ដោយៈម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាត្តឲ្យ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ ដែលប្រតិបត្តិការជើងហោះហើរពីប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីទៅកាន់ប្រទេសចិន ត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរជើងហោះហើរនៅក្រកម្ពុជា និងបំពេញប្រេងឥន្ធនៈ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សេរីវុត្ថាបានថ្លែងឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១១ កញ្ញានេះថា ការបើកឱ្យមានការផ្លាស់ប្តូរជើងហោះហើរនៅកម្ពុជាសម្រាប់ក្រុមហ៊ុនទាំង៥នេះ នឹងជួយបង្កើនសកម្មភាពហោះហើរបន្ថែម ខណៈភាគច្រើន អ្នកដំណើរតាមជើងហោះហើរជាអ្នកធ្វើការ និងអ្នកធុរកិច្ច។
លោកបានថ្លែងថា “ការបើកឱ្យមានការផ្លាស់ប្តូរជើងហោះហើរ គឺដើម្បីជួយឱ្យក្រុមហ៊ុនអាកាសចរណ៍ និងព្រលានយន្តហោះរបស់យើងមានសកម្ម ដូច្នេះបានជាយើងអនុញ្ញាតឱ្យការចុះចត តែយើងត្រូវដាក់វិធានការតឹងតែង ដើម្បីត្រួតពិនិត្យបញ្ហាសុខភាពសាធារណ”។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ស្ថានភាពជើងហោះហើរបច្ចុប្បន្ន នៅតែមានស្ថានភាពដដែល ដោយសារយើងមានវិធានការតឹងតែង។ យើងសង្ឃឹមថា ដំណើរជើងហោះហើរនឹងចាប់ ផ្តើមមានបណ្តើរៗឡើងវិញ ហើយចប្ចុប្បន្នសឹង្ហបុរីបានពាក្យមកកម្ពុជា ដើម្បីភ្ជាប់ជើងហោះហើរនៅខែកញ្ញានេះ ហើយបន្ទាប់ពីវាយតម្លៃការហោះហើរ គាត់ខាតបង់ច្រើន ប៉ុន្តែគាត់បើកជើងហោះហើរបែប Chartered Flight នៅពេលណាមានអ្នកដំណើរទើបគាត់បើកការហោះហើរ។
យោងតាមលិខិតចុះនៅថ្ងៃទី៧ ខែកញ្ញា របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនCambodia Angkor Air ក្រុមហ៊ុន Cambodia Airways ក្រុមហ៊ុន Lanmei Airlines ក្រុមហ៊ុន JC (Cambodia) International Airlines និងក្រុមហ៊ុន Sky Angkor Airlines។
លិខិតបានឱ្យដឹងថា ក្រុមហ៊ុនអាកាចរណ៍នានា មិនត្រូវអនុញ្ញាតឱ្យអ្នកដំណើរចេញព្រលាន និងចូលមកប្រទេសកម្ពុជាឡើយ។លិខិតដដែលបានឱ្យដឹងថា “ក្រុមហ៊ុនត្រូវឱ្យអ្នកបម្រើ តាមជើងហោះហើរទាំងអស់ពិនិត្យ និងតេស្តរកជំងឺCOVID-19 ដោយអនុវត្តវិធានការណ៍បង្ការរបស់ក្រសួងសុខាភិបាល”។
កាលពីខែមុនរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ដោយប្រកាសផ្អាកជាបណ្តោះអាសន្ន នូវជើងហោះហើរពីប្រទេសហ្វីលីពីន ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១៣ ខែសីហាបន្ទាប់ពីជនជាតិចិន១៣នាក់ ត្រូវបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់យន្តហោះអាយឌីអាយ១៩ បន្ទាប់ពីបានហោះហើរពីប្រទេសហ្វីលីពីន។
កាលពីដើមខែសីហា រដ្ឋាភិបាលក៏បានហាមឃាត់ជាបណ្តោះអាសន្ន នូវរាល់ជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតដល់សាធារណជន៕