NBC និងសមាគមCMA បានសហការគ្នាបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុដល់មន្ត្រីពាក់ព័ន្ធ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាថ្នាក់ស្រុក ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីផ្សព្វផ្សាយអំពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងនិន្នាការថ្មីៗ របស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

សិក្ខាសាលាដែលធ្វើឡើងប្រចាំខែតាមខេត្តនិមួយៗ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងផ្សព្វផ្សាយអំពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងនិន្នាការថ្មីៗ របស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសអំពីវិធានការនានារបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគត ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងសិក្ខាសាលានេះ មន្ត្រីធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ និង ផ្តល់អនុសាសន៍មួយចំនួន បន្ថែមលើវិធានការជាច្រើនរបស់ធនាគារជាតិនៃកម្ពុជាកន្លងមក។

លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ បានបង្ហាញចំណាប់អារម្មណ៍ថា “សិក្ខាសាលាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាផ្តល់ឱកាសឲ្យខ្ញុំ បានជំរាបជូនអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាធារណជនអំពីការវិវត្តថ្មីៗក្នុងវិស័យហិរញ្ញវត្ថុនៃប្រទេសកម្ពុជាយើង។

លោក បានបន្ថែមថា “ជាមួយគ្នានោះដែរ យើងខ្ញុំដែលជាប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ក៏នឹងទទួលបានផងដែរនូវអនុសាសន៍ល្អៗបន្ថែមទៀតពីសំណាក់ ឯកឧត្តម អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា អាជ្ញាធរមូលដ្ឋាន ដើម្បីយកទៅអនុវត្តនៅក្នុងប្រតិបត្តិការរបស់ខ្លួន ឲ្យកាន់តែមានភាពប្រសើរទ្បើងថែមទៀត”។

អង្គសិក្ខាសាលាបានទទួលកិត្តិយសចូលរួមអធិបតីភាព ដោយ លោក រ័ត្ន សុវណ្ណនរៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពី លោក និន សុខស្តី សមាជិកក្រុមប្រឹក្សាភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ ក្រុមការងារនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មន្ត្រីធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមូលដ្ឋាន។ សិក្ខាសាលានេះមានការចូលរួមសរុបប្រមាណ ១២០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here