វៀតណាមចាប់ផ្ដើមរឹតបន្តឹង និងចាត់វិធានការកាន់តែក្ដៅលើការគេចពន្ធអចលនទ្រព្យ

ដោយៈសុខុម

ហាណូយៈ ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើឱ្យនគរបាលជួយសម្រ​បសម្រួលជាមួយនាយកដ្ឋានពន្ធដារ ដើម្បីបើកការស៊ើបអង្កេត និងចាត់វិធានការដោះស្រាយ ករណីគេចពន្ធនៅក្នុងការទិញលក់អចលនទ្រព្យ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃសុក្រ ទី២១ មករា នេះ។

នេះជាសំណើមួយ ក្នុងចំណោមសំណើមួយចំនួន ដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Hồ Đức Phớc បានស្នើទៅក្រសួងសន្តិសុខសាធារណៈ ក្រសួងយុត្តិធម៌ និងគណៈកម្មាធិការប្រជាជន នៃបណ្ដាខេត្ត និងក្រុង ដើម្បីប្រយុទ្ធប្រឆាំង នឹងការបាត់បង់ប្រាក់ចំណូលពន្ធ ក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុ ក៏បានស្នើឱ្យមន្ទីរយុត្តិធម៌ និងមន្ទីរពន្ធដារស្នើសុំឱ្យបណ្ដាភ្នាក់ងារសារការីជួយណែនាំបុគ្គល អ្នកវិនិយោគគម្រោងអចលនទ្រព្យ និងសហគ្រាសជួញដូរអចលនទ្រព្យ នៅក្នុងការប្រកាសតម្លៃទិញលក់អចលនទ្រព្យជាក់ស្ដែងផងដែរ។

ក្នុងពេលជាមួយគ្នានេះ មន្ទីរពន្ធដារត្រូវសម្របសម្រួល ជាមួយនគរ​បាល និងមន្ទីរយុត្តិធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគេចពន្ធ ក្នុងវិស័យអច​លនទ្រព្យ។

ចំណូលពន្ធលើប្រាក់ចំណូល ពីប្រតិបត្តិការទិញលក់អចលនទ្រព្យ មរតក និងអំណោយនៃអចលនទ្រព្យជារៀងរាល់ឆ្នាំ បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រភពប្រាក់ចំណូលពន្ធផ្សេងៗ ដោយគ្របដណ្ដប់ដល់ទៅជាង១០%នៃប្រាក់ចំណូលពន្ធសរុប។

ទោះជាយ៉ាងណា ពន្ធលើអចលនទ្រព្យ ដែលប្រមូលបានជាក់ស្ដែងក្នុងមួយឆ្នាំៗ គឺបានត្រឹមតែជាង១០ទ្រីលានដុង (៤៤២លានដុល្លារអាមេរិក) តែប៉ុណ្ណោះ ដែលវាមិនស៊ីគ្នាទាល់តែសោះ ទៅនឹងប្រតិបត្តិការទិញលក់ជាក់ស្តែង។ វាជារឿងធម្មតាទៅហើយ ដែលការប្រកាសតម្លៃប្រតិបត្តិទិញលក់អចលនទ្រព្យ ទាបជាងតម្លៃជាក់ស្តែង ដើម្បីកាត់បន្ថយចំនួនពន្ធដែលត្រូវបង់ជូនរដ្ឋ។

ក្រសួងហិរញ្ញវត្ថុវៀតណាម និយាយថា ការប្រកាសតម្លៃទាបជាងតម្លៃប្រតិបត្តិការទិញលក់ជាក់ស្តែង គឺជាការល្មើសច្បាប់ស្ដីពីពន្ធដារ ហើយនឹងត្រូវប្រឈមមុខ នឹងការដោះស្រាយតាមផ្លូវច្បាប់។

យោងតាមបទប្បញ្ញត្តិដែលមានស្រាប់ រដ្ឋយកពន្ធលើប្រាក់ចំណូលពីប្រតិបត្តិការទិញ លក់អចលនទ្រព្យ២%សម្រាប់បុគ្គល និង២០%សម្រាប់ក្រុមហ៊ុនសហគ្រាស។ តម្លៃជាប់អាករគឺជាតម្លៃ ដែលបានប្រកាសនៅក្នុងកិច្ចសន្យាដែលទទួលស្គាល់ដោយសារការី។

ជាញឹកញយណាស់ ដែលកិច្ចសន្យាទិញអចលនទ្រព្យ ត្រូវបានប្រកាសក្នុងតម្លៃទាបខ្លាំង គឺទាបជាងច្រើនដង បើធៀបនឹងតម្លៃដែលបានព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញដើម្បីគេចវេះការបង់ពន្ធខ្ពស់៕  Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here