ដោយ: ម៉ាលីស
ភ្នំពេញ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសកម្ពុជាបានលើកទឹកចិត្តឱ្យមានការអភិវឌ្ឍសមត្ថភាពសិប្បករកែច្នៃប្លាស្ទិកក្នុងស្រុកកាន់តែច្រើនបន្ថែមទៀត ដើម្បីលើកកម្ពស់បរិស្ថាននិងសុខភាព។
ក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍសមត្ថភាពសិប្បករកែច្នៃប្លាស្ទិកក្នុងស្រុក នៅថ្ងៃទី៩ ខែមីនានេះ លោក ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា ក្រសួងមានជំហរជំរុញដល់កិច្ចការងារកែច្នៃសំណល់ប្លាស្ទីកឬសំណល់រឹង ក្នុងនោះមានការប្រមូល ការរៀបចំទុកដាក់ និងកែច្នៃ ដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាព។
លោកបង្ហាញនូវការគាំទ្រទាំងស្រុងចំពោះការរៀបចំសិក្ខាសាលានេះឡើងដើម្បីបំផុសស្មារតីគិតគូរពីបរិស្ថានតាមរយៈការកែច្នៃសំណល់ប្លាស្ទីកនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។
លោកបន្ថែមទៀតថា បច្ចុប្បន្ននេះក្រសួងមានវិទ្យាស្ថានស្តង់ដាជាសេនាធិការ ដើម្បីត្រួតពិនិត្យលើកិច្ចការទាំងអស់នេះ មានន័យថា ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ ដែលប្រើប្រាស់ប្លាស្ទិកដាក់តឿនគ្នាក្នុងការប្រមូលកែច្នៃឧបករណ៍សំរាមប្លាស្ទីកមកកែច្នៃ ដើម្បីធ្វើយ៉ាងឱ្យកម្ពុជាគ្មានសំរាមកង្វក់។
លោកក៏សង្ឃឹមថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សមត្ថភាពសិប្បករកែច្នៃប្លាស្ទិកក្នុងស្រុកនេះនឹងបន្តមាននៅតាមបណ្តាខេត្តទាំងអស់ក្រៅពីរាជធានីភ្នំពេញ។
លោក នេត មុនីប៉ុណ្ណាកា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា មន្ទីរបាននិងកំពុងសហការយ៉ាងពេញទំហឹងជាមួយសិប្បករទាំងអស់ លើកិច្ចការងារប្រមូលទិញ និងកែច្នៃសំណល់ប្លាស្ទីកនេះ ក្នុងនោះមានទាំងផ្នែកប្រមូលទិញនិងផ្នែកកែច្នៃសំណល់ទាំងនេះ ព្រមទាំងមានការបញ្ជ្រាបចំណេះដឹងពីការទុកដាក់សំរាមនេះ នៅតាមសាលារៀនផងដែរ៕