ដោយ៖ សុធារី
ភ្នំពេញ៖ មហាសេដ្ឋី Warren Buffett ត្រូវបានគេចាត់ទុកជា បិតាវិនិយោគ ព្រោះមហាសេដ្ឋីរូបនេះចេះទិញភាគហ៊ុន តាំងតែពីលោកមានអាយុ១១ឆ្នាំម៉្លេះ។ លោកជាអ្នកវិនិយោគម្នាក់ដែលខុសប្លែកពីអ្នកវិនិយោគទូទៅជាមួយនឹងទស្សនៈវិនិយោគវែងឆ្ងាយ។
ក្បួនវិនិយោគចំនួន៥សំខាន់ៗ ដែលអ្នកគួររៀនសូត្រពី កំពូលមហាសេដ្ឋី វិនិយោគ Warren Buffett សម្រាប់អ្នកយកទៅអនុវត្តន៍ក្នុងវិស័យអចលនទ្រព្យ៖
១. យុទ្ធសាស្រ្តទិញទុក( Buy and hold strategy)
យុទ្ធសាស្រ្ត វិនិយោគរបស់ សេដ្ឋី Warren Buffett គឺចូលចិត្តទិញអចនទ្រព្យទុកក្នុងរយៈពេលយូរមិនដូចអ្នកវិនិយោគទូទៅទិញហើយចង់បានចំណេញភ្លាមៗនោះទេ។ មហាសេដ្ឋីរូបនេះ បានឲ្យដឹងថា រាល់ទ្រព្យទាំងអស់សុទ្ធតែអាចវិនិយោគបាន ដូច្នេះបើអ្នករកបានអចលនទ្រព្យមួយដែលមានតម្លៃខ្ពស់ ហើយអាចបង្កើតប្រាក់ចំណូល អ្នកគួរទុកវាសម្រាប់ជីវិតរបស់អ្នក។ កាលណាអ្នកបានអចលនទ្រព្យមួយមានតម្លៃហើយលក់ទៅវិញភ្លាមៗ នោះអ្នកនឹងត្រូវអស់ទ្រព្យហើយត្រូវស្វែងអ្វីផ្សេងទៀតដើម្បីបង្កើតចំណូល។ លោកបានបន្តថា នៅក្នុងការវិនិយោគលើ អចលនទ្រព្យជាទូទៅអ្នក ត្រូវចំណាយលុយច្រើនលើប្រតិបត្តិការវិនិយោគ ដូច ការបង់ពន្ធ លុយ commission និងចំណាយផ្សេងៗទៀត។ដូច្នេះ យុទ្ធសាស្រ្តទិញទុកចាំពេលតម្លៃអចលនទ្រព្យឡើងថ្លៃចាំគិតគូរលក់វាជាយុទ្ធសាស្រ្តល្អមួយព្រោះវាអាចជាមួយកាត់បន្ថយតម្លៃចំណាយប្រតិបត្តិការវិនិយោគបានច្រើន។
២. ពេលវេលាជាមិត្តដ៏ល្អ ( Time is good friend for your investment)
ដូចដែលបានលើកឡើងខាងលើរួចមកហើយ សេដ្ឋី Warren Buffett ជាអ្នកវិនិយោគដែលមានការអត់ធ្មត់ពោលគឺមិនចង់ចំណេញភ្លាមៗដូចអ្នកវិនិយោគដទៃឡើយ។ សេដ្ឋីរូបនេះ ធ្លាប់លើកឡើងថាចង់ក្លាយអ្នកវិនិយោគជោគជ័យត្រូវចេះអត់ធ្មត់ ព្រោះការវិនិយោគចំនួនមិនផ្ដល់ជាផ្លែផ្កាឲ្យអ្នកភ្លាមៗនោះទេវាទាមទារឲ្យអ្នករងចាំ។ ការវិនិយោគលើអចលនទ្រព្យអ្នកគួរទិញក្នុងតម្លៃទាបហើយទុកវាជាច្រើនឆ្នាំ នោះ តម្លៃរបស់វាងនឹងឡើងដែលអ្នកនឹកស្មានមិនដល់ ហើយអ្នកនឹងអាចបង្កើតចំណូលបានកាន់តែច្រើន។
