តើប្រទេសណាដែលប្រមូលពន្ធលើចំណេញមូលធនច្រើនបំផុតក្នុងតំបន់អាស៊ី?

ដោយៈសុផារី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសប្តាហ៍នេះ បានសម្រេចឱ្យពន្យាកាលបរិចេ្ចទកំណត់ លើការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤។


អគ្គនាយដ្ឋានពន្ធដារបានគូសបញ្ជាក់ថា ដោយផ្អែកលើការសិក្សាបទពិសោធន៍ពីបណ្តាប្រទេសនានា និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា ពន្ធលើចំណេញមូលធន ត្រូវបានកំណត់យកអត្រា២០ភាគរយ ទៅលើផលចំណេ​ញសម្រេចបាន តែមិនមែន២០ភាគរយនៃតម្លៃលក់នោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើក្រលេកមកមើលបណ្តាប្រទេសផ្សេងៗ នៅក្នុងតំបន់ និងបណ្តាប្រទេសជាច្រើននៅជិតខាងកម្ពុជា ក៏បានអនុវត្តពន្ធលើចំណេញមូលធននេះដែរ ហើយប្រទេសខ្លះកំណត់អត្រាខ្ពស់ជាងកម្ពុជានិងខ្លះទាបជាង។

ប្រទេសមួយចំនួនក្នងតំបន់អាស៊ី ដូចជា សាធារណរដ្ឋកូរ៉េខាងត្បូងអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រាខ្ពស់រហូតដល់ទៅ៤២ភាគរយ តៃវ៉ាន់ក្នុងអត្រា៣៥ភាគរយ ប្រទេសបង់ក្លាដេសក្នុងអត្រា៣០ភាគរយ និងប្រទេសឥណ្ឌាក្នុងអត្រា៣០ភាគរយ ប្រទេសចិនក្នុងអត្រា២០ភាគរយជាដើម។

ចំណែកប្រទេសអាស៊ានដូចជា ប្រទេសថៃក្នុងអត្រា៣៥ភាគរយ ប្រទេសហ្វីលីពីនក្នុងអត្រា៣២ភាគរយ ប្រទេសឡាវក្នុងអត្រា២៤ភាគរយ ប្រទេសមីយ៉ាន់ម៉ាក្នុងអត្រា១០ភាគរយ ប្រទេសម៉ាឡេស៊ីនិងប្រទេសឥណ្ឌូណេស៊ីក្នុងអត្រា៥ភាគរយ និងប្រទេសវៀតណាមក្នុងអត្រា០,១ភាគរយ។

សម្រាប់ប្រទេសមួយចំនួន មាននយោបាយមិនគិតពន្ធលើចំណេញមូលធន (ក្នុងអត្រាសូន្យភាគរយ) ដូចជា ប្រទេសសិង្ហបុរី ហុងកុង និងប្រទេសប៉ាគីស្ថានជាដើម។

សម្រាប់កម្ពុជា ពន្ធលើចំណេញមូលធន ត្រូវបានប្រកាសពន្យាពេលពីរដង ដោយដំបូងឡើយគ្រោងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានលើកពេលដល់ឆ្នាំ២០២២ ហើយនឹងកំណត់ការអនុវត្តឡើងវិញចាប់ពីឆ្នាំ២០២៤។

បើតាមអគ្គនាយកដ្ឋានពន្ធដារ មូលធនឬទ្រព្យដែលជាកម្មវត្ថុជាប់ពន្ធលើចំណេញមូលធនមាន៦ប្រភេទដូចជា អចលនទ្រព្យ ទ្រព្យវិនិយោគ កេរ្តរិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស និងភតិសន្យា៕

LEAVE A REPLY

Please enter your comment!
Please enter your name here