អ្នកប្រើប្រាស់ឥណទានពីស្ថាប័នហិរញ្ញវត្ថុនានាចំនួន៥៣ភាគរយ ជាសហគ្រិនស្រ្តី

ដោយៈម៉ាណែត

ភ្នំពេញៈ តាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជាចេញផ្សាយនៅថ្ងៃទី៩ មីនា ២០២២នេះបានឱ្យដឹងថា ចំនួនអ្នកខ្ចីប្រាក់ពីធនាគារនិងមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា មានចំនួនច្រើនជាងបុរស ក្នុងនោះអត្រាស្ត្រីទទួលបានប្រាក់កម្ចី មានរហូតដល់៥៣ភាគរយ ខណៈបុរសមានតែ៤៧ភាគរយ។

របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងចំណោមស្ត្រីទាំង៥៣ភាគរយដែលបានខ្ចីប្រាក់ពីធនាគារ និងមីក្រូហិរញ្ញវត្ថុ មានអាយុចន្លោះពី៣០ទៅ៣៩ឆ្នាំមានចំនួនច្រើន ក្នុងនោះ៧៥ភាគរយនៃអ្នកខ្ចី គឺមានអាយុចន្លោះពី២០ទៅ៤៩ឆ្នាំ ។

ក្នុងរបាយការណ៍ក៏បានបង្ហាញ ពីគោលដៅនៃការប្រើប្រាស់ប្រាក់កម្ចីរបស់អ្នកខ្ចីទាំងនោះដែរ ដោយចំនួន៤៩ភាគរយ គឺខ្ចីសម្រាប់ប្រើប្រាស់ជាអាជីវកម្មខ្នាតតូច ២៧ភាគរយជាកម្ចីផ្ទាល់ខ្លួន ដូចជា ការខ្ចីទិញម៉ូតូរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងៗ និង១៧ភាគរយជាកម្ចីសម្រាប់សង្គម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្ចីសម្រាប់អាជីវកម្មខ្នាតតូចរបស់ស្ត្រី នៅកម្ពុជា៣២ភាគរយជាអតិថិជន ដែលមានអាយុពី៣០ទៅ៣៩ឆ្នាំ និង២៤ភាគរយ ជាអតិថិជនដែលមានអាយុចន្លោះពី៤០ទៅ៤៩ឆ្នាំ ។ ចំណែកស្ត្រីដែលខ្ចីប្រាក់សម្រាប់ប្រើប្រាស់ផ្ទាល់ ភាគច្រើនមានអាយុពី៣០ ទៅ៣៩ឆ្នាំដែលមានអត្រា៣២ភាគរយ និងអាយុចន្លោះពី២០ទៅ២៩ឆ្នាំ ដែលមានអត្រា២៤ភាគរយ ។

ដូចគ្នានេះដែរ បុរសដែលទទួលបានឥណទាន ទៅប្រើប្រាស់ភាគច្រើន គឺយកទៅសម្រាប់អាជីវកម្មខ្នាតតូចដូចគ្នា ដែលមានអត្រារហូតដល់៥១ភាគរយ កម្ចីសម្រាប់ផ្ទាល់ខ្លួនមាន៣១ភាគរយ ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកបណ្ឌិតអ៉ិត សំហេងកន្លងមកបានថ្លែងថា នៅក្នុងប្រទេសកម្ពុជា សហគ្រិនជាស្ត្រីមានចំនួនច្រើនជាងបុរស ដែលធ្វើឱ្យស្ត្រីមានតួនាទីកាន់តែសំខាន់ នៅក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាមួយរដ្ឋាភិបាល ក្នុងការផ្ដល់ការងារដល់ពលរដ្ឋ និងជំរុញដល់ផលិតផលក្នុងស្រុកសរុប ។

លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានលើកឡើងកាលពីពេលថ្មី កន្លងទៅនេះក៏បានឱ្យដឹងថា បច្ចុប្បន្ននេះក៏មានសហគ្រិនស្ត្រីជាច្រើនទៀត នៅតែមានបញ្ហាប្រឈម និងពិបាកក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុសម្រាប់មកប្រើប្រាស់ក្នុងអាជីវកម្ម ក្នុងនោះដូចជាស្ថាប័នទាមទារឱ្យមានទ្រព្យបញ្ចាំ ខណៈអាជីវកម្មរបស់ស្ត្រីភាគច្រើន ក៏ជាអាជីវកម្មខ្នាតតូច និងមិនមានទ្រព្យសម្រាប់ដាក់បញ្ចាំយកឥណទានមកប្រើប្រាស់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here