៣. ត្រៀមសម្រាប់ពេលវេលាមិនល្អកើតឡើង (prepare for bad year)
ក្នុងចំណុចនេះ Warren Buffett បង្ហើបថា អ្នកវិនិយោគគួរចេះ ត្រៀមសម្រាប់កាលៈទេសៈស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល។ ក្នុងការវិនិយោគលើអចលនទ្រព្យ បើអ្នកជាមនុស្សដែលពូកែព្យាករណ៍បានត្រឹមត្រូវពីស្ថានភាពសេដ្ឋកិច្ច នោះអ្នកមិនងាយបរាជ័យក្នុងការវិនិយោគឡើយ។ ទាក់ទិននឹងចំណូលនេះ សេដ្ឋី Warren Buffett លើកឡើងថាអ្នកវិនិយោគអចលនទ្រព្យគួរតែស្ពាយបំណុលតិចតួចបំផុត ក្នុងការវិនិយោគលើអចលនទ្រព្យ ព្រោះពេលមានរឿងអ្វីកើតឡើងអ្នកអាចគ្រប់គ្រង់ការវិនិយោគរបស់អ្នកបាន។ ជាក់ស្ដែង ក្រុមហ៊ុន Bershire របស់លោកតែងតែទិញសេវាធានារ៉ាប់រងដើម្បីការពារអចលនទ្រព្យដែលអាចខូចខាតដោយប្រការណាមួយ។
៤. មើលសក្ដានុពល
សេដ្ឋី Warren Buffett បានផ្ដល់យោបល់ថា ពេលអ្នកវិនិយោគទិញអចលនទ្រព្យ អ្នកមិនត្រឹមតែ មើលពីតម្លៃអចលនទ្រព្យប៉ុណ្ណោះទេ តែអ្នកក៏ត្រូវមើលពីសក្ដានុពលបន្ថែមដូចជាអចលនទ្រព្យរបស់អ្នកគួរស្ថិតនៅតំបន់មានសក្ដានុពលដូចជានៅទីប្រជុំជន។ អ្នកវិនិយោគមួយចំនួនដែលមិនសូវមានបទពិសោធន៍ ត្រូវបានគេបញ្ចុះបញ្ចូលឲ្យទិញអនចលនទ្រព្យនៅ តំបន់ដែលមិនសូវមានការអភិវឌ្ឍន៍ដែលគិតថាតម្លៃអចលនទ្រព្យនឹងកើនឡើងយ៉ាងឆាប់រហ័ស។ ត្រង់ចំណុចនេះ Warren Buffett លើកឡើងថា ក្នុងស្ថានភាពល្អក់កករណាមួយកើតឡើង អចលនទ្រព្យក្នុងតំបន់មិនសូវមានការអភិវឌ្ឍន៍នឹងបាត់បង់តម្លៃមុនគេ។
៥. ទិញអចលនទ្រព្យក្នុងតម្លៃដ៏ល្អមួយ
ក្បួនរបស់ Warren Buffett គឺទិញតែអចលនទ្រព្យណាដែលអ្នកគិតថាតម្លៃល្អសម្រាប់អ្នក ហើយការទិញអចលនទ្រព្យក្នុងតម្លៃទាបជាមួយគុណតម្លៃពិប្រាកដមួយអ្នកនឹងទទួលសុវត្ថិភាពហើយវាអាចជួយការពារអ្នកពីការខាតបង់ផងដែរ។ ក្បួនវិនិយោគដ៏ល្អរបស់ Warren Buffett ទៅស្ទូចត្រីនៅកន្លែងណាដែលអ្នកមិនអ្នកស្ទូច មានន័យថា តំបន់ណាដែលគ្មានអ្នកវិនិយោគវាជាឱកាសរបស់អ្នក ចំណែកតំបន់ដែលមានអ្នកវិនិយោគច្រើនអ្នកមិនគួរតាមគេតាមឯងនោះទេ។ ពេលអ្នកទៅទិញអនចលនទ្រព្យនៅកន្លែងនោះអ្នកអាចទិញតម្លៃទាបហើយអាចទទួលបានផលចំណេញនាពេលអនាគត៕