ក្រសួងកសិកម្មចង់ប្រែសហគមន៍កសិកម្ម ព្រៃឈើ និងនេសាទ ជាសហគមន៍អេកូទេសចរណ៍ដ៏ទាក់ទាញ

ដោយៈសុផារី

ភ្នំពេញៈ លោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ នៅថ្ងៃទី៣១ ខែមីនា បានបង្ហាញបំណងចង់ប្រែក្លាយសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍នេសា​ទទៅជាសហគមន៍អេកូទេសចរណ៍ ដ៏ទាក់ទាញទៅថ្ងៃអនាគត ដើម្បីលើកកម្ពស់សេដ្ឋកិច្ច កម្រិតជីវភាពរបស់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានរំលេច អំពីសក្តានុពលនៃសហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍កសិកម្ម ដែលអាចប្រែក្លាយទៅជាសហគមន៍អេកូទេសចរណ៍ បាននាពេលអនាគត។ ជាក់ស្តែងបច្ចុប្បន្ន មានសហគមន៍នេសាទចំនួន១៣១ ក្នុងចំណោ​ម៥១៦ ដែលមានសក្តានុពលភាព ប្រែក្លាយជាសហគមន៍ទេសច​រណ៍ធម្មជាតិ។

ជាមួយគ្នានេះ បច្ចុប្បន្នមានសហគមន៍នេសាទចំនួន២៧ បាន និងកំពុងដំណើរការទេសចរណ៍ធម្មជាតិ នៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាបនៅក្នុង១២ខេត្ត៖ ក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមាន ជ័យ កំពត ព្រះសីហនុ កែប និងខេត្តកោះកុង។

ចំណែកសហគមន៍ព្រៃឈើ យើងមានចំនួន៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន១០៣ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារ ព្រៃ-ឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវាថ្នាក់ជាតិ និងក្រោមជាតិ ដែលអាចអភិវឌ្ឍទេសច​រណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្ត។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរ​ណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) បានបង្ហាញអំពីការប្តេជ្ញាចិត្ត និងសុឆន្ទៈសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តកិច្ចសហការ ជាមួយគ្រប់ដៃគូដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយជាតិ អេកូទេសចរណ៍ និងផែនការសកម្មភាពសំខាន់ៗ របស់ គ.ជ.អ.អ ដោយបន្តជំរុញ គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគ វិស័យទេសចរណ៍ អេកូទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍។

ការណ៍នេះក៏មិនមើលរំលង គោលការណ៍ប្រឡងប្រណាំង “ទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” រួមទាំងវិស័យកសិកម្មមានដូចជា សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច កម្រិតជីវភាពរបស់ប្រជាសហគមន៍ ដែលប្រកបមុខរបរកសិកម្ម ជាចម្បង ក្នុងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១- ២០២៣ តាមយុទ្ធសាស្រ្ត “អភិក្រមផ្ការីក” របស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here