តើការដាក់ Inbox for Price ធ្វើឱ្យបាត់បង់អតិថិជនក្នុងអាជីវកម្មលក់អនឡាញដែរឬទេ?

ដោយៈសុផារី

ភ្នំពេញៈ ការលក់ទំនិញតាមអនឡាញ មានការកើនឡើងយ៉ាងគំហុក ជាហេតុនាំឱ្យការធ្វើទីផ្សារ ដើម្បីទាក់ទាញអតិថិជន ក៏រឹតតែមានភាពប្រកួតប្រជែងកាន់តែខ្ពស់ដែរ។

អ្វីដែលអ្នកលក់អនឡាញភាគច្រើន មានការស្ទាក់ស្ទើរនោះគឺ “តើគួរដាក់តម្លៃទំនិញរបស់ខ្លួន ពេលបង្ហោះលើបណ្ដាញសង្គមឬទេ?” ព្រោះពួកគាត់អាចគិតថា វាអាចឱ្យដៃគូប្រកួតប្រជែងដាក់តម្លៃទាបជាង ដើម្បីប្រមូលអតិថិជន។ ហេតុនេះទើបគេប្រើវិធីសាស្រ្ដមួយទៀត គឺ Inbox for Price ឬសាកសួរព័ត៌មានបន្ថែមតាមរយៈឆាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដាក់តម្លៃលើទំនិញស្រាប់ ឬដាក់ Inbox for Priceមានទាំងគុណសម្បត្តិនិងគុណវិបត្តិ ៖

ការដាក់តម្លៃលើទំនិញ អាចជួយសន្សំពេលនៃការឆ្លើយតបទៅភ្ញៀវ បើអ្នកមានអតិថិជនច្រើន។ ក្នុងករណីតម្លៃសមល្មម នឹងទាក់ទាញអតិថិជនបានច្រើន ហើយអាចទាញទំនុកចិត្តពីអ្នកទិញ ព្រោះពួកគេបានឃើញស្លាកតម្លៃស្រាប់។ ម្យ៉ាង មានប្រសិទ្ធភាពក្នុងការលក់ ព្រោះកាលដែលបានឃើញតម្លៃហើយឆាតទៅអ្នក នោះមានន័យថាភាគរយខ្ពស់ ដែលពួកគេនឹងទិញទំនិញរបស់អ្នក។

យ៉ាងណាមិញ ការដាក់តម្លៃក៏អាចបាត់ឱកាស និយាយជាមួយភ្ញៀវ បើអ្នកលក់មិនសូវមានអតិថិជន នេះជាការបាត់ឱកាសល្អ ហើយមិនអាចប្ដូរតម្លៃបាននោះទេ។ ជាពិសេសេ ដៃគូប្រកួតប្រជែងងាយបន្ទាបតម្លៃ ដើម្បីទាញយកភ្ញៀវបីយើងបាន។

ចំណែកការមិនឆ្លើយតម្លៃហើយដាក់ Inbox for Price អាចជួយឱ្យអ្នកបាននិយាយជាមួយភ្ញៀវ ថាមិនត្រូវអាចបញ្ចុះបញ្ចូលឱ្យគេទិញបាន។ក្នុងករណីមានការផ្លាស់ប្តូរ អ្នកអាចផ្លាស់ប្ដូរតម្លៃបាន។ បើមានអ្នក Comment សួរតម្លៃច្រើន វានឹងជួយឱ្យការបង្ហោះរបស់អ្នកទទួលបាន Reach ខ្ពស់និងអាចបញ្ចៀសការប្រកួតប្រជែងតម្លៃលក់ ដែលមិនស្មើភាព។

ប៉ុន្តែការធ្វើយ៉ាងនេះ ក៏ធ្វើឱ្យបាត់បង់ពេលផ្ដោតលើអ្វីសំខាន់ បាត់បង់ទំនុកចិត្តពីអតិថិជន ព្រោះពួកគេគិតថាអ្នកអាចប្ដូរតម្លៃបានតាមចិត្ត ព្រមទាំងគ្មានប្រសិទ្ធភាពក្នុងការលក់ ព្រោះពួកគេអាចឆាតសួរតម្លៃ ប៉ុន្ដែមិនទិញ។

ជារួម អ្នកអាចពិចារណាមើលពីគុណសម្បត្តិ និងគុណវិបត្តិ និងប្រភេទអាជីវកម្ម ព្រមទាំងពេលវេលា និងការសមគួរនៅក្នុងការឆ្លើយតបទៅកាន់អតិថិជនរបស់អ្នកបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here