ការលក់រថយន្តរបស់ក្រុមហ៊ុននាំចូលឈានមុខគេមួយនៅកម្ពុជា ធ្លាក់ចុះ១០ភាគរយ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ការលក់រថយន្តស៊េរីថ្មីៗនិងទំនើបដែលមានដូចជា ហ្វដ Range Rover និង Jaguar នៅកម្ពុជារបស់ក្រុមហ៊ុន RMA បានធ្លាក់ចុះប្រមាណ១០ភាគរយ ក្នុងរយៈពេលចចាង១ឆមាសនេះ។ នេះ បើតាមលោកងន សាំងអគ្គនាយកក្រុមហ៊ុនRMA Cambodia។

លោកបានបន្តថា ចាប់តាំងពីដើមឆ្នាំមក ពោលគឺចាប់តាំងមានកូវីដ១៩ ការលក់រថយន្តមិនថាតែរបស់ក្រុមហ៊ុន RMA គឺមានការថយចុះនិងធ្លាក់ចុះ ដោយសារតែពលរដ្ឋជួបនឹងការបាត់បង់ចំណូល ហើយតម្រូវការនៃការប្រើប្រាស់រថយន្តថ្មីៗក៏មិនសូវមាន ក៏ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ឃើញថាកំណើនទីផ្សារថយន្តក៏បានងើបឡើងវិញបន្តិចវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩នៅកម្ពុជាធូរស្រាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានបន្តថា កាលពីឆ្នាំមុនៗ សម្រាប់ភ្ញៀវដែលកុម្មង់រថយន្តពីក្រុមហ៊ុន គឺត្រូវការរង់ចាំរយៈពេលពីមួយខែ ទៅ២ខែ ដោយសារតែរថយន្តមានកុម្មង់ច្រើនពីភ្ញៀវនិងមិនមាននៅក្នុងស្តុកឡើយ ក៏ប៉ុន្តែឆ្នាំនេះក្រុមហ៊ុនមានរថយន្តគ្រប់គ្រាន់សម្រាប់ផ្ដល់ជូនភ្ញៀវបានទាន់ពេលវេលាជាពិសេសរថយន្តហ្វដ ។

លោក បានបន្ថែមថា ក្នុងចំណោមម៉ាករថយន្តទាំងអស់របស់ក្រុមហ៊ុន RMA ឃើញថាហ្វដនៅតែមានការលក់ដាច់ច្រើនជាងគេ ព្រោះបើធៀបនឹងតម្លៃរវាងរថយន្តផ្សេងៗដូចជា Jaguar និង Range Rover រថយន្តហ្វដមានតម្លៃធូរជាង ហើយមានតម្រូវការច្រើនជាង ជាពិសេសរថយន្តប្រភេទ ភីកអាប់ ។

ទោះបីជាយ៉ាងក៏ដោយ ក៏លោករំពឹងថា បន្ទាប់ពីកូវីដ១៩ អស់ពីពិភពលោក កំណើនទីផ្សាររថយន្តនៅកម្ពុជានឹងល្អប្រសើរឡើង ជាពិសេសនៅចុងឆ្នាំ និងឆ្នាំក្រោយ ។

ចំណែករថយន្តដែលតាំងលក់នៅតាមយានដ្ឋានផ្សេងៗក៏ឃើញថា មានកំណើនគួរឱ្យកត់សម្គាល់ឡើងវិញផងដែរ ក្នុងរយៈពេលថ្មីៗនេះ ដោយមានអ្នកបញ្ជាទិញជាហូរហែរ ទាំងរថយន្តតម្លៃសមរម្យ និងរថយន្តតម្លៃខ្ពស់ៗផងដែរ ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល១ឆមាសដើមឆ្នាំ ២០២០នេះ កម្ពុជាបាននាំចូលមធ្យោបាយធ្វើដំណើរ ពីបរទេសមានតម្លៃចំនួន ៤១៤ ៧២៥ គ្រឿង ដែលមានតម្លៃសរុបជិត ៦៣៥ លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ។

របាយការណ៍ដដែលបង្ហាញថា ការនាំចូលរថយន្តទេសចរណ៍មានតម្លៃ ២៨០,៦៥ លានដុល្លារ ស្មើនឹងចំនួន ២៥ ៤៨៣ គ្រឿង រថយន្តដឹកទំនិញ មានតម្លៃ ១៩៤,៤៧ លានដុល្លារ ស្មើនឹង ១៣ ៨១២ គ្រឿង រថយន្តដឹកអ្នកដំណើរ មានតម្លៃ ២០,៦៨ លានដុល្លារ ក្នុងបរិមាណ ១ ២១២ គ្រឿង និងរថយន្តផ្សេងទៀតមានតម្លៃ ៣៥,៨៤ លានដុល្លារ ស្មើនឹង ១ ២៣១ គ្រឿង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here