សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពង្រឹងសមត្ថភាពការគ្រប់គ្រងសាខាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយគុណភាព

ដោយៈសុផារី

ភ្នំពេញ:សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលប្រធានសាខាថ្នាក់ស្រុក និងខេត្តរបស់គ្រឹះមីក្រូហិរញ្ញវត្ថុ និងធនាគារជាសមាជិកទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ។

សិក្ខាសាលាថ្នាក់តំបន់នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាគមធនាគារនៅកម្ពុជា និងសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា រៀបចំជា៥តំបន់ ដោយចាប់ផ្តើមពី រាជធានីភ្នំពេញចន្លោះពីថ្ងៃទី២៨ដល់៣០ ខែមីនា ឆ្នាំ២០២២ និងបន្តទៅ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តក្រចេះ នាខែបន្តបន្ទាប់។

ការគ្រប់គ្រងសាខាប្រកបដោយគុណភាព និងប្រសិទ្ធភាព ត្រូវបានចាត់ទុកជាមុខងារដ៏សំខាន់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំគ្រប់គ្រងសាខា គឺជាតួអង្គជួរមុខដ៏សំខាន់ ដែលនាំឱ្យធុរៈកិច្ចហិរញ្ញវត្ថុទទួលបានជោគជ័យ ឬបរាជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ១.ពង្រឹងសមត្ថភាពនិងគុណវុឌ្ឍិ ក្នុងក្របខ័ណ្ឌការងាររបស់ប្រធានសាខា ២.ផ្តល់ឱកាសជូនប្រធានសាខា ដើម្បីស្វែងយល់អំពី ក្រម និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន និង៣.ផ្តល់ជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ កត្តាប្រឈម ដំណោះស្រាយ និងការកសាងបណ្តាញទំនាក់ទំនងរវាងប្រធានសាខា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងនិយ័តករ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា “កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានយកចិត្តទុកដាក់ទៅលើការពង្រឹង ឧត្តមភាពនៃធនធានមនុស្សដែលជាប្រតិបត្តិករហិរញ្ញវត្ថុតាមរយៈវគ្គបណ្តុះបណ្តាលនានា ដែលបានរៀបចំដោយសមាគម និងវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន តាមវិធាននានា ដូចជា ក្រមនិងវិធានផ្ទៃក្នុងនៅក្នុងវិស័យរួមមាន វិធានផ្តល់ប្រាក់កម្ចី កិច្ច ការពារអតិថិជន និង ការដោះស្រាយបណ្តឹងជាដើម ជាពិសេសទៅទៀត សមាគមបានសម្របសម្រួល និងផ្តល់កម្មវិធីនានាដែលជា ការអប់រំផ្នែកហិរញ្ញវត្ថុ ជូនភាគីពាក់ព័ន្ធ ជាចំណែកដើម្បីជ្រុំជ្រែងភាពរឹងមាំនៃវិស័យរបស់យើង”។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១នៃធនាគារជាតិនៃកម្ពុជា បានថ្លែងថា “សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងក្រមសីលធម៌ និងសមត្ថភាពសម្រាប់ថ្នាក់ដឹកនាំជួរមុខរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលបាននិងកំពុងផ្តល់សេវា ជាចាំបាច់សម្រាប់ប្រជាជនកម្ពុជា។ ដើម្បីធានាបាននូវនិរន្តរភាពវិស័យ ក៏ដូចជាការផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ ប្រធានសាខានីមួយៗ ត្រូវធានាបានថាសេវារបស់ខ្លួនធ្វើឱ្យ អតិថិជនទទួលបានជោគជ័យពិតប្រាកដ ហើយនេះទើបជាជោគជ័យពិតរបស់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here