អ្នកអភិវឌ្ឍន៍អះអាងថា ការលក់ខុនដូមានសន្ទុះឡើងវិញក្នុងរយៈពេលបីខែចុងក្រោយនេះ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ សកម្មភាពនៃការទិញលក់អចលនទ្រព្យ ជាពិសេសខុនដូ នៅក្នុងរយៈពេលពីរបីខែចុងក្រោយនេះ ហាក់ទទួលបានកំណើនឡើងវិញបណ្ដើរៗ ហើយ ជាក់ស្ដែងអ្នកអភិវឌ្ឍន៍គម្រោងខុនដូធំមួយនៅកម្ពុជា គម្រោង Urban Village បានបញ្ជាក់ចាប់តាំងពីខែមិថុនា ដល់បច្ចុប្បន្ននេះ គឺជាឱកាសនៃការលក់ខុនដូ របស់គម្រោងខ្លួនដោយសារតែកំណើននៃទីផ្សារចាប់ផ្ដើមឡើងវិញគួរឱ្យកត់សម្គាល់។ 

លោក Ben Li អគ្គនាយកក្រុមហ៊ុន Urban Hub Cambodia បាននិយាយកាលពីល្ងាចថ្ងៃទី០៤ កញ្ញា ២០២០ក្នុងឱកាសទទួលពានរង្វាន់ពីកម្មវិធី PropertyGuru Award ថា ចាប់តាំងពីអំឡុងខែ កុម្ភៈដល់ខែឧសភា ដែលជាអំឡុងពេលផ្ទុះនៃជំងឺកូវីដ១៩ខ្លាំង ទីផ្សារទូទៅនៃវិស័យអចលនទ្រព្យគឺមានការថយចុះមែន ក៏ប៉ុន្តែរហូតដល់ខែមិថុនាមកឃើញថាទីផ្សារខុនដូចាប់ផ្ដើមកក្រើកឡើងវិញ ហើយជាឱកាសនៃការលក់ខុនដូផងដែរ។ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា នៅពេលដែលកូវីដ១៩ពេញបន្ទុក អ្នកវិនិយោគ មិនអាចចេញទៅក្រៅប្រទេសដើម្បីទិញខុនដូឬអចលនទ្រព្យនានាឡើយ ដូច្នេះនៅពេលស្ថានភាពហាក់ធូរស្រាលពួកគេបែរជាបង្វែរមកវិនិយោគជាមួយខុនដូក្នុងស្រុកវិញ ហើយពួកគេជ្រើសរើសយកគម្រោងណាដែលមានកិត្តិសព្ទល្អ សម្រាប់ការវិនិយោគរបស់ខ្លួន។ 

លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេត បានឱ្យដឹងថា ក្នុងដំណាក់កាលកូវីដ១៩ ជាពេលវេលានៃការទិញអចលនទ្រព្យតាមការចង់បានជាមួយនឹងតម្លៃល្អ ព្រោះថាពេលនោះ អ្នកលក់គឺចង់លក់និងមិនមានលក្ខខណ្ឌសាំញ៉ាំច្រើននោះទេ។ 

ចំណែកលោក ច្រឹក សុខនីមកន្លងទៅនេះ ក៏បានឱ្យដឹងថា វិស័យអចលនទ្រព្យពេលនេះ វាហាក់ដូចជាបង្ហាញនូវសញ្ញាវិជ្ជមានវិញហើយ ហើយវានឹងអាចងើបឡើងវិញនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ ជាមួយនឹងតម្លៃនិងសកម្មភាពអ្នកវិនិយោគ។ ការងើបឡើងវិញនេះដោយសារតែមានដំណឹងល្អ ពីការរកឃើញវ៉ាក់សាំងកំចាត់ជំងឺកូវីដ១៩ពីប្រទេសធំៗលើពិភពលោក ។ នៅពេលមានវ៉ាក់សាំងកំចាត់ជំងឺនេះហើយ អ្នកវិនិយោគនិងទេសចរ ក៏អាចដើរហើរនិងចាប់ផ្ដើមសកម្មភាពវិនិយោគរបស់ខ្លួនវិញមិនខានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here