សហគ្រិនខ្មែរប្រគល់កញ្ចប់ថវិកាបន្ថែម គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មីប្រមាណ៥០ក្រុមហ៊ុន

ដោយ: ម៉ាលីស

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ (KE) បានប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទាន គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មី ចំនួន៤៩ ក្នុងចំណោមសំណើរសរុបចំនួន៣៦១ មកពី ២០ រាជធានីខេត្ត ដែលបានផ្តល់ទឹកប្រាក់សរុបចំនួន ៤១៥.០០០ ដុល្លាអាមេរិក នៅក្នុងឆ្នាំ ២០២១ ដើម្បីគាំទ្រដល់សហគ្រិន ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមសេចក្តីប្រកាស ព័ត៌មានរ បស់សហគ្រិនខ្មែរ ឱ្យដឹងថា កញ្ចប់ជំនួយសហគ្រិនខ្មែរ គឺជាយន្តការអនុវត្តបែបយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាល តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ច ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម និង ប្រតិបត្តិការដែលបណ្តាលមកពីវិបត្តិកូវីដ១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមក ។ កម្មវិធីនេះបានអនុវត្តអស់៥ជុំ ហើយបានផ្តល់ការគាំទ្រដល់សហគ្រិនចំនួន៩០នាក់ ដែលមានទឹកប្រាក់សរុបចំនួន៨១៥.០០០ ដុល្លារអាមេរិក។

នៅក្នុងពិធីប្រគល់កញ្ចប់ថវិកាជូនសហគ្រិននៅថ្ងៃទី២៤ កុម្ភៈ២០២២កន្លងទៅនេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានមានប្រសាសន៍ថា សហគ្រិនភាព ជាវិស័យចម្បងមួយ ដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ ដើម្បីពង្រឹងវិស័យឯកជនឲ្យកាន់តែខ្លាំងនិងមានភាពរឹងមាំ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនភាពធន់នឹងវិបត្តិ និងជំរុញឲ្យមានពិពិធកម្មសេដ្ឋកិច្ច ដូច្នេះ កញ្ចប់ជំនួយសហគ្រិនខ្មែរ ជាកម្មវិធីយុទ្ធសាស្ត្រដ៏មុតស្រួចមួយ បង្កើតឡើងដើម្បីជួយរក្សាលំនឹង និងលើកកម្ពស់ដល់ធុរកិច្ចថ្មី និងសហគ្រាស ធុនតូចនិងមធ្យមដែលមានសក្តានុពល តែកំពុងជួបការលំបាកពីវិបត្តិកូវីដ១៩ ហើយស្ថិតនៅក្នុងវិស័យអាទិភាព ។

លោក បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា សហគ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃកំនើនសេដ្ឋកិច្ចជាតិ ដែលបង្កើនភាពធន់ និងបង្កើតការងារ រីឯធុរកិច្ច គឺជាកម្លាំងចលករជំរុញការបង្កើតគំនិតនវានុវត្តន៍ និងដោះស្រាយបញ្ហាប្រឈម តាមបែបវិធីសាស្ត្រ ថ្មីដែលមានភាពទាក់ទាញ។ ដូច្នេះ កម្មវិធីនេះ ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ជំនួយនិងយន្តការដោះស្រាយដ៏សមស្រប ខណៈពេលដែលសហគ្រិន កំពុងជួបការលំបាក ផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ដើម្បីរក្សានូវលំនឹងអាជីវកម្ម ក្នុងអំឡុងពេល និងឆ្លងអោយផុតពីវិបត្តិកូវីដ១៩។

លោកបណ្ឌិត បានបន្ថែមថា សហគ្រិនខ្មែរ នឹងបន្តដើរតួនាទីក្នុងការចូលរួមជាមួយដៃគូរពាក់ព័ន្ធនៅក្នុង ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដើម្បីផ្ដល់ការគាំទ្រជាបន្តបន្ទាប់ដល់ធុរកិច្ចថ្មីនិងសហគ្រាសធុនតូចនិងមធ្យម។

សហគ្រិនខ្មែរនឹងបើកទទួលពាក្យក្នុង កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរឆ្នាំ ២០២២ នៅខែមីនា ដូច្នេះ សម្រាប់សហគ្រិនដែលគិតថាមានសមត្ថភាពពេញលេញ ក្នុងការទទួលបានការគាំទ្រពីកម្មវិធីនេះ សូមធ្វើការដាក់ពាក្យចូលរួម តាមបណ្ដាញសង្គមរបស់សហគ្រិនខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here