ដោយៈ សុធារី
ភ្នំពេញៈ អតិផរណា គឺជាការកើនឡើងនៃថ្លៃទំនិញ និងសេវាកម្ម។ មូលហេតុដែលបណ្តាលឲ្យមានអតិផរណាមានពីរ ទី១ កើតឡើងនៅពេលដែលតម្រូវការលើទំនិញ និងសេវាកម្មកើនឡើងខ្លាំង ដែលបណ្តាលឲ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់។
ទី២ កើតឡើងនៅពេលដែលថ្លៃនៃទំនិញកើនឡើង ព្រោះថ្លៃដើមនៃការផលិតដូចជាវត្ថុធាតុដើម និងប្រាក់ឈ្នួលបុគ្គលិកក៏កើនឡើងដែរ។
អតិផរណាមានបួនប្រភេទដូចជា
ប្រភេទទី១ Creeping/Mild Inflation ថ្លៃទំនិញកើនឡើងត្រឹមតែ៣% ក្នុងមួយឆ្នាំ ឬតិចជាងនេះ។ ប្រសិនបើថ្លៃទំនិញស្ថិតនៅចន្លោះនេះ វានឹងផ្តល់អត្ថប្រយោជន៍ដល់ការលូតលាស់របស់សេដ្ឋកិច្ច។ តម្រូវការរបស់អតិថិជនកើនឡើងជាងមុន ព្រោះអតិថិជនរំពឹងថាតម្លៃទំនិញនឹងកាន់តែកើនឡើង។
ប្រភេទទី២ Walking Inflation ថ្លៃទំនិញកើនឡើងនៅចន្លោះ៣ទៅ១០%ក្នុងមួយឆ្នាំ។ វាអាចមានគ្រោះថ្នាក់ដល់សេដ្ឋកិច្ឋដែរ ព្រោះប្រជាជននាំគ្នាទិញទំនិញកាន់តែខ្លាំងដោយពួកគេគិតថា តម្លៃទំនិញនឹងកាន់តែថ្លៃនៅថ្ងៃស្អែក ឬអាចនិយាយបានថាតម្លៃរបស់លុយកាន់តែធ្លាក់ចុះ។
នៅពេលដែលគេមិនអាចគ្រប់គ្រង walking inflation បាន galloping inflation នឹងកើតមាន។
ប្រភេទទី៣ Galloping Inflation ថ្លៃទំនិញកើន១០%ឬលើសពីនេះ។ លុយកាន់តែបាត់បង់តម្លៃ។ អ្នកវិនិយោគព្យាយាមកាត់បន្ថយការវិនិយោគ ព្រោះមិនចង់ខាតបង់កាន់តែខ្លាំង។ សេដ្ឋកិច្ចបាត់បង់ស្ថិរភាព។
ប្រភេទទី៤ Hyperinflation ថ្លៃទំនិញកើនឡើងច្រើនជាង៥០%ក្នុងមួយខែ។ ប៉ុន្តែករណីនេះកម្រកើតមានណាស់។ ករណីនេះច្រើនតែកើតមានពេលសង្រ្គាម ព្រោះការបោះពុម្ពក្រដាស់ប្រាក់ច្រើនជាងមុន។
ផ្ទុយពីអតិផរណា ការធ្លាក់ចុះនៃថ្លៃទំនិញនិងសេវាកម្មត្រុវបានហៅថា បរិត្តផរណា។ បរិត្តផរណាកើតឡើងនៅពេល ដែលការផ្គត់ផ្គង់ខ្ពស់ជាងតម្រូវការ និងនៅពេលដែលអំណាចនៃការទិញរបស់លុយ (purchasing power) កាន់តែកើនឡើងឬនៅពេលដែលបរិមាណរូបិយវត្ថុត្រូវបានកាត់បន្ថយ។
ប្រជាជនលែងចំណាយលុយ ព្រោះពួកគេគិតថាលុយរបស់ពួកគេ នឹងកាន់តែមានតម្លៃនៅថ្ងៃស្អែក។ នៅពេលដែលបរិត្តផរណាកើតឡើង វាអាចនឹងបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ច ព្រោះតម្រូវការធ្លាក់ចុះ នាំឲ្យការវិនិយោគកាន់តែមានតិចទៅៗ៕