ដោយៈលក្ខិណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៉ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SME) បានក្លាយជាជន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ។
នៅក្នុងនោះសម្រាប់ស្រ្តីមានប្រមាណ៦១ភាគរយ ដែលជាម្ចាស់អាជីវកម្មនិងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា។
ចំណុចសក្តានុពលក្នុងការធ្វើឲ្យប្រព័ន្ធអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍវិស័យធុរកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាពគឺការគិតគូរនិងធានាថា នៅក្នុងមធ្យោបាយ និងវិធានការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមនានា ប្រាកដថាសហគ្រិន និងអាជីវករជាស្រ្តី មានឱកាសមិនត្រឹមតែអាចស្តារអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីអភិវឌ្ឍភាពធន់របស់ខ្លួនឈានទៅយុគសម័យឌីជីថល និងឆ្លើយតបនិងបដិវត្តន៍ឧស្សាហកម្ម៤.០។

លោកបណ្ឌិតអ៊ិត សំហេងបានបន្តថា ការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ អវិជ្ជមានលើស្រ្តីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្រ្តីភាគច្រើន មានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងបរិការនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ នានាដែលបានឆ្លើយតប និងផ្តល់នូវអត្ថប្រយោជន៍ ដោយផ្ទាល់ដល់ស្រ្តីនិងក្រុមជនងាយរងគ្រោះ ពិសេសតាមរយៈគោលនយោបាយគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធន ថវិកា “សាច់ប្រាក់ពលកម្ម” ដើម្បីជួយកម្មករនិយោជិត ដែលបានព្យួរការងារ កម្មវិធីជំនួយសង្គម ពិសេសជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម ។
លោកបន្ថែមថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានក្លាយជាឱកាសមួយ សម្រាប់ការផ្តោតលើការអនុវត្តនូវកម្ម វិធីគាំពារសង្គមទាំងឡាយ ដែលជាទ្រនាប់សំណាញ់សុវត្ថិភាព និងដើម្បីកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ចមួយដែលរឹងមាំនាពេលអនាគត។ ក្នុងន័យនេះយើងចាំបាច់ត្រូវបន្តពង្រឹងប្រព័ន្ធ និងវិធានការគាំពារសង្គមប្រកបដោយបរិយាប័ន្ន ដើម្បីពង្រីកវិសាលភាពដល់ក្រុមប្រជាជនផ្សេងៗទៀត ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងការគិតគូរជាសំខាន់ លើការសម្រេចបាននូវការគ្របដណ្តប់ សុខភាពជាសកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌៕







