ចំណេះដឹង: តើអ្វីទៅជាប្រភេទអាជីវកម្ម B2B និង B2C?

ដោយ: ម៉ាលីស

ភ្នំពេញ: ការបើកអាជីវកម្មមួយ មិនមែនជារឿងងាយស្រួលនោះទេ មានគន្លឹះជាច្រើន ដែលអ្នកត្រូវឈ្វេងយល់ និងរៀនសូត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មួយវិញទៀត អ្នកក៏ត្រូវធ្វើការសម្រេចចិត្តដែរថា តើអាជីវកម្មប្រភេទណាដែលអ្នកចង់ចាប់ផ្ដើម។ ដោយឡែកក្នុងអត្ថបទសម្រាប់ថ្ងៃនេះ យើងនឹងលើកយកអាជីវកម្មពីរប្រភេទមកបកស្រាយ នោះគឺ B2B និង B2C។

B2B ឬពាក្យពេញហៅថា Business to Business គឺជាប្រភេទអាជីវកម្មដែលផ្ដល់សេវាកម្ម ឬផ្គត់ផ្គង់ផលិតផល រវាងអាជីវកម្មមួយ ទៅកាន់អាជីវកម្មមួយទៀត។

ជាទូទៅ ទំនាក់ទំនងអាជីវកម្មប្រភេទនេះ កើតឡើងក្រោមរូបភាពពីរ (១) រវាងអ្នកផលិត ទៅកាន់អ្នកផ្គត់ផ្គង់ ឬទៅកាន់អ្នកចែកចាយបន្ត (២) ពីអ្នកចែកចាយបន្ត ទៅកាន់អ្នកលក់រាយទូទៅ។

ត្រង់ចំណុចនេះ ដើម្បីឲ្យកាន់តែច្បាស់ យើងសូមលើកឧទាហរណ៍ពីដំណើរការលក់ និងការផលិត របស់រោងចក្រផលិតសម្លៀកបំពាក់មួយមកពន្យល់។

ក្នុងដំណើរការផលិត រោងចក្រនឹងត្រូវការវត្ថុធាតុដើម ដូច្នេះរោងចក្រនឹងទាក់ទងទៅអ្នកដែលអាចផ្ដល់នូវវត្ថុធាតុដើម ដែលពួកគេត្រូវការ ហើយបន្ទាប់ពីផលិតបានសម្លៀកបំពាក់ចេញជារូបរាង រោងចក្រនឹងលក់ទៅកាន់អ្នកចែកចាយបន្ត ដែលត្រង់នេះគឺស្ថិតនៅក្រោមរូបភាពទី១។ បន្ទាប់មកអ្នកចែកចាយ ឬអ្នកបោះដុំ នឹងលក់ទៅកាន់អ្នកលក់រាយទូទៅ ដែលនេះស្ថិតក្នុងរូបភាពទី២។

ចំណែក B2C គឺបានមកពីពាក្យថា Business to Consumer សំដៅដល់ប្រភេទអាជីវកម្មដែលផ្ដល់សេវាកម្ម ឬផលិតផលរវាងអ្នកលក់ ទៅកាន់អតិថិជនចុងក្រោយ។ ទំនាក់ទំនងនៃអាជីវកម្មប្រភេទនេះ ជាក់ស្ដែងយើងអាចមើលឃើញក្នុងដំណើរការលក់ក្នុងផ្សារ ឬតូបចាប់ហ៊ួយទូទៅ។

ដោយដកស្រង់ឧទាហរណ៍ នៃដំណើរការលក់សំលៀកបំពាក់ ដូចខាងលើ បន្ទាប់ពីអ្នកចែកចាយបន្ត បានលក់ទំនិញទៅកាន់អ្នកលក់រាយទូទៅហើយ អ្នកលក់រាយ នឹងលក់ទៅកាន់អតិថិជនចុងក្រោយដោយផ្ទាល់ នេះហើយហៅថាអាជីវកម្ម B2C។

ជាទូទៅ B2B គឺផ្ដោតលើអតិថិជនជាងផលិតផលផ្ទាល់ ព្រោះទីផ្សាររបស់ B2B មិនសូវទូលំទូលាយដូច B2C ទេ។ ដូច្នេះដើម្បីទាញយកទំនុកចិត្តពីអតិថិជនបាន ការកសាងទំនាក់ទំនងល្អគឺមានភាពសំខាន់ណាស់សម្រាប់ B2B ។

ចំណែក B2C ច្រើនផ្ដោតលើផលិតផលជាង ព្រោះ B2C ត្រូវលក់ទៅកាន់អតិថិជនដែលជាអ្នកប្រើប្រាស់ដោយផ្ទាល់ ដូច្នេះប្រសិនបើផលិតផលមិនមានគុណភាព នោះក៏គ្មានអ្នកទិញដែរ។

ផលចំណេញ និង តម្លៃ៖ សម្រាប់ B2C តម្លៃលក់គឺនៅក្នុងកម្រិតតែមួយ និង អាចបញ្ចុះតម្លៃបានតាមការតថ្លៃរបស់អតិថិជន ហើយផលចំណេញគឺបានច្រើនជាង B2B ព្រោះត្រូវលក់ក្នុងតម្លៃរាយ។

ដោយឡែកចំពោះ B2B តម្លៃលក់គឺត្រូវបានបញ្ចុះ និងទូទាត់តាមបរិមា​ណរបស់ផលិតផល ឬតាមការកម្មង់ទិញរបស់ម៉ូយប្រចាំ ហើយតម្លៃអាចនឹងទាបជាងបើប្រៀបធៀបជាមួយ B2C ព្រោះត្រូវលក់ក្នុងតម្លៃបោះដុំ។

ក្នុងការធ្វើទីផ្សាររបស់ B2B គឺគេច្រើនផ្ដោតលើគុណភាព តម្លៃ និង ទិដ្ឋ​ភាពសំខាន់ៗមួយចំនួនទៀត ធ្វើយ៉ាងណាឲ្យអតិថិជនចាប់អារម្មណ៍ ហើយបំប្លែងការចាប់អារម្មណ៍នោះ ទៅកាន់ការរកស៊ីជាមួយគ្នា ពោលគឺទិញផលិតផល។ ចំណែកការធ្វើទីផ្សាររបស់ B2C គឺគេផ្ដោតសំខាន់លើអតិថិជនគោលដៅ ផ្សព្វផ្សាយយ៉ាងណាឲ្យចំអតិថិជន ដើម្បីឲ្យពួកគេទិញផលិតផល៕

LEAVE A REPLY

Please enter your comment!
Please enter your name here