វិស័យអាកាសចរណ៍កម្ពុជា ចាប់ផ្តើមមានកំណើនតិចតូចឡើងវិញ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ចាប់តាំងពីជំងឺកូវីដ១៩ នៅលើពិភពលោក បានរាលដាលខ្លាំងមក បណ្ដាប្រទេសនានា រួមទាំងកម្ពុជាបានផ្អាកការទទួលជើងហោះហើរពីគោលដៅមួយចំនួន តែយ៉ាងណាកម្ពុជាមិនបានបិទជើងហោះហើរទាំងស្រុងនោះឡើយ ដោយក្នុងមួយថ្ងៃកម្ពុជានៅតែទទួលបានជើងហោះហើរប្រមាណ៤ទៅ៥ជើង។

លោក ទិត្យ ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី០៣ កញ្ញាថា តាំងពីជំងឺកូវីដ១៩ផ្ទុះរាលដាលខ្លាំងនៅលើពិភពលោក កម្ពុជាមិនបានបិទជើងហោះហើរទាំងស្រុងដូចប្រទេសមួយចំនួននោះទេ ក៏ប៉ុន្តែទទួលស្គាល់ថាជើងហោះហើរពីគោលដៅ នានាបានធា្លក់ចុះខ្លាំង ។ យ៉ាងណាក៏កម្ពុជាទទួលបានជើងហោះហើរប្រមាណពី៤ទៅ៥ជើងហោះហើរដែរ ដោយគិតជាចំនួនភ្ញៀវវិញមានប្រមាណពី៣០០នាក់ទោ១០០០នាក់ ក្នុងមួយថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ភ្ញៀវដែលធ្វើដំណើរតាមជើងហោះហើរមកកាន់កម្ពុជា គឺជាភ្ញៀវទេសរធុរកិច្ច ដោយមិនមានភ្ញៀវទេសចរមកទស្សនាកម្សាន្តដូចកាលពីមុននោះទេ។ ក្រៅពីភ្ញៀវធុរកិច្ច ក៏មានភ្ញៀវជាអ្នកការទូត ភ្ញៀវដែលមានបងប្អូននៅកម្ពុជា និងត្រូវមកសម្រាកយូរថ្ងៃ ជាដើម។ ហើយរហូតមកដល់ពេលនេះ គឺមិនមានភ្ញៀវទេសចរកម្សាន្តមកតាមជើងហោះហើរនោះទេ។

លោកថា៖« រាល់ភ្ញៀវដែលធ្វើដំណើរតាមជើងហោះហើរមកកាន់កម្ពុជា ក៏ត្រូវគោរពតាមវិធានរបស់ក្រសួងសុខាភិបាលក៏ដូចជាវិធានរបស់អង្គការសុខភាពពិភពលោកផងដែរ ក្នុងនោះបើសិនជាក្នុងជើងយន្តហោះមួយណាត្រូវបានរកឃើញថាអ្នកណាម្នាក់មានតេស្តវិជ្ជមានកូវីដ១៩ អ្នកក្នុងយន្តហោះទាំងប៉ុន្មានត្រូវធ្វើចត្តាឡីស័កនិងតាមដានរកកូវីដ១៩បន្តទៀត » ។

លោកទិត្យ ចន្ថាបានបន្ថែមថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងសិក្សានិងពិចារណាក្នុងការបើកជើងហោះហើរឡើងវិញជាមួយបណ្ដាប្រទេសនានា លើពិភពលោក ជាក់ស្ដែងពេលនេះកម្ពុជាបានបើកជើងហោះហើរពីប្រទេសសឹង្ហបុរី ជើងហោះហើរទីក្រុងប៉េកាំង និងកំពុងពិចារណាលើការបើកពី ប្រទេសជប៉ុនមកកម្ពុជាផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានអោយដឹងថាក្នុងរយៈពេល១ឆមាសឆ្នាំ ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរតាមជើងយន្តហោះប្រមាណជាង៦៨២ពាន់នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ មានការធ្លាក់ចុះ៧១ភាគរ។ បើសរុបភ្ញៀវទេសចរចូលតាមគ្រប់ច្រកមកកម្ពុជា មានចំនួន ១លាន១៨២ពាន់នាក់ថយចុះ៦៤,៦ភាគរយធៀបនឹងឆមាសទី១ឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here