សិក្សា ៤ចំណុច​នេះ​សិន មុនពេល​ទិញ​ផ្ទះ​សម្រាប់​លក់​បន្ត​យកចំណេញ

ដោយៈ គង់ ម៉ា​លីន

ភ្នំពេញ៖ ស្ថិតនៅក្នុង​បរិបទ​នៃ​ភាព​ពុះកញ្ជ្រោល លើ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា​វិស័យនេះ​មានការ​រីកដុះដាល​គ្រប់​ទីកន្លែង ជា​ពេលដែល​អ្នកមាន​ធនធាន​បាន​វិនិយោគ​លើ​ផ្នែកផ្សេងៗក្នុង​វិស័យនេះ ដូចជា​ទិញ​ផ្ទះ ទិញ​ដី ទិញ​ខុន​ដូ​ទុក​លក់​យកចំណេញ​ជាដើម។

អ្នកវិនិយោគ​មាន​ក្ដី​រំពឹង​ទទួលបាន​ភាគលាភ និង​ប្រាក់ចំណេញ​នៅ​ថ្ងៃ​អនាគត ខណៈដែល​អ្នកវិនិយោគ​មួយចំនួន បានធ្វើ​ឡើង​ទាំង​ភាព​ប្រថុយប្រថាន។ ចង់ដឹង​ទេ​ថា តើ​គួរ​សិក្សា និង​ពឹង​ផ្អែកទៅលើ​ចំណុច​គន្លឹះ​អ្វីខ្លះ ទើប​អាច​ទទួលបាន​ប្រាក់ចំណេញ​ពី​ការវិនិយោគ និង​គេច​ផុតពី​ការខាតបង់ ? ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្សា​ទៅលើ​ទីតាំង

មិន​ថា​លោក​អ្នកទិញ​លំនៅឋាន​សម្រាប់​ស្នាក់នៅ  ឬ​ទិញ​សម្រាប់​ការវិនិយោគ​បន្ត​នោះទេ ចំណុច​ដែល​គួរ​ពិចារណា​មុនគេ​នោះ គឺ​គួរតែ​សិក្សា​ឱ្យបាន​លម្អិត​អំពី​ទីតាំង​ជាមុនសិន។ ត្រូវ​ដឹង​ពី​ព័ត៌មាន​នានា​ឱ្យបាន​ច្រើន​បំផុត ដូចជា បរិយាកាស​ទូទៅ កត្តា​ប្រជាសាស្ត្រ និង​កម្រិតជីវភាព​ក្នុង​តំបន់ ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ជាពិសេស សេវាសាធារណៈ ដូចជា សាលារៀន មន្ទីរពេទ្យ ធនាគារ ជាដើម។

ប្រៀបធៀប​ព័ត៌មាន

 នៅពេល​បាន​សិក្សា​លម្អិត និង​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​ទាំងអស់ ដូច​បាន​រៀបរាប់​ខាង​នេះហើយ លោកអ្នក អាច​យក​ព័ត៌មាន​ទាំងនោះ​ទៅ​ពិចារណា ដោយ​ធ្វើការ​ប្រៀបធៀប​គ្នា​ជាមួយ​ទីតាំង​ផ្សេងទៀត ដែល​ស្ថិតនៅក្នុង​ជម្រើស​របស់លោក​អ្នក​ថា តើ​តំបន់ ឬ​ទីតាំង​ណាមួយ ដែលមាន​ភាព​ទាក់ទាញ មានការ​ចាប់អារម្មណ៍​ច្រើនជាង ដោយ​ដោយ​សំអាង​ទៅលើ​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​ផ្ទាល់ ដែលជា​ចំណុច​សំខាន់។

ភាពចាំបាច់​នៃ​ការទិញ​លំនៅដ្ឋាន 

ការទិញ​លំនៅដ្ឋាន សម្រាប់​វិនិយោគ​ដើម្បី​ទទួលបាន​ចំណេញ ប្រសិនបើ​លោកអ្នក​មាន​ធនធាន​គ្រប់គ្រាន់ លើ​ការទិញ​ទុក​វិនិយោគ​នោះ ដូចជា មិនសូវ​បញ្ហា​នោះទេ ប៉ុន្តែ​បើ​ចំពោះ​អ្នកវិនិយោគ​ដោយ​ការបង់​រំលស់ ឬ​ពឹងផ្អែក​ទៅលើ​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ គួរតែ​គិត​ឱ្យបាន​ដិតដល់ ដែល​វា​អាចជា​ពី​បញ្ហា​ហានិភ័យ​ខ្ពស់ និង​អាច​កើតមាន​ជាយថាហេតុ​ដោយ​ប្រការ​ណាមួយ។

ដូច្នេះ​លោក អ្នក​គួរតែមាន​ការត្រៀម​ទុក នូវ​ដំណោះស្រាយ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ឱ្យបាន​រួចរាល់​ជាស្រេច។ចំណុច​សំខាន់ និង​ចាំបាច់​មួយ​ចំណុច​ទៀត គឺ​ប្រភព​ចំណូល​ដែល​ត្រៀម​បង់​រំលស់​ប្រកបដោយ​ស្ថិរភាព។

ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ

 ដើម្បី​ជួយ​ឱ្យ​ការទិញ​សម្រាប់​វិនិយោគ​របស់លោក អ្នក​អាចមាន​ភាពរលូន​ទៅបាន លោក អ្នក​គួរតែ​រក​អ្នកជំនាញ​ផ្នែក​វិស័យនេះ ដើម្បី​ជួយផ្តល់​ជា​យោបល់​មុនពេល​សម្រេចចិត្ត​ទិញ ពីព្រោះថា​ការសុំ​ពិគ្រោះ​ពី​សំណាក់​អ្នកជំនាញ ក្រៅពី​អាចជួយ​កាត់បន្ថយ​ហានិភ័យ​ហើយ​នោះ ថែមទាំង​ធ្វើឱ្យ​ការទិញ លក់​លំនៅដ្ឋាន​របស់លោក អ្នកមាន​ភាពជឿជាក់ និង​ប្រាកដថា​ការសម្រេចចិត្ត មិនត្រូវ​ធ្វើឡើង​ទាំង​ភាព​ប្រថុយប្រថាន​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here