ក្រុមហ៊ុនក្នុងស្រុកមួយគ្រោងបង្កើតតំបន់ពាណិជ្ជកម្មសេរីឌីជីថល ដើម្បីឆើ្លយតបនឹងកំណើនសេដ្ឋកិច្ច

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនមួយក្នុងសម្ព័ន្ធ Royal Group មានផែនការក្នុងការបង្កើតគម្រោងតំបន់ពាណិជ្ជកម្មសេរីឌីជីថល (Digital Free Trade Zone-DFTZ) ដើម្បីសម្រួលដល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

នេះជាគម្រោងកិច្ចសម្រួលពាណិជ្ជកម្មមួយ អាចជួយគ្រប់គ្រង ផ្ទុក និងវិភាគទិន្នន័យដែលគ្មានក្រដាសស្នាមប្រកបដោយភាពសុក្រឹតខ្ពស់ ភាពប្រាកដប្រជា និងចំណាយតិច សម្រាប់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ នេះបើយោងតាមក្រុមហ៊ុនលើកឡើងកាលពីពេលថ្មីៗនេះ
ក្រុមហ៊ុនបានបង្ហាញគម្រោងនេះក្នុងអំឡុងពេលបើកវេទិការពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរ៉ូយ៉ាល់គ្រុប (Royal Group) នៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធ។

តំណាងក្រុមហ៊ុនបានអះអាងថា “គម្រោងនេះក៏នឹងផ្តល់ផលប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេចបានគោលដៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ ២០២៣”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីចុងខែកក្កដា កន្លងទៅនេះ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ និងក្រុមការងារអន្តរក្រសួងពន្លឿនការងារបញ្ចប់សេចក្តីព្រាងឯកសារទស្សនទានស្តីពីគោលនយោបាយរដ្ឋាភិបាលឌីជីថល និងត្រូវមានភាពស៊ីចង្វាក់គ្នាជាមួយគោលនយោបាយសេដ្ឋកិច្ចឌីជីថល។

លោកថ្លែងថា “ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលត្រូវដើរទន្ទឹមគ្នានឹងការរៀបចំនូវប្រព័ន្ធអភិបាលកិច្ចឯកភាពរួមមួយដែលគ្រប់ក្រសួងស្ថាប័ន បំពេញ មុខងាររៀងៗខ្លួនជាទម្រង់ឌីជីថល។ រដ្ឋាភិបាលឌីជីថលជាផ្នែកដ៏សំខាន់មួយរបស់សេដ្ឋកិច្ចឌីជីថល”។

សេចក្ដីព្រាងផែនការយុទ្ធសាស្ដ្ររដ្ឋាភិបាលអេឡិចត្រូនិកកម្ពុជាឆ្នាំ ២០១៨-២០២៣ ដែលព្រាងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្របជាមួយនឹងផែនការមេ ICT កម្ពុជា ឆ្នាំ ២០២០ និងគោលនយោបាយ Telecom-ICT ឆ្នាំ ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here