ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ពាក្យបរធនបាលកិច្ច មិនមែនជាពាក្យថ្មីនោះទេ ប៉ុន្តែវាត្រូវបានគេប្រើប្រាស់នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងការវិនិយោគច្រើនជាង។
តើពាក្យបរធនបាលកិច្ចមានន័យដូចម្តេច? លោក ណង សេរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងកិច្ចសហប្រតិបតិ្តការនៃនិយ័តករបរធនបាលកិច្ចបានពន្យល់ថា បរធនបាលកិច្ច មានន័យថាអ្នកគ្រប់គ្រង ថែរក្សាចាត់ចែងទ្រព្យសម្បត្តិខាងក្រៅឬអ្នកដទៃ។ លោកបន្តថា បរធនបាលកិច្ច គឺជាទំនាក់ទំនងគតិយុត្តដែល បរធនបាលទាយក ផ្តល់ទ្រព្យសម្បត្តិដល់បរធនបាល ក្នុងការមើលថែរក្សា និងប្រើប្រាស់ជាប្រយោជន៍ដល់អត្ថគាហកៈ(អ្នកទទួលផលប្រយោជន៍)។
ចំណែកអត្ថគាហកៈ គឺជាបុគ្គលដែលអាចទទួល ផលពីបរធនបាលកិច្ច ចាប់ពីកាលបរិច្ឆេទចូល ជាធរមាន នៃបរធនបាលកិច្ច ។ ចំណែកបរធនបាលទាយក គឺជាបុគ្គលដែលបានបង្កើត និងកំណត់លក្ខ ខណ្ឌនៃបរធនបាលកិច្ច និងផ្តល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច និងមានសិទ្ធិទទួលព័ត៌មានពាក់ព័ន្ធ នឹងការគ្រប់គ្រងបរធនបាលកិច្ច ព្រមទាំងតែង តាំង និងបញ្ឈប់បរធនបាល។
រីឯបរធនបាល គឺជាបុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងបរធនពីបរធនបាលទាយក សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុ លោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន ។
លោកណង សេរីវុធបានបន្តឱ្យដឹងថា បរធនបាលកិច្ច មានបួនប្រភេទ រួមមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាលកិច្ច ដែលលើកឡើងនេះ សុទ្ធតែជាការចូលរួមចំណែក នៅក្នុងវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទាញលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស។
លោកបន្តដូច្នេះថា “ប្រសិនបើបង្កើតបរធនបាលបានច្រើន នោះមានន័យថាសកម្មភាពសេដ្ឋកិច្ច ក៏វាកើនទៅតាមនោះដែរអ៊ីចឹង នៅពេលដែលសកម្មភាពសេដ្ឋកិច្ចកើនឡើង តាមរយៈការវិនិយោគនៅក្នុងវិស័យបរធនបាលកិច្ចនេះ មានន័ថា វាក៏ចូលរួមចំណែកនៅក្នុងការបង្កើន ចំណូលពន្ធដល់វិស័យសេដ្ឋកិច្ចជាតិផងដែរ”៕