តើសហគ្រិនភាពដើរតួនាទី​សំខាន់យ៉ាងណាខ្លះ​ដល់សង្គមកម្ពុជា?

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ ក្នុងនាមជាសហគ្រិនឆ្នើមមួយរូបមិនត្រឹមតែដើរតួសំខាន់ក្នុងការចូលរួមជាវិជ្ជមានក្នុងកំណើនសេដ្ឋកិច្ចជាតិ លើផ្នែកធនធានចំណូលប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមចំណែកក្នុងការធ្វើឲ្យសង្គមរីកចម្រើនផងដែរ។ ចុះថាតើ សហគ្រិនចូលរួមចំណែកជួយសង្គមតាមរបៀបណាខ្លះ? ខាងក្រោមនេះ យើងនឹងលើកយកចំណុចមួយចំនួនមកបកស្រាយ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. បង្កើតអ្វីថ្មីសម្រាប់ដោះស្រាយបញ្ហាសង្គម
លក្ខណៈពិសេសរបស់សហគ្រិន គឺគំនិតច្នៃប្រតិដ្ឋក្នុងការបង្កើតនូវផលិតផល និង សេវាកម្មថ្មី ដោយច្នៃការស្រមើលស្រមៃឲ្យចេញជារូបរាង ហើយការបង្កើតថ្មីនេះអាចជួយដោះស្រាយបញ្ហាសង្គមដែលមនុស្សភាគច្រើនកំពុងជួបប្រទះ។ ជាពិសេសនោះ គឺពួកគេធ្វើការផ្សារភ្ជាប់នូវផលិតផលនោះទៅនឹងរបត់បច្ចេកវិទ្យាបច្ចុប្បន្ន។ ឧទាហរណ៍៖ ការបង្កើតនូវប្រព័ន្ធប្រឹក្សាយោបល់ ឬពិគ្រោះជំងឺតាមអនឡាញ ក្នុងបរិការណ៍កូវីដ ១៩ ដើម្បីកាត់បន្ថយការជួបជុំដោយផ្ទាល់។

២. បង្កើនផលិតភាពការងារ
ដោយសារអាជីវកម្មដែលសហគ្រិនផ្តើមដំបូងមានធនធានទាំងមនុស្ស និង ថវិកាតិច ដូច្នេះពួកគេខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាអាចបង្កើនផលិតភាពការងាររបស់ពួកគេក្នុងការឆ្លើយតបទៅកាន់តម្រូវការទីផ្សារដែលពោរពេញដោយការប្រកួតប្រជែងឲ្យបានទាន់ពេល។ ដូច្នេះ ផលិតភាពការងារមានការកើនឡើងតាមនោះដែរ។

៣. អភិវឌ្ឍការរស់នៅប្រចាំថ្ងៃ
សហគ្រិន បង្កើតអាជីវកម្មក្នុងស្រុកក៏មានន័យថាពួកគេបានបង្កើតការងារឲ្យប្រជាពលរដ្ឋ ដែលនេះបានជួយប្រជាពលរដ្ឋក្នុងតំបន់មានជីវភាពល្អប្រសើរ ក៏ស្មើរនឹងបានជួយសម្រួលនូវជីវភាពរស់នៅរបស់អ្នកផ្សេងដែលជាប់ពាក់ព័ន្ធផងដែរ។

៤. បង្ហាញពីគំនិតសុទិដ្ឋិនិយមក្នុងសង្គម
នៅពេលសហគ្រិនមានភាពជោគជ័យជាមួយអ្វីដែលពួកគេខំប្រឹងបង្កើតឡើង នោះវាអាចជាឥទ្ធិពល និងរូបភាពវិជ្ជមានមួយជួយឲ្យអ្នកជំនាន់ក្រោយ មានការគិតសុទិដ្ឋិនិយម និង ហ៊ានប្រឈមមុខនឹងបញ្ហា បញ្ចេញសមត្ថភាព ក្នុងការប្រកួតប្រជែង ហើយក៏អាចជាគំរូសម្រាប់ពួកគេដែរ។

៥. បង្កើតឱកាសថ្មីៗ
សហគ្រិន មានការចាប់អារម្មណ៍ខ្ពស់ទៅនឹងគំនិតច្នៃប្រតិដ្ឋ ដូច្នេះពេលពួកគេជោគជ័យ គេអាចនឹងបង្កើតនូវសកម្មភាពណាមួយ ដើម្បីឲ្យក្មេងៗបញ្ចេញនូវស្នាដៃ ដែលចេញពីគំនិត និងភាពប៉ិនប្រសប់របស់ពួកគេ ដូចជាការប្រកួតប្រជែងគំនិត ការបង្កើតឧបករណ៍ជាដំណោះស្រាយសង្គមជាដើម។ នេះជាការបង្កើតឱកាស និងផ្ដល់ឲ្យសង្គមក្នុងភាពវិជ្ជមាន និងមានការអភិវឌ្ឍ។

ជារួមមក ដោយសាតែឃើញពីសក្ដានុពលនៃការរីកចម្រើនរបស់វិស័យសហគ្រិនភាពមកលើការអភិវឌ្ឍសង្គមនេះហើយ ទើបមានស្ថាប័នជាច្រើនបានផ្ដោតការចាប់អារម្មណ៍លើវិស័យនេះ ក្នុងនោះ មានការបង្កើតការប្រកួតប្រជែងគំនិតនៃការបង្កើតអ្វីថ្មីដើម្បីដោះស្រាយបញ្ហាសង្គម និងកម្មវិធីផ្ដល់ជាកញ្ចប់ថវិកា ដើម្បីអាចឲ្យពួកគេចាប់ផ្ដើមអាជីវកម្មតូចមួយដែលផ្ដើមចេញពីគំនិតនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here