អ្នកនាំចូលនិងអ្នកលក់សម្ភារៈសំណង់ថា កំណើនទីផ្សារចាប់ផ្ដើមឡើងវិញបន្តិចនៅបច្ចុប្បន្ន

ដោយ លក្ខិណា

ភ្នំពេញ ៖ ក្រុមអ្នកជំនួញលើវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីការចាប់ផ្តើមឡើងវិញ បន្ទាប់ពីបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ក្នុងរយៈជាច្រើនខែមកនេះ ។ បើទោះជាបញ្ហានេះនៅមិនទាន់បានបញ្ចប់ទាំងស្រុងនៅឡើយក្តី សម្រាប់ប្រទេសកម្ពុជាវិស័យសំណង់បានរងផលប៉ះពាល់មួយផ្នែកធំក៏ពិតមែន តែគេមើលឃើញថា សំណង់លំនៅឋាននិងអគារជាច្រើជាច្រើនទៀតនៅតែមានការសាងសង់ជាបន្តបន្ទាប់ និងបានងើបឡើងវិញក្រោយពីស្ថាននៅកម្ពុជានិងបណ្ដាប្រទេសមួយចំនួនបានធូរស្រាលបន្តិចវិញ ។

មានប្រសាសន៍នៅក្នុងពិធីសម្ពោធសាខាចែកចាយគ្រឿងសំណង់ លោកឧកញ៉ា ហួត ជា ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន ហួត ជា នាំចូល និង ចែកចាយគ្រឿងសំណង់នៅក្នុងកម្ពុជា បានបង្ហាញពីការតាំងចិត្តបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ និងបង្កើតទីផ្សារឱ្យបានកាន់តែច្រើន ដើម្បីបំពេញតម្រូវការអតិថិជន និងដៃគូររបស់ខ្លួនទូទាំងប្រទេស ទោះស្ថិតក្នុងដំណាក់ នៃការរីករាលដាលជំងឺកូវី១៩នេះយ៉ាងណាក្តី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបន្តថា ក្នុងដំណាក់កាលនេះ អាជីវកម្មលើវិស័យសំណង់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ អាជីវកម្មមួយចំនួនដែលគ្មានម៉ាកសញ្ញាច្បាស់លាស់ ឬចាប់ផ្តើមឡើងតូចពេកងាយនឹងបិទអាជីវកម្មទៅវិ ញ។ លោកថា៖« ដើម្បីឱ្យអាជីវកម្មមួយមានស្ថិរភាព គម្បីម្ចាស់អាជីវកម្មជ្រើសផលិតផល ម៉ាកយីហោនិងដៃគូរដែលឈរជើងរឹងមាំនៅក្នុងទីផ្សារទូទាំងប្រទេស មានការជួយគាំទ្រជាស្មារតី សម្ភារៈ បច្ចេកទេសនិងបទពិសោធន៍នៅលើទីផ្សារដោយការទទួលខុសត្រូវគ្រប់បែបយ៉ាង» ។

ដោយឡែកលោក Ben Li អ្នកអភិវឌ្ឍន៍គម្រោងខុនដូ ដ៏ធំមួយមួផ្លូវ៦០ម៉ែត្របានលើកឡើងថា កាលដើមឆ្នាំ ២០២០ ឬកាលពីកូវីដ១៩បានចាប់ផ្ដើមដំបូងៗ ឃើញថា សកម្មភាពនៃការលក់គម្រោងរបស់ខ្លួនបានថមថយពិតមែន ក៏ប៉ុន្តែវាបានចាប់ផ្ដើមកក្រើកឡើងវិញក្នុងរយៈពេលពីរបីខែក្រោយនេះ ជាមួយនឹងកំនើននៃការលក់ក៏ចាប់ផ្ដើមជាបន្តបន្ទាប់ ។

លោករំពឹងថានៅចុងឆ្នាំនេះ ឬក៏ដើមឆ្នាំក្រោយ វិស័យសំណង់ជាពិសេសខុនដូ នឹងអាចមានសន្ទុះងើបឡើងបន្ថែមទៀត ជាមួយនឹងកំណើនវិនិយោគិនថ្មីៗ មកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា ខណៈកម្ពុជានៅតែមានសក្ដានុពលខ្ពស់ក្នុងការវិនិយោគ ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជា លោក ច្រឹក សុខនីមក៏រំពឹងដូច្នេះថា មិនយូរមិនឆាប់ ជំងឺកូវីដ១៩នឹងរលាយបាត់ពីផែនដីនេះ ព្រោះថាអ្នកវិទ្យាសាស្ត្របានបង្ហាញពីតម្រុយនៃវ៉ាក់សាំងកំចាត់មេរោគនេះហើយ ។នៅពេលមេរោគនេះ ត្រូវបានរលាយបាត់ អ្នកវិនិយោគ អ្នកទេសចរនឹងចាប់ផ្ដើមសកម្មភាពឡើយវិញ ហើយវាក៏ជាពេលវេលានៃការចាប់ផ្ដើមអ្វីៗទាំងអស់ដែលត្រូវគាំងកន្លមកដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here