ប្រធានFAMEC ជំរុញឱ្យវិស័យSMEរួមគ្នាជាបណ្ដុំមួយដើម្បីងាយស្រួលគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈម

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហគ្រាសខ្នាតតូច និងមធ្យម (FASMEC) លោកឧកញ៉ា តែ តាំងប៉រ ជំរុញឱ្យសហគ្រាសធនតូច និងមធ្យម (SME) ចងក្រងជាបណ្ដុំជុំគ្នា ដើម្បីងាយស្រួលក្នុងគ្រប់គ្រង ជាពិសេសនោះ នៅពេលមានបញ្ហាអ្វីមួយគឺវាមានភាពងាយស្រួល ក្នុងការដោះស្រាយ។

នៅក្នុងដំណើរទស្សនកិច្ចគម្រោង បណ្ដុំសហគ្រាសខ្នាតតូច និងមធ្យម កាលពីរសៀលថ្ងៃទី ០៩ កញ្ញា២០២០កន្លងនេះថា លោកឧកញ៉ា បានលើកឡើងថា ការបង្កើតបណ្ដុំសហគ្រាសខ្នាតតូច និងមធ្យមរបស់លោកឧកញ៉ា សៀ ឬទ្ធី គឺជាការចង់បានរបស់ក្រុមសហគ្រាសខ្នាតតូចនិងមធ្យម នៅកម្ពុជា ដែលត្រូវការរកទីតាំងណាដែលមានតម្លៃសមរម្យ ជាជាងបោះទីតាំងនៅ កណ្ដាលក្រុងដែលត្រូវចំណាយថ្លៃឈ្នួលខ្ពស់។

លោក បានបន្តថា ម្យ៉ាងទៀត ការបោះទីតាំងជាបណ្ដុំគឺធ្វើឱ្យខាងFASMEC ងាយស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយរាល់បញ្ហា។
លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប្រ៊ីជ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍បណ្ដុំ សហគ្រាសខ្នាតតូច និងមធ្យមនៅទីក្រុងតាខ្មៅ បាឱ្យដឹងថា ជាជំហានដំបូងលោកបោះទុនក្នុងការអភិវឌ្ឍទីតាំងនេះ ត្រឹមជិត៣០លានដុល្លារអាមេរិក នៅក្នុងតំបន់ទីក្រុងរណបសិរីមង្គល ក៏ប៉ុន្តែ នៅថ្ងៃខាងមុខ បើសិនជាមានការគាំទ្រពីសហគ្រិនលោកនឹងពង្រីកបន្ថែមទៀតនិងពង្រីកទៅតាមខេត្តផ្សេងទៀតផងដែរ ដើម្បីអោយសហគ្រិនងាយស្រួលក្នុងការរកទីតាំងសម្រាប់អាជីវកម្មរបស់ខ្លួន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបន្តថា សម្រាប់សហគ្រិនដែលចង់ចូលមកតំបន់បណ្ដុំសហគ្រាសនេះ គឺមិនមានកំណត់លក្ខខ័ណ្ឌអ្វីឡើយ តែផ្ទុយទៅវិញ យើងនឹងលើកទឹកចិត្តដល់សហគ្រិនដើម្បីអោយពួកគេមានឱកាសក្នុងការបង្កើតអាជីវកម្ម និងពង្រីកអាជីវកម្មរបស់ខ្លួន ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនវើលដ៏ប្រ៊ីជ បានឱ្យដឹងថា បណ្តុំសហគ្រាសធុនតូចនិងមធ្យមផ្អែកលើប្រព័ន្ធគោលឧស្សាហកម្ម 4.0 ដែលមានលក្ខណៈខុសប្លែកពី តំបន់ សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ឬចង្កោមសហគ្រាសដែលមានសព្វថ្ងៃនេះ។

វាគឺជាដំណោះស្រាយប្រកបដោយ នវានុវត្តន៍ដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ឧស្សាហកម្ម និងដើរតួជាយាន្តដែលអាចជួយឲ្យសម្រេចបានកាន់តែ ងាយស្រួលនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតការងារផ្អែកលើជំនាញ ការអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យម ការពង្រីកការកែឆ្នៃផលិតផលកសិកម្ម និងការធ្វើពិពិធកម្មឧស្សាហកម្ម។

អ្វីដែល សំខាន់ជាងគេនោះគឺថាបណ្តុំសហគ្រាសធុនតូចនិងមធ្យមនេះ នឹងនាំមកនូវអនាគតមួយថ្មីសម្រាប់ សហគ្រាស ធុនតូចនិងមធ្យម សហគ្រិន និងការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ក៏ដូចជាការវិនិយោគ លើ វិស័យផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដោយនាំវិស័យទាំងអស់នេះ ឲ្យចូលរួមក្នុងខ្សែច្រវ៉ាក់ផលិតកម្មបាន ពេញលេញ និងប្រកបដោយការសហការនិងប្រកួតប្រជែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here