បាគង របស់ NBC បានទទួលពានរង្វាន់ផលិតផលនិងសេវាកម្មដែលមានឧត្តមភាពប្រចាំឆ្នាំ២០២១

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានទទួលពានរង្វាន់ផលិតផលនិងសេវាកម្មដែលមានឧត្តមភាព (Nikkei Superior Products and Services Awards) ប្រចាំឆ្នាំ២០២១ សម្រាប់ប្រព័ន្ធទូទាត់បាគង (Bank Digital Currency Bakong) ពីទស្សនាវដ្តីជប៉ុន Nikkei ដោយពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

បាគង ដែលជារូបិយប័ណ្ណឌីជីថលគ្រប់គ្រងដោយធនាគារជាតិកម្ពុជានិងចាប់ផ្តើមដំណើរការជាផ្លូវការនៅក្នុងខែតុលា ឆ្នាំ ២០២០ទទួលបានពានរង្វាន់នេះសម្រាប់បច្ចេកវិទ្យាច្នៃប្រឌិត និងឥទ្ធិពលលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិកម្ពុជា សង្ឃឹមថា បាគងនឹងរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេស ដោយបង្កើតប្រព័ន្ធហិរញ្ញវត្ថុរួមមួយ ដែលអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមូលដ្ឋានដោយប្រើប្រាស់ស្មាតហ្វូន។ កម្មវិធីស្មាតហ្វូនបាគងអាចប្រើបាននៅតាមហាងនានានិងសម្រាប់ការផ្ទេរប្រាក់។ អ្នកប្រើប្រាស់អាចផ្ញើប្រាក់ ដរាបណាមានលេខទូរស័ព្ទរបស់កម្ពុជា តាមរយៈការស្កេនកូដ QR ឬបញ្ជាក់លេខទូរស័ព្ទរបស់អ្នកទទួល ហើយប្រតិបត្តិការអាចធ្វើឡើងជាប្រាក់រៀលកម្ពុជា ឬដុល្លារអាមេរិក។

តាមធនាគារជាតិនៃកម្ពុជា កម្មវិធីបាគងមានអ្នកប្រើប្រាស់ប្រហែល២៧០,០០០នាក់គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។ ជាលទ្ធផល រូបិយប័ណ្ណបានទៅដល់មនុស្សប្រហែល៧,៩លាននាក់ ដែលជិតពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសកម្ពុជា ដែលមានចំនួន១៦,៧ លាននាក់ រួមទាំងអ្នកដែលបានទទួលដោយប្រយោលតាមរយៈកម្មវិធីពីធនាគារដៃគូ។ មានប្រតិបត្តិការសរុបចំនួន៦,៨លាន ដែលមានតម្លៃប្រហែល២,៩ពាន់លានដុល្លារ គិតត្រឹមខែវិច្ឆិកានេះ។

លោកស្រី ជា សេរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “បាគងអនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការរវាងអ្នកប្រើប្រាស់ផ្សេងៗគ្នានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលធ្វើឱ្យការទូទាត់តាមឌីជីថលកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន”។

លោកស្រីមានបន្តថា “អន្តរប្រតិបត្តិការរវាងអ្នកប្រើប្រាស់ផ្សេងគ្នានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនឹងមិនត្រឹមតែបង្កើតតម្លៃបន្ថែមដល់អ្នកប្រើប្រាស់ចុងក្រោយទាក់ទងនឹងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់ទំនាក់ទំនងរវាងធនាគារ និងស្ថប័នមិនមែនធនាគារ និងរវាងទីជនបទនិងទីក្រុង ដូច្នេះវាបង្កើតឱ្យមានទំនាក់ទំនងសង្គម”។

អ្នកស្រីបាននិយាយថា “នេះជាការកត់សម្គាល់ ពិសេសសម្រាប់ពលករចំណាកស្រុក និងនិស្សិត ដែលចាកចេញពីភូមិកំណើតរបស់ពួកគេទៅធ្វើការ ឬសិក្សានៅតំបន់ទីក្រុង ហើយត្រូវការទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយគ្រួសាររបស់ពួកគេ”។

