ដោយៈ សុផារី
ភ្នំពេញៈ ដើម្បីក្លាយខ្លួនជាសហគ្រិនជោគជ័យ ក្នុងវិស័យរបស់ខ្លួនគឺមិនមានជារឿងងាយស្រួលនោះទេ ព្រោះអ្នកត្រូវមានតួនាទីក្នុងការត្រួតពិនិត្យកិច្ចការជាច្រើន និងព្យាយាមបង្កើតនូវផលិតផលថ្មីៗ ដើម្បីអភិវឌ្ឍអាជីវកម្មទៅមុខ។
ខាងក្រោមនេះ ជាចំណេះដឹងមូលដ្ឋានមួយចំនួន ដែលអ្នកគួរស្វែងយល់ក្នុងនាមជាសហគ្រិន៖
១. ចំណេះដឹងហិរញ្ញវត្ថុ
ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានដូចជាការវិភាគលើដំណើរការ ហិរញ្ញវត្ថុរបស់អាជីវកម្ម និងការបង្កើតនូវកញ្ចប់ថវិកាមួយ ដែលមានប្រសិទ្ធភាព សុទ្ធតែផ្នែកសំខាន់ ដែលសហគ្រិនគួរសិក្សា ឈ្វេងយល់ឲ្យស៊ីជម្រៅពីវា។ ការរៀបចំហិរញ្ញវត្ថុអាជីវកម្មមួយត្រឹមត្រូវ នឹងជួយអ្នកឲ្យចៀសផុតពីការប្រើប្រាស់ហិរញ្ញវត្ថុខុសគោលដៅ និងធ្វើឲ្យអាជីវកម្មមានដំណើរការល្អ ទោះមិនជោគជ័យខ្លាំង ក៏អាចឈរជើងបានយូរអង្វែងដែរ។
២. ការនិយាយជាសាធារណៈ
ជំនាញនិយាយជាសាធារណៈ ជាផ្នែកមួយយ៉ាងសំខាន់ ដែលសហគ្រិនគ្រប់រូបមិនគួរមើលរំលង។ វាជួយសហគ្រិន នៅក្នុងការបង្ហាញអាជីវកម្មរបស់ខ្លួន ទៅកាន់សាធារណជន ទាំងវិនិយោគិន និងអតិថិជនបានយ៉ាងមានប្រសិទ្ធភាព។
ប្រសិនបើអ្នកមិនមានសិល្បៈនៃការនិយាយនោះទេ នោះវាក៏ពិបាកនៅក្នុងបញ្ចុះបញ្ចូលអ្នកដទៃ ឲ្យគេជឿជាក់លើផលិតផលរបស់អ្នកដែរ។
៣. ការកំណត់សម្គាល់បញ្ហា
ការកំណត់សម្គាល់បញ្ហា មិនថាក្នុងផ្នែកទីផ្សារ ការគ្រប់គ្រង ឬលក្ខណៈរបស់អតិថិជននោះទេ គឺសុទ្ធតែសំខាន់សម្រាប់អាជីវកម្ម។ ជាពិសេស គឺការកំណត់សម្គាល់នូវចលនាករ នៃលំហូរសាច់ប្រាក់ ព្រោះវានឹងជួយអ្នកនៅក្នុងការកសាង ផែនការអាជីវកម្មបានចំគោលដៅ រយៈពេលវែង និងអាចជៀសពីការប្រថុយប្រថានច្រើន។
៤. បង្កើតទំនាក់ទំនង
ទំនាក់ទំនងជាផ្នែកមួយសំខាន់ ដែលវាជួយឲ្យសាធារណជន ស្គាល់ពីផលិតផល ឬអាជីវកម្មរបស់អ្នកបានច្រើន តាមរយៈបណ្ដាញដែលអ្នកប្រាស្រ័យទាក់ទងផងដែរ។ នេះអាចនិយាយបានថា ជាការធ្វើទីផ្សារអត់ចំណាយក៏ថាបាន។
៥. កែតម្រូវចំណុចខ្វះខាត
អាជីវកម្មមួយជោគជ័យ នៅពេលអ្នកដឹងពីចំណុចខ្សោយរបស់ខ្លួនតាមរយៈការទទួលយកនូវមតិរិះគន់ ស្ថាបនាលើផលិតផល និងសេវាកម្ម បន្ទាប់មកអ្នកអាចព្យាយាម ដោះស្រាយបញ្ហានោះឲ្យទាន់ពេល។ នៅពេលអ្នកទទួលយកមតិយោបល់ពីអតិថិជន មកកែសម្រួលចំណុចខ្វះខាតរបស់ខ្លួន ក៏ជាផ្នែកមួយជួយឲ្យអ្នកដឹងពីតម្រូវការ ជាក់លាក់របស់អតិថិជនផងដែរ។
៦. មានផ្នត់គំនិតអភិវឌ្ឍន៍
ផ្នត់គំនិតអភិវឌ្ឍន៍ នឹងជួយឲ្យអ្នកអាចបង្កើតនូវអ្វី ដែលថ្មីៗសម្រាប់អាជីវកម្ម តាមរយៈការព្យាយាមសិក្សា និងការពង្រឹងសមត្ថភាពពីមួយពេលទៅមួយពេល ដែលនេះជាអ្វីដែលសហគ្រិនត្រូវមាន ដើម្បីអាចឈរជើងបានយូរនៅលើទីផ្សារ ដែលពោរពេញទៅដោយភាព ប្រកួតប្រជែងមួយនេះ។
ជារួមមក ចំណុចទាំង៦ខាងលើនេះ គ្រាន់តែជាមតិមួយជ្រុងនៃការក្លាយជាសហគ្រិនឆ្នើមម្នាក់ប៉ុណ្ណោះ ព្រោះបើជាក់ស្ដែងនៅមានចំណុចជាច្រើនដែលអ្នកគួរតែសិក្សាស្វែងយល់។
យ៉ាងណាក៏ដោយ ព្រៃមួយអាចក្រាស់ឬមានដើមឈើច្រើន សុទ្ធតែកើតពីការបណ្ដុះ នូវដើមឈើមួយដើមចេញមក ដូច្នោះភាពជោគជ័យក៏ដូចគ្នា វាកើតចេញពីការសិក្សា និងទទួលយកនូវចំណេះដឹងបន្តិចម្ដងៗ ដើម្បីសម្រេចវាបាន៕