ចំណេះដឹង! តើ​ប្រវត្តិ​នៃ​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​មានកា​រវិ​វ​ត្តិ​យ៉ាងដូចម្តេច?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ យោងតាម​និយមន័យ ដែល​កំណត់ដោយ​ធនាគារ សម្រាប់​ការទូទាត់​អន្តរជាតិ (BIS) ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ជា​សំណុំ នៃ​ឧបករណ៍​ទូទាត់ នីតិវិធី​ធនាគារ និង​ជាទូទៅ​រួមមាន​ប្រព័ន្ធ​ផ្ទេរ​មូលនិធិ​អន្តរ​ធនាគារ ដែល​ធានា​ដល់​ចរាចរ​រូបិយវត្ថុ។

ជាធម្មតា ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ត្រូវបាន​គេ​ស្គាល់​ថា ជា​មធ្យោបាយ​មួយ​សម្រាប់​ឲ្យ​អ្នកចូលរួម​ក្នុង​ប្រព័ន្ធ ធ្វើការ​ផ្ទេរប្រាក់។ មានន័យថា មាន​សមាសធាតុ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ដែល​អាច​ប្រើប្រាស់​សម្រាប់​ផ្ទេរ​មូលនិធិ ដើម្បី​ជម្រះ​នូវ​កាតព្វកិច្ច​បំណុល​ដែល​កើតចេញពី​សកម្មភាព​សេដ្ឋកិច្ច រួមមាន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

(១) ក្របខ័ណ្ឌ​ច្បាប់​និង​បទ​ប្បញ្ញត្តិ ដែល​ចេញ​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ធនាគារកណ្តាល។

(២) គ្រឹះស្ថាន​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ដែល​រួមមាន ធនាគារ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ អ្នកផ្តល់​សេវា​ផ្ទេរប្រាក់​មិនមែន ធនាគារ ក្រុមហ៊ុន​ផ្តល់​សេវា​ពាក់ព័ន្ធ​ប្រព័ន្ធ Switch និង​សូម្បីតែ​ធនាគារកណ្តាល។

(៣) ឧបករណ៍​ទូទាត់​សង​ប្រាក់ និង​យន្តការ​ផាត់ទាត់ និង​ទូទាត់​នៅក្នុង​ប្រព័ន្ធ ដែល​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ផ្ទេរ​មូលនិធិ ដើម្បី​ជម្រះ​នូវ​កាតព្វកិច្ច​បំណុល ដែល​កើតចេញពី​សកម្មភាព​សេដ្ឋកិច្ច។

ទោះបីជា​ការប្រើប្រាស់​សាច់ប្រាក់ ក្នុង​សេដ្ឋកិច្ច​នៅមានកម្រិត​ខ្ពស់ ក៏​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ត្រូវបាន​គេ​មើល ឃើញថា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងអំឡុងពេល​ជាង​មួយ​ទសវត្សរ៍​នេះ ដោយ​ក្នុងនោះ​រួមមាន​ការដាក់​ឲ្យ ប្រើប្រាស់​ឧបករណ៍​ទូទាត់​ជា​ក្រដាស និង​ជា​អេឡិចត្រូនិក​ដោយ​ធនាគារពាណិជ្ជ និង​អ្នក​ដំណើរការ​ត​តិ​យ​ភាគី មួយចំនួន។

មូល​ប្ប​ទា​នប​ត្រ គឺជា​ឧបករណ៍​ទូទាត់​ជា​ក្រដាស​តែមួយគត់ ដែល​ត្រូវបាន​ប្រើ​សម្រាប់​ប្រតិបត្តិការ អន្តរ​ធនាគារ។ ចំណែកឯ​ឧបករណ៍​ទូទាត់​ជា​អេឡិចត្រូនិក រួមមាន បញ្ជា​ទូទាត់​អេឡិចត្រូនិក (ការផ្ទេរ​ឥណទាន ឥណ​ពន្ធ​ផ្ទាល់​និង​ឥណទាន​ផ្ទាល់) ប័ណ្ណឥណទាន ប័ណ្ណ​ឥណ​ពន្ធ ប័ណ្ណ​អេ​ធី​អឹម និង​សេវា​ធនាគារ​ចល័ត ព្រមទាំង​ការទូទាត់​សង​ប្រាក់​ចល័ត ។

ការទូទាត់​សង​ប្រាក់​ជា​អេឡិចត្រូនិក​នៅ​ប្រទេស​កម្ពុជា គឺ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ ប៉ុន្តែ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ជាពិសេស​សេវា​ធនាគារ​តាម​អ៊ី​ន​ធឺ​ណែ​ត ឬ​សេវា​ធនាគារ​ចល័ត និង​សេវា​ទូទាត់​សង​ប្រាក់​ចល័ត ។

