មុនសំរេចចិត្តទិញភាគហ៊ុនតើគួរពិចារណាលើកត្តាអ្វីខ្លះ?

ដោយ:ម៉ាលីស

ភ្នំពេញ: ការវិនិយោគជាទូទៅគឺមានហានិភ័យ ដូចនេះយើងត្រូវមានការវិភាគជាមូលដ្ឋានជាមុនសិនមុននឹងសម្រេចចិត្តវិនិយោគដើម្បីទទួលបានអត្រាចំណេញច្រើនជាមួយនឹងកម្រឹតហានិភ័យសមស្រប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែងគឺមានកត្តាមួយចំនួនដែលជះឥទ្ធិពលទៅលើបម្រែបម្រួលនៃថ្លៃភាគហ៊ុន និងជាកត្តាសម្រាប់យើងវិភាគមុននឹងសម្រេចចិត្តវិនិយោគលើភាគហ៊ុនណាមួយ។

ខាងក្រោមនេះគឺជាកត្តាសំខាន់ៗមួយចំនួនដែលអ្នកត្រូវពិចារណាមុនសំរេចចិត្តទិញភាគហ៊ុន៖

១ កត្តាសេដ្ឋកិច្ច
ភាគហ៊ុនងាយរងឥទ្ធិពលពីកត្តាផ្នែកខាងក្រៅ (ExternalFactors) ណាស់ ហើយកត្តាសេដ្ឋកិច្ចឬបញ្ហាផ្សេងៗនៅក្នុងប្រទេសអាចជះឥទ្ធិពលដល់តម្លៃហ៊ុនឲ្យឡើង ឬចុះបានយ៉ាងងាយ។ ជាក់ស្តែងក្នុងរដូវកាលកូវីដ១៩នេះ តម្លៃហ៊ុនទូទាំងពិភពលោកបានធ្លាក់ចុះ ដែលធ្វើឲ្យអ្នកវិនិយោគជាច្រើនមានការព្រួយបារម្ភ។ ប៉ុន្តែវាអាចជាឱកាសល្អសម្រាប់អ្នកដែលចង់ទិញភាគហ៊ុនក្នុងតម្លៃថោកទៅវិញ។

២ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
ក្រៅពីសង្កេតមើលកត្តាខាងក្រៅហើយ អ្នកគួរពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលអ្នកចាប់អារម្មណ៍។

របាយការណ៍នេះអាចផ្តល់ព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងក្រុមហ៊ុនដើម្បីជាជំនួយដល់ការសម្រេចចិត្តរបស់អ្នក។ អ្នកអាចពិនិត្យមើលថាតើក្រុមហ៊ុនចំណេញ ឬខាតប៉ុន្មានក្នុងមួយឆ្នាំៗ ឬក្រុមហ៊ុនមានទ្រព្យសម្បត្តិឬ បំណុលចំនួនប៉ុន្មាន។ល។

៣ សន្ទុនៃការរីកចម្រើនរបស់ក្រុមហ៊ុន
មិនថាអ្នកចង់ទិញភាគហ៊ុនលក់ (ជួញដូរ) ឬទិញទុករយៈពេលយូរនោះទេ អ្នកគួរតែស្វែងយល់បន្ថែមអំពីក្រុមហ៊ុននោះជាពិសេសទៅលើការរីចម្រើនរបស់គេ។

ការរីកចម្រើននេះអាចមើលទៅលើប្រាក់ចំណេញ ឬកេរ្តិ៍ឈ្មោះ (Brandname) របស់ក្រុមហ៊ុននោះព្រោះភាគហ៊ុនមួយអាចផ្តល់ភាគលាភ (dividend) បានលុះត្រាតែក្រុមហ៊ុននោះមានប្រាក់ចំណេញ ឬប្រសិនបើក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អ ក៏វាអាចងាយស្រួលក្នុងការលក់ភាគហ៊ុនបានក្នុងតម្លៃខ្ពស់ ដែលវាអាចជួយកាត់បន្ថយកម្រិតហានិភ័យបានមួយចំណែកដែរ។

៤ ស្ថេរភាពរបស់ក្រុមហ៊ុន
ក្នុងន័យនេះស្ថេរភាពរបស់ក្រុមហ៊ុនសំដៅទៅលើបែបបទនៃការគ្រប់គ្រងរបស់ក្រុមហ៊ុន និងដំណើរការ (តើអាចបន្តទៅមុខទៀតបានឬទេ)។ ក្រៅពីនោះអ្នកអាចស្វែងរកបន្ថែមនូវព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលបានចុះផ្សាយជាសាធារណៈ (ទ្រព្យសម្បត្តិបំណុលប្រាក់ចំណេញប្រចាំឆ្នាំជាដើម) ដើម្បីដឹងពីលទ្ធភាពដែលក្រុមហ៊ុនអាចបន្តអាជីវកម្មទៅមុខ។

៥ សិក្សាបន្ថែមពីការវិនិយោគ
លើសពី៤ចំណុចខាងលើយ៉ាងហោចណាស់អ្នកគួរតែស្វ័យសិក្សាពីមូលដ្ឋានគ្រឹះមួយចំនួនអំពីការវិនិយោគដូចជាការវិភាគសមាមាត្រសំខាន់ៗរួមមាន P/Eratio, ReturnonEquityratio, Earningspershare ជាដើមដែលសុទ្ធសឹងជាកត្តាគួរពិចារណាថាភាគហ៊ុនមួយណាមានកម្រិតហានិភ័យអាចទទួលយកបាននិងអាចផ្តល់ផលចំណេញមកវិញខ្ពស់។ បន្ថែមពីនេះអ្នកគួរតែសិក្សាឲ្យច្បាស់ផងដែរអំពីច្បាប់និងក្រឹត្យក្រមផ្សេងៗក្នុងការវិនិយោគដែលមានចែងចៀសវាងមានបញ្ហានាពេលក្រោយ។

ជាចុងក្រោយចំពោះការវិនិយោគអ្នកមិនគួរយកប្រាក់ត្រូវប្រើប្រាស់ប្រចាំថ្ងៃឬប្រាក់សន្សំទាំងអស់ដែលអ្នកមានទៅដាក់វិនិយោគលើភាគហ៊ុនតែមួយនោះទេ។ អ្នកគួរបែងចែកប្រាក់សម្រាប់ការវិនិយោគដាច់ដោយឡែកពីផែនការចំណាយដទៃទៀតរបស់អ្នកហើយក៏មិនគួររំពឹងខ្លាំងទៅលើការចំណេញក្នុងមួយប៉ប្រិចភ្នែកនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here