីយ៉ា រហូតដល់ស្តុបមន្ទីរពេទ្យអង្គឌួង បច្ចុប្បន្ន ក៏មានតម្លៃខ្ពស់ផងដែរ ពោលគឺគិតជាមធ្យមមានចន្លោះចាប់ពី៦,០០០ ទៅ ៧,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here