ដោយៈលក្ខិណា
ភ្នំពេញៈ ចាប់តាំងពីធនាគារជាតិនៃកម្ពុជា បានណែនាំគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនអតិថិជន ដែលរងផលប៉ះពាល់ក្នុងវិបត្តិឃើញថា ធនាគារនិងមីក្រូហិរញ្ញវត្ថុ នៅតែបន្តរៀបចំឥណទានឡើងវិញ។
ជាក់ស្ដែងក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ការរៀបចំឥណទានឡើងវិញមានទំហំ ទឹកប្រាក់ជាង៥,៥ពាន់លានដុល្លារអាមេរិក ។នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយពេលថ្មីៗនេះ។
នៅក្នុងរបាយការណ៍និយាយពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០២១ និងទស្សនទានវិស័យឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាស ដែលមានចំណូលធ្លាក់ចុះ និងគ្រប់គ្រងសម្ពាធមកលើឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឱ្យបន្តរៀបចំឥណទានឡើងវិញ លើគ្រប់វិស័យដែលសរុបមានចំនួនជាង៣៧ម៉ឺនគណនី ស្មើនឹងជាង២២,៤ទ្រីលានរៀលឬប្រមាណ៥,៥ពាន់លានដុល្លារអាមេរិក ។
លោកស្រី ឌិត នីតានាយិកាប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Camma កន្លងមកក៏បានថ្លែងថា ម្ចាស់អាជីវកម្ម ពិតជាមានការជួបផលលំបាក ក្នុងការស្វែងរកហិរញ្ញវត្ថុមកផ្គត់ផ្គង់អាជីវកម្ម ។ ការផ្ដល់ឥណទានឡើងវិញ និងការបន្តផ្ដល់ឥណទានដល់អតិថិជន ដែលជួបផលពិបាកនេះ គឺជាការជួយសង្គ្រោះអាជីវកម្មរបស់ពួកគាត់ឱ្យបន្តរស់រាន និងដំណើរការទៅមុខទៀត ។
ធនាគារជាតិបញ្ជាក់ថា នៅក្នុងបញ្ហាប្រឈម ដែលអូសបន្លាយអស់ រយៈពេល២ឆ្នាំកន្លងមកនេះ ប្រព័ន្ធធានាគារបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យដែលរងផលប៉ះពាល់ ។ធនាគារជាតិ នៃកម្ពុជាបានបន្តរក្សាការបន្ធូបន្ថយ បទប្បញ្ញត្តិនិងផ្ដល់លទ្ធភាព ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ សម្រាប់រក្សានិរន្តរភាព នៃការផ្ដល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ច។
ជាមួយគ្នានេះដែរ ការបែងចែកប្រាក់ចំណេញ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីលើកទឹកចិត្តឱ្យបង្កើនការវិនិយោគបន្ថែម ក្នុងប្រព័ន្ធធនាគារសំដៅពង្រឹង ដើមទុនឱ្យកាន់តែរឹងមាំ ។ ជាលទ្ធផលកំណើនឥណទាន បានបន្តកើនឡើង២១,២ភាគរយ កើនដល់៤៥,៧ពាន់លានដុល្លារអាមេរិក។
ធនាគារជាតិបញ្ជាក់បន្ថែមថា ដោយសារតែមានការជឿជាក់ចិត្តពីសំណាក់អតិថិជន មកលើប្រព័ន្ធធនាគារធ្វើឱ្យវិស័យនេះ បន្តមានភាពរឹងមាំ ដែលឆ្លុះបញ្ចាំង តាមរយៈកំណើនប្រាក់បញ្ញើអតិថិជន ដែលមានអត្រា១៥,៤ភាគរយ គិតជាប្រាក់៣៨,៥ពាន់លានដុល្លារអាមេរិក បរិយាប័ន្នហិរញញវត្ថុ បានកើនឡើងដោយចំនួនគណនី ប្រាក់បញ្ញើអតិថិជនកើនឡើងដល់១២,១លានគណនី និងគណនីឥណទានអតិថិជនកើនដល់៣,៣លានគណនីផងដែរ៕