កាលពីឆ្នាំ២០២១៧ កម្ពុជាត្រូវបានចាត់ចូលជា “ប្រទេសអភិវឌ្ឍន៍តិចបំផុត” ដោយអង្គការសហប្រជាជាតិ។ មានត្រឹម២២% នៃមនុស្សពេញវ័យ ដែលមានគណនីទូទាត់តាមធនាគារ ឬតាមទូរស័ព្ទ ដែលទាបជាងតួលេខក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រមាណ៧០%។

នោះគឺជាហេតុផលសំខាន់មួយដែលធនាគារកណ្តាលបានបង្កើតរូបិយប័ណ្ណឌីជីថលថ្មី ដោយដាក់ចេញនូវប្រព័ន្ធដែលនឹងផ្តល់ឱ្យគ្រប់គ្នានូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ។ ធនាគារជាតិនៃកម្ពុជាបានធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា blockchain របស់ជប៉ុនឈ្មោះថា Soramitsu ដើម្បីអភិវឌ្ឍកម្មវិធីបាគង។

ទន្ទឹមនឹងការលើកកម្ពស់ការប្រើប្រាស់បាគងក្នុងស្រុក ធនាគារជាតិនៃកម្ពុជាក៏កំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុនៅក្រៅប្រទេសផងដែរ។ កាលពីខែសីហា ធនាគារជាតិនៃកម្ពុជានិងធនាគារពាណិជ្ជម៉ាឡេស៊ី Malayan Banking បានបង្កើតការផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើបាគង ដោយផ្តល់ឱ្យពលករកម្ពុជានៅម៉ាឡេស៊ីនូវមធ្យោបាយផ្ញើប្រាក់យ៉ាងរហ័សទៅកាន់គ្រួសារ។

លោកស្រី ជា សេរី បានបន្ថែមថា “កិច្ចខិតខំប្រឹងប្រែងរបស់ NBC ដើម្បីលើកកម្ពស់ការផ្ទេរប្រាក់ឆ្លងព្រំដែនតាមរយៈបាគងក៏ត្រូវបានរំពឹងថានឹងផ្តល់ឱ្យកម្មករអន្តោប្រវេសន៍ ជាពិសេសស្ត្រី មានការគ្រប់គ្រងកាន់តែប្រសើរឡើងលើហិរញ្ញវត្ថុ ដោយអាចផ្ញើប្រាក់ប្រកបដោយប្រសិទ្ធភាពទៅកាន់អ្នកផ្តល់សេវាក្នុងស្រុក ដូចជាសាលារៀន មន្ទីរពេទ្យ ឬ បង់ថ្លៃទឹកភ្លើង ដោយមិនចាំបាច់ឆ្លងឈ្មួញកណ្តាល”។

ដោយសារប្រទេសកម្ពុជាប្រើប្រាស់ប្រព័ន្ធរូបិយប័ណ្ណពីរ ក្នុងនោះប្រាក់ដុល្លារអាមេរិកត្រូវបានប្រើសម្រាប់ប្រតិបត្តិការភាគច្រើន បាគងក៏ជាមធ្យោបាយមួយរបស់ធនាគារកណ្តាល ក្នុងការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀល។ ធនាគារកណ្តាលសង្ឃឹមថា ការកើនឡើងនៃការប្រើប្រាស់ប្រាក់រៀលតាមរយៈបាគងនឹងជួយក្នុងការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់កម្ពុជា។ ការដាក់ឱ្យដំណើរការរបស់បាគងក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារកណ្តាល លើប្រព័ន្ធរូបិយប័ណ្ណជំនាន់ក្រោយ។

ពានរង្វាន់ផលិតផលនិងសេវាកម្មដែលមានឧត្តមភាព (Nikkei Superior Products and Services Awards) ប្រចាំឆ្នាំ២០២១ បានជ្រើសរើសផលិតផល និងសេវាកម្មចំនួន១៦ ពីប្រទេសជប៉ុននិងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីក្នុងឆ្នាំ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here