ដោយៈ ជេននី
ប៉េកាំងៈ ប្រទេសចិន បានចាប់ផ្តើមការដ្ឋានសាងសង់ស្ថានីយ៍ផ្លូវដែក ស្វ័យប្រវតិ្តកម្មនៅក្នុងសមុទ្រដំបូងគេបង្អស់ ដែលមានទីតាំងស្ថិតនៅកំពង់ផែ Qinzhou ក្នុងខេត្ត Guangxi ។
យោងតាមព័ត៌មានបឋមផ្លូវការ ដែលចុះផ្សាយតាមសារព័ត៌មាន SeaTrade បានបញ្ជាក់ឲ្យដឹងថា ស្ថានីយ៍នេះនឹងក្លាយជាចំណតផែ ដែលមានចំណតផ្ទុករថយន្តកុងតឺនឺរស្វ័យប្រវត្តិបានរហូតដល់ ១០០,០០០ តោន ហើយចំណតផែនេះ នឹងអនុញ្ញាតឱ្យបំពេញប្រតិបត្តិការ និងដឹកជញ្ចូនផលិតផលឧស្សាហកម្មបាននៅក្នុងឆ្នាំ២០២២ ។
បន្ទាប់ពីបញ្ចប់ការស្ថាបនាស្ថានីយ៍នេះរួច វានឹងក្លាយទៅជាស្ថានីយ៍ស្វ័យប្រវត្តិកម្មទី៥ ប៉ុន្តែគឺជាស្ថានីយ៍ផ្លូវដែកស្វ័យប្រវត្តិកម្មដំបូងគេបង្អស់នៅប្រទេសចិន។
ចំណតផែនឹងមានចំនួន ២ទីតាំង សុទ្ធតែស្ថិតនៅក្នុងកំពង់ផែ Qinzhou ដែលក្លាយជាជាគម្រោងដ៏ធំ សម្រាប់ការស្ថាបនាថ្មី នៅសមុទ្រភាគលិចនៃប្រទេស។ លើសពីនេះវាជាគម្រោងដ៏សំខាន់ សម្រាប់ឈូងសមុទ្រកំពង់ផែ BeiBu និងផ្សព្វផ្សាយពីការសាងសង់ដ៏ឈ្លាសវៃនៅក្នុងតំបន់។
យ៉ាងណាមិញ មិនទាន់មានរបាយការណ៍ណា បញ្ជាក់ច្បាស់អំពីតម្លៃវិនិយោគ និងព័ត៌មានបញ្ជាក់ពីប្រវែង នៃគម្រោងទាំងមូលនៅឡើយទេ។
បច្ចុប្បន្ន កំពង់ផែ BeiBu មានប្រតិបត្តិការផ្លូវដឹកជញ្ជូនចំនួន៥២ ដែលនេះជាសេវាកម្មចំបងសម្រាប់ការដឹកជញ្ជូន នៅក្នុងតំបន់សមុទ្រក្នុងស្រុក តំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីឥសាន៕