អភិបាលខេត្ត៖ ការដោះស្រាយ​ផលប៉ះពាល់​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​នៅ​ខេត្តកំពង់ស្ពឺ​បានបញ្ចប់​ហើយ

ដោយៈ វណ្ណា​រ៉ា

កំពង់ស្ពឺៈ អភិបាលខេត្ត​កំពង់ស្ពឺ​បាន​អះអាងថា ការដោះស្រាយ​ផលប៉ះពាល់​នានា នៅតាម​បណ្តោយ​ផ្លូវ​គម្រោង​សាងសង់ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ សម្រាប់តែ​ខេត្តកំពង់ស្ពឺ គិត​ត្រឹម​ដើមខែ​កញ្ញា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត​បានសម្រេច​បាន​ជិត ១០០ភាគរយ​ហើយ។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ត្រឹម​ព្រឹក​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក​ថា លទ្ធផល​នៃ​ការដោះស្រាយ​ផលប៉ះពាល់​នានា នៅតាម​បណ្តោយ​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ-ព្រះសីហនុ ដែល​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​ត្រូវបាន​សម្រេច​ជិត ១០០ភាគរយ​ហើយ ពោលគឺ​នៅសល់​ត្រឹម​ប៉ុន្មាន​គ្រួសារ​តែប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បញ្ជាក់ថា “ចំនួន​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់​ជាមួយ​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រមាន​ជាង ៣០០០គ្រួសារ ប៉ុន្តែ​យើង​បានធ្វើការ​ដោះស្រាយបាន​ស្ទើរតែ ១០០ភាគរយ​ហើយ នៅសល់តែ​ប្រជាពលរដ្ឋ​មួយចំនួន​តូច ដែល​ស្ថិតនៅ​ក្នុងភូមិ​ពាន​ទុង ហើយ​បើតាម​គម្រោង ដែល​បានលើកឡើង​កាលពី​ចុងខែ​កន្លង​ទៅនោះ នឹងត្រូវ​ប្រជុំ​ជាមួយ​ពួកគាត់​នៅ​ថ្ងៃទី៤ ស្អែក​នេះ ប៉ុន្តែ​ឥឡូវ​ត្រូវបាន​ពន្យា​បន្តិច” ។

លោក​វ៉ី សំណាង បាន​បញ្ជាក់ថា តាម​កាលកំណត់ អាជ្ញាធរខេត្ត​ត្រូវ​ជួប​ជាមួយ​ពួកគាត់​នៅ​ថ្ងៃស្អែក​នេះ ប៉ុន្តែ​ដោយសារតែ​ត្រូវ​ចូលរួម​ប្រជុំ​គណៈរដ្ឋមន្ត្រី តាមរយៈ​វីដេអូ​ជាមួយ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី៤ ខែកញ្ញា ស្អែក​នេះ​ក៏ត្រូវ​ពន្យា​ពេល​ជួប​ជាមួយ​ពួកគាត់ រហូតដល់​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​ក្រោយនេះ​វិញ។

សម្រាប់​ការដោះស្រាយ​លើ​ផលប៉ះពាល់ លើ​គម្រោង​មួយ​នេះ ហាក់​មិនមាន​ផល​លំបាក​នោះទេ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​យល់ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ ក្រោម​អធិបតីភាព  សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​សម្តេច​បាន​មានប្រសាសន៍ថា គម្រោង​នេះ គឺជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា ក្នុងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ​នេះ ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល​ប្រវែង ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង ១,៩២គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​មាន​ប្រវែង ៨៩,៨៩គីឡូម៉ែត្រ។ ការស្ថាបនា​ផ្លូវ​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២,០០០លាន​ដុល្លារ​អាម៉េរិក ជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ។

គម្រោង​នេះ ត្រូវបាន​ផ្តល់​ការប្រឹក្សា​បច្ចេកទេស​សាង សង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨ខែ ដោយ​គិត​ចាប់ពី​ខែមីនា ឆ្នាំ២០១៩ ដល់​ខែមីនា ឆ្នាំ២០២៣ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here