តើ​ទីក្រុង​ភ្នំពេញ​នឹងត្រូវ​ពង្រីក​បន្ថែមទៀត​នៅ​ឆ្នាំ២០២៥ខាងមុខ?

ដោយ វណ្ណា​រ៉ា

ភ្នំពេញ អភិបាលក្រុង​ភ្នំពេញ លោក​ឃួ​ង ស្រេង​កាលពី​សប្តាហ៍​ឲ្យ​ដឹងថា រាជធានី​ភ្នំពេញ​អាច​នឹងត្រូវ​ពង្រីក​បន្ថែមទៀត​នាពេល​អនាគត ខណៈ​ទីក្រុង​នេះ​មាន​ទំហំ​ធំ​ជិត៧០០គីឡូម៉ែត្រ​ក្រឡា​រួចហើយ។

រំលឹក​កាលពី​ឆ្នាំមុន អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បានស្នើ​ឲ្យ​លោកស្រី Pauline CARMONA អនុប្រធាននាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី​ជួយ​សិក្សា​លំអិត ដើម្បី​ឈានទៅ​ពង្រីក​ទីក្រុង​ភ្នំពេញ​បន្ថែមទៀត ដើម្បី​ជាការ​ចូលរួម​ដោះស្រាយ​បញ្ហា​កំណើន​ប្រជាសាស្ត្រ ក៏ដូចជា​ពង្រីក​ការអភិវឌ្ឍ​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ​កម្ពុជា​លោក​ង៉ែត ជូ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា លោក​សូម​អបអរសាទរ​ជាមួយ នឹង​ការស្នើសុំ​អ្នកជំនាញ នៃ​ប្រទេស​បារាំង​លើក​គម្រោង​សិក្សា ទៅលើ​ការពង្រីក​រាជធានី​ភ្នំពេញ ព្រោះ​ការសិក្សា​មុន​ពេលធ្វើ​អ្វីមួយ វា​តែង​ផ្តល់​ផល​វិជ្ជមាន និង​ឱកាសល្អ​ច្រើនជាង​អវិជ្ជមាន។

លោក​បន្តថា “កាលណា​យើង​បាន​សិក្សា គឺមាន​ផល​វិជ្ជមាន​ច្រើន ដែល​យើង​អាច​កំណត់​បាន​ពី​ទំហំ នឹង​ទីតាំង ប្រភេទ​ដី​នៅតាម​តំបន់​ជាយក្រុង​ដែល​គួរ​អភិវឌ្ឍ ជាពិសេស យើង​អាច​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​យ៉ាង​ល្អ ដូចជា​គួរ​បំពាក់​ប្រព័ន្ធ​អគ្គិសនី ឬ ប្រព័ន្ធ​សុវត្ថិភាព​នៅ​តំបន់​ជា​អទិភាព» ។ លោក​បន្តទៀតថា “ទីក្រុង​ភ្នំពេញ​យូរ និង​ឆាប់ គឺ​ត្រូវតែ​ពង្រីក។

ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ននេះ រាជធានី​ភ្នំពេញ​កំពុងតែ​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដែល​ខាង​សាលាក្រុង​កំពុង​ឈឺក្បាល និង​រក​ដំណោះស្រាយ​ជា​បន្តបន្ទាប់ ក៏​ប​ន្តែ​វា​នៅតែ​ជា​បញ្ហា​ដដែល។

លោក​ង៉ែត ជូ បានលើកឡើង​ផងដែរ​ថា ការពង្រីក​ក្រុង​គឺ​ត្រូវតែ​ពង្រីក​ជា​ចាំបាច់។ កំណើន​ប្រជាសាស្ត្រ វា​គ្រាន់តែ​ជា​ចំណុច​មួយ ក្នុងចំណោម​ចំណុច​សំខាន់​ជាច្រើន​ទៀត​នាពេល​បច្ចុប្បន្ន ដែលមាន​ត្រឹម​ប្រមាណ​ជា២លាន​នាក់​តែប៉ុណ្ណោះ។ ប៉ុន្តែ​បើ​យើង​សម្លឹង​មើលទៅ​រយៈពេល៥ឆ្នាំ​ឬ១០ឆ្នាំ​ទៅមុខទៀត​ទីក្រុង​នេះ នឹងមាន​មនុស្ស​រស់នៅ​កាន់តែច្រើន ដូច្នេះ​បើ​យើង​គ្មាន​ផែនការមេ​ជាក់លាក់ និង​ច្បាស់លាស់​នោះទេ វា​នឹង​ក្លាយជា​ជំងឺ​ដែល​ពិបាក​ព្យាបាល និង​ជា​ឧបសគ្គ​យ៉ាងខ្លាំង​ជាក់​ជាមិនខាន។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solutions បាន​ព្យាករណ៍​ថា ប្រជាជន​រស់នៅ​ទីក្រុង​ភ្នំពេញ នឹង​កើន​ឡើងដល់ ៤,៥លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​មានប្រសាសន៍​ឲ្យ​ដឹងថា វា​ជា​ការពិត​នៅពេល​មាន​កំណើនប្រជាជន​ច្រើន រហូតដល់​ចន្លោះ​ពី២ទៅ៣លាន​នាក់ មក​ពូន​ផ្តុំ​នៅក្នុង​តំបន់​រាជធានី​ភ្នំពេញ ដែលមាន​ផ្ទៃក្រឡា​ត្រឹម​ជាង៦៧៨ គីឡូម៉ែត្រ​ការ៉េ​នោះ គេ​ត្រូវតែ​សិក្សា​លម្អិត​ថា​តើ​មាន​ផលប៉ះពាល់ និង​ឱកាស​អ្វីខ្លះ ដើម្បី​ងាយស្រួល​ក្នុងការ​ដោះស្រាយ និង​ចាត់ចែង​ទៅតាម​តំបន់​ធ្វើការ​អភិវឌ្ឍន៍​ឱ្យចំ​គោលដៅ។

លោក​បាន​បន្តទៀតថា “បើទោះជា​បច្ចុប្បន្ននេះ សាលា​រាជធានី​ភ្នំពេញ​មាន​ប្លង់​មេ ឬ Master Plant យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​វា​តម្រូវឱ្យមាន​ការចូល​រួម​ពី​សំណាក់​រាជរដ្ឋាភិបាល ជាពិសេស​ប្រជាពលរដ្ឋ​ទូទៅ​ទាំងអស់គ្នា ដើម្បី​ឱ្យមាន​សណ្ដាប់ធ្នាប់​ល្អ និង​សុខ​សុវត្ថិភាព​សង្គម” ។

ពាក់ព័ន្ធ​ទៅនឹង​គម្រោង នៃ​ការសិក្សា​ពង្រីក​រាជធានី​ភ្នំពេញ ឱ្យ​ធំ​ទូលាយ​ជាង​ពេលអនាគត គេ​មិនអាច​សុំ​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េ​ត មាស​ភក្ដី បាន​នោះទេ ដោយ​លោក​បញ្ជាក់ថា​ជាប់រវល់​ប្រជុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here