ដោយ៖ សុធារី
ភ្នំពេញ៖ ធុរកិច