ដោយៈសុខុម
ម៉ានីល: ទីផ្សារលំនៅដ្ឋានក្នុងប្រទេសហ្វីលីពីន ដែលជាសមាជិកមួយរបស់អាស៊ាន នៅតែបន្តដាំក្បាលចុះខ្លាំង បើទោះបីជាស្ថានភាពសេដ្ឋកិច្ចប្រទេសនេះ មានភាពប្រសើរឡើងជាបណ្តើរៗក្ដី។ នេះបើយោងតាមគេហទំព័រ Global Property Guide ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា។

ទិន្នន័យបង្ហាញថា តម្លៃជាមធ្យមនៃខុនដូ ដែលមាន៣បន្ទប់គេងនៅសង្កាត់ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម Makati CBD នៃរដ្ឋធានីម៉ានីល បានធ្លាក់ចុះរហូតដក់ទៅ៩,៨១% ក្នុងឆ្នាំ២០២១ បន្ទាប់ពីធ្លាក់ថ្លៃ១៦,១១%ក្នុងឆ្នាំ២០២០។ ត្រីមាសធៀបនឹងត្រីមាស តម្លៃផ្ទះនៅសង្កាត់Makati CBD បានធ្លាក់ចុះ១,០៩%ក្នុងត្រីមាសទី៤ ឆ្នាំ២០២១។
*សម័យកាលផ្ទះហក់ឡើងថ្លៃខ្ពស់បានបញ្ចប់ហើយ
តម្លៃផ្ទះក្នុងប្រទេសហ្វីលីពីន ធ្លាប់បានហក់ឡើងស្រឺតៗ កប់ពពកពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ ដោយតម្លៃផ្ទះនៅសង្កាត់ Makati CBD បានហក់ឡើងរហូតដល់១៣២% ដោយសារមានតម្រូវការខ្លាំង និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។
ទោះជាយ៉ាងណា ក្រោយពីសេដ្ឋកិច្ចក្នុងស្រុក ធ្លាក់ចុះគួបផ្សំនឹងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន ទីផ្សារលំនៅដ្ឋានរបស់ហ្វីលីពីន បានដាំក្បាលចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០១៩។ អ្វីដែលធ្វើឱ្យទីផ្សារលំនៅដ្ឋាននេះ ធ្លាក់ចុះកាន់តែខ្លាំងជាងនេះទៅទៀតនោះ គឺការផ្ទុះការរីករាលដាលវីរុសកូវីដ-១៩។ វិបត្ដិសកលនេះបានឱ្យតម្លៃផ្ទះ ធ្លាក់ចុះតួលេខពីរខ្ទង់ចាប់តាំងពីឆ្នាំ២០២០ មក។
ទិន្នន័យបង្ហាញថា តម្លៃខុនដូ ឬអាផាតម៉ិននៅតំបន់ Metro Manila មានតម្លៃប្រមាណ៣.៩៥២ដុល្លារក្នុងមួយម៉ែត្រការ៉េ។
រដ្ឋាភិបាលហ្វីលីពីន កំពុងកំណត់គោលដៅកំណើនសេដ្ឋកិច្ច ប្រកបដោយមហិច្ឆតាចន្លោះពី៧% ទៅ៩%នៅឆ្នាំ២០២២ នេះ។ មុនពេលផ្ទុះវិបត្តិកូវីដ-១៩ សេដ្ឋកិច្ចរបស់ហ្វីលីពីន ទទួលបានកំណើនជាមធ្យម៦,៤%ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៩៕ Global Property Guide៕







