កម្ពុជាស្វាគមន៍គម្រោងប្រព័ន្ឋឌីជីថលទាក់ទងនឹងវិស័យពាណិជ្ជកម្ម

ដោយលក្ខិណា

ភ្នំពេញៈ ដើម្បីសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា បណ្ដាក្រុមហ៊ុនជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុកបានបន្តស្វែងរកការបណ្ដាក់ទុនលើវិស័យឌីជីថល ដើម្បីជំរុញអោយការធ្វើពាណិជ្ជកម្មទាំងឡាយ ផ្លាស់ប្តូរទៅរកពាណិជ្ជកកម្មឌីជីថល។

ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធើណេត EZECOM ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group បានបង្ហាញគម្រោងតំបន់ពាណិជ្ជកម្មសេរីឌីជីថល ដែលជាកិច្ចសម្រួលពាណិជ្ជកម្មមួយ ជួយគ្រប់គ្រង ផ្ទុក និងវិភាគទិន្នន័យ ដែលគ្មានក្រដាសស្នាម ប្រកបដោយសុក្រឹតភាពខ្ពស់ភាពប្រាកដប្រជានិងការចំណាយតិចសម្រាប់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។គម្រោងនេះក៏នឹងផ្តល់ផលប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេចបានគោលដៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអោយដឹងថា ក្នុងនាមក្រសួងពាណិជ្ជកម្ម និងតំណាងរដ្ឋមន្ត្រី សូមស្វាគមន៍ចំពោះគម្រោង ដ៏មានសារៈប្រយោជន៍នេះ តែតម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាមុនសិន ។

លោកក៏បានរំលេចពីដំណើរការរបស់កម្ពុជាក្នុងការឈានទៅសម្រេចបានសេដ្ឋកិច្ចបែបឌីជីថលតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសម្រួលពាណិជ្ជកម្មដោយគ្មានក្រដាសស្នាមឆ្លងកាត់ព្រំដែននៅអាស៊ីនិងប៉ាស៊ីហ្វិកកាលឆ្នាំ២០១៧ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ានកាលពីឆ្នាំ២០១៩ព្រមទាំងការដាក់ឱ្យដំណើរការគម្រោងបញ្ជរតែមួយជាតិកម្ពុជាអនុលោមតាមផែនការបញ្ជរតែមួយអាស៊ាន។

លោកក៏បានលើកឡើង ពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្មកម្ពុជា មួយចំនួន ពិសេសការដាក់ឱ្យដំណើរការ ការចុះបញ្ជីរពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ការធ្វើស្វ័យប្រវត្តិកម្ម ក្នុងការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ និងការបង្កើតច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។

ដោយឡែករដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកចម ប្រសិទ្ធ ធ្លាប់បានប្រកាសថា ក្រសួងនឹងចាប់ផ្ដើមកាត់បន្ថយនូវការប្រើប្រាស់ក្រដាស ហើយងាកមកប្រើប្រាស់បច្ចេកវិទ្យាជំនួសវិញ ។ ការកាត់បន្ថយការប្រើប្រាស់ក្រដាស គឺវាបានជួយកាត់បន្ថយការចម្លងជំងឺកូវីដ១៩ តាមរយៈការប៉ះបាល់ផ្ទាល់នូវវត្ថុរួម ហើយសម្រាប់គោលដៅវែងឆ្ងាយនោះ វាក៏នឹងអាចជួយរក្សាបរិស្ថាន តាមរយៈការមិនប្រើក្រដាស ជាពិសេសនឹងជំរុញអោយមន្ត្រីទាំងអស់ ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាជំនួសវិញ ។

កន្លងមកក្រុមហ៊ុនរបស់ចិនជាច្រើន បានបង្ហាញពីការចង់មកវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជាផងដែរ ហើយក៏ត្រូវបានស្វាគមន៍ដោយមន្ត្រីកំពូលៗរបស់ប្រទេសកម្ពុជាផងដែរ ដោយការវិនិយោគនេះ វានឹងនាំមកនូវបទពិសោធន៍ ចំណេះដឹង ដល់ធនធានមនុស្សរបស់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here