ក្រុមហ៊ុនបចេ្ចកវិទ្យាហិរញ្ញវត្ថុសឹង្ហបុរី ពង្រីកវត្តមានរបស់ខ្លួននៅខេត្តព្រះសីហនុ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ក្រុមហ៊ុនបចេ្ចកវិទ្យាហិរញ្ញវត្ថុ Fincy ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី បានប្រកាសការពង្រីកវត្តមានរបស់ខ្លួនដល់ក្រុងព្រះសីហនុដើម្បីចាប់យកនូវឱកាសនៃការរីកចម្រើននៃអាជីវកម្ម។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សារក្នុងសប្តាស៍នេះ។

ចាប់តាំងពីបើកដំណើរការអាជីវកម្មរបស់ Fincy នៅកម្ពុជាចាប់ពីដើមឆ្នាំនេះ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពី NBC អាជីវកម្មរបស់ខ្លួនទទួលបានអត្រាកំណើនលើសពីការរំពឹងទុក ដោយទទួលបានអាជីវករជិត ៦០០ នាក់ នៅក្រុងភ្នំពេញ និងជាមួយនឹងមូលដ្ឋានប្រើប្រាស់កម្មវិធីដែលរីកចម្រើនយ៉ាងរហ័សបំផុត យីហោ Fincy កំពុងបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Fincy ផ្ដល់ជូនសេវាទូទាត់ឌីជីថលដែលមានមុខងារខ្ពស់បំផុត និងគួរឲ្យទុកចិត្តដែលផ្ដល់ការទូទាត់ ការផ្ទេរប្រាក់ និងមុខងារសេវាបើកប្រាក់ខែ។ ទាំងអស់នេះត្រូវបានបង្កើតឡើងនៅលើបច្ចេកវិទ្យា blockchain ដែលមានសុវត្ថិភាព និងតម្លាភាព។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន។

ក្រុមហ៊ុននេះ បានអះអាងថា “ដើម្បីបម្រើឲ្យបានកាន់តែប្រសើរដល់តម្រូវការដែលកើនឡើងនេះ Fincy សម្រេចបើកដំណើរការនៅក្នុងក្រុងព្រះសីហនុ ជាមួយនឹងប្រព័ន្ធភ្នាក់ងារក្នុងស្រុក។ អាជីវកររបស់ Fincy ក្នុងស្រុកមានឱកាសក្នុងការក្លាយទៅជាភ្នាក់ងារ Fincy ប្រសិនបើពួកគេឆ្លងផុតលក្ខខណ្ឌតម្រូវមួយចំនួនដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាលរបស់ Fincy”។

កាលពីខែមីនាធនាគារជាតិនៃកម្ពុជា (NBC) បានជំរុញឲ្យបណ្ដាក្រសួងរបស់រដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ និងសាធារណជន ធ្វើការទូទាត់ដោយគ្មានសាច់ប្រាក់ តាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលអាចប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩។

បើយោងតាមរបាយការណ៍របស់ NBC ចំនួនគណនីប្រើប្រាស់សេវាទូទាត់តាមអេឡិចត្រូនិកសកម្មបានកើនឡើង ៥,២២ លាន កាលពីឆ្នាំមុន ដោយកើនឡើង ៦៤ ភាគរយ ធៀបនឹងឆ្នាំ ២០១៨។
NBC បង្ហាញថា ទំហំទឹកប្រាក់ផ្ទេរតាមរយៈធនាគារ និងគ្រឹះស្ថានសេវាកម្មទូទាត់ប្រាក់ (PSIs) មានចំនួន ៥៧,៩៩ ពាន់លានដុល្លារ កាលពីឆ្នាំមុន ឬ ២១៣ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ ទន្ទឹមនឹងនេះការទូទាត់ចល័តតាមរយៈធនាគារ និង PSIs ស្មើនឹង ២២,៩ ភាគរយ នៃ GDP កាលពីឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here