ក្រៅពីនេះ​ចំនួន​ម៉ាស៊ីន​អេ​ធី​អឹម​និង POS ក៏​បន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​បង្ហាញ​ពី កំណើន​ប្រជាប្រិយភាព លើ​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់​ជា​អេឡិចត្រូនិក ។ ទន្ទឹមនេះ មាន​ធនាគារ​និង​ស្ថាប័នហិរញ្ញវត្ថុ​មួយចំនួន បានផ្តល់​នូវ​មធ្យោបាយ​ទូទាត់​សង​ប្រាក់ផ្សេងៗដល់​អតិថិជន តាមរយៈ​ការដាក់​ឲ្យ​ប្រើប្រាស់​សេវា​ធនាគារ តាម​អ៊ី​ន​ធឺ​ណែ​ត និង​សេវា​ទូទាត់​សង​ប្រាក់​ចល័ត។

ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​នៃ​ទីផ្សារ ធនាគារជាតិ​នៃ​កម្ពុជា​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ជាច្រើន​ដំណាក់កាល ដូចខាងក្រោម ៖

– នៅ​ខែកញ្ញា ឆ្នាំ២០០៨ ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​ផ្សាយ​ប្រកាស​ស្តីពី​មូល​ប្ប​ទា​នប​ត្រ​ស្តង់ដារ ដើម្បី​ឲ្យ​មូល​ប្ប​ទា​នប​ត្រ​ទាំងអស់ ដែល​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​លក្ខណៈ​ស្តង់ដារ​រួមមួយ ធានា​ឲ្យ​ការទូទាត់ និង​ផាត់ទាត់​អន្តរ​ធនាគារ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព។

– នៅ​ឆ្នាំ ២០០៩ ប្រព័ន្ធ​ផាត់ទាត់​ជាតិ​បណ្តោះអាសន្ន (Interim Solution) សម្រាប់​សភា​ផាត់ទាត់​ជាតិ​ត្រូវ​បានដាក់​ឲ្យ​ប្រើ ដើម្បី​សម្រួល​ការបញ្ជូន​ទិន្នន័យ​ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស និង​មាន​សុវត្ថិភាព។ លើសពីនេះ មធ្យោបាយ​នេះ​ក៏បានផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ដល់​ធនាគារ​ជា​សមាជិកសភា​ផាត់ទាត់​ទាំងអស់ ដោយ​ពួកគេ​អាច​ទាញយក​ទិន្នន័យ​អេឡិចត្រូនិក (electronic output file) ពី​ប្រព័ន្ធ​នៅក្នុង​ថ្ងៃ​ដោយ​មិនចាំបាច់​វាយ បញ្ចូល​ព័ត៌មាន​សា​ឡើងវិញ ។

– នៅ​ចុងឆ្នាំ ២០១២ ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ដាក់​ឲ្យ​ប្រើ​នូវ​ប្រព័ន្ធ​ផាត់ទាត់​ជាតិ ដែល​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ទូទាត់​មូល​ប្ប​ទា​នប​ត្រ និង​បញ្ជា​ទូទាត់​ជា​អេឡិចត្រូនិក​បាន​កាន់តែ​ឆាប់រហ័ស និង​ងាយស្រួល ។

បច្ចុប្បន្ននេះ ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​សិក្សា​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ National Shared Switch ដែលជា​ប្រព័ន្ធ​រួមបញ្ចូល​គ្នា​មួយ​ដើម្បី​សម្រួល ដល់​ការទូទាត់​សង​ប្រាក់​ជា​អេឡិចត្រូនិក ដូចជា ការដក​សាច់ប្រាក់​តាម​រយៈ ម៉ាស៊ីន​ATM ការទូទាត់​សង​ប្រាក់​ដោយ​ម៉ាស៊ីន POS និង​ការទូទាត់​សង​ប្រាក់​ចល័ត​និង​តាមរយៈ​អ៊ី​ន​ធឺ​ណែ​ត ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព នៃ​សេវា​ទូទាត់​សង​ប្រាក់ និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការធ្វើ សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន​នៅក្នុង​ឆ្នាំ ២០១៥ ។

សម្រាប់​ទិសដៅ​នាពេល​អនាគត ប្រព័ន្ធ​ទូទាត់​ដុលភ្លាមៗ (RTGS) នឹង​អាច​ត្រូវបាន​បង្កើតឡើង ក្នុង​រយៈពេល​វែង​នៅពេល​ដែលមាន​តម្រូវការ​ទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here