ដោយ៖ ម៉ាលីស
ភ្នំពេញ៖ នៅតាមផ្សារ ឬកន្លែងដូរលុយនានា យើងតែងតែលឺគេនិយាយថា “លុយហើមៗ”។ “លុយ ហើម” សំដៅដល់ការចុះថោកនៃតម្លៃរូបិយប័ណ្ណមួយ ធៀបទៅនឹងរូបិយប័ណ្ណមួយទៀត។
ឧទាហរណ៍ថា អ្នកមានលុយរៀល៤០០០៛ អាចដូរយកលុយដុល្លារអាមេរិកបាន១ដុល្លារ។ ប៉ុន្តែ ដោយសារលុយរៀលហើម ធៀបនឹងដុល្លារពេលនេះទាល់តែអ្នកមាន៤៥០០៛ ទើបអាចដូរបាន១ដុល្លារអាមេរិក។
និយាយឱ្យងាយយល់ គឺអ្នកត្រូវការលុយរៀលច្រើនជាងមុន ៥០០៛ ទើបអាចដូរបានលុយ១ដុល្លារ។ ត្រង់នេះហើយពេលគេនិយាយថាលុយរៀលហើម នោះបានន័យថាតម្លៃលុយរៀល ចុះថោកឯលុយដុល្លារឡើងថ្លៃ។ មានកត្តាជាច្រើនដែលអាចធ្វើឲ្យឱ្យមានបម្រែបម្រួលនៃតម្លៃរូបិយប័ណ្ណរបស់ ប្រទេសមួយ។ រូបិយប័ណ្ណមួយអាចធ្លាក់ ឬឡើងថ្លៃដោយសារបរិមាណរូបិយប័ណ្ណ ដែលចរាចរលើទីផ្សារតម្រូវការនៃរូបិយប័ណ្ណនោះ និងទំនុកចិត្តអ្នកប្រើប្រាស់។
ឧបមាថា តម្រូវការលុយដុល្លារកើនឡើងធ្វើ ឱ្យលុយរៀល ធ្លាក់ថ្លៃ។ ជាក់ស្ដែងកាលពី ឆ្នាំ១៩៩៣ ការប្រើប្រាស់លុយ ដុល្លារក្នុងប្រទេសយើង ចាប់ផ្តើមមានសន្ទុះខ្លាំងដែលធ្វើឲ្យ មានការចាយទាំងលុយដុល្លារ និងលុយរៀល។
កាលពីមុន ប្រជាជនយើងពុំទាន់មានទំនុកចិត្តជាមួយនឹង លុយរៀលប៉ុន្មានទេតែដោយចរន្តលុយដុល្លារចាប់ផ្តើមមានសន្ទុះ ប្រជាជនក៏ចាប់ផ្តើមប្រើប្រាស់លុយដុល្លារ ក្នុងការចាយវាយ ហើយក៏ធ្វើឲ្យតម្លៃលុយរៀលកាន់តែធ្លាក់ចុះ។
ក្រៅពីនេះនៅមានកត្តាដទៃទៀត ដែលអាចជះឥទ្ធិពលដល់ ការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណ រួមមានកត្តាសេដ្ឋកិច្ច អស្ថិរភាពនយោបាយ អន្តរាគមន៍ពីធនាគារកណ្ដាល ឬធនាគារជាតិ ការនាំចេញ-នាំចូល និងការវិនិយោគទុន ពីក្រៅប្រទេសនិងការជួញដូររូបិយប័ណ្ណជាដើម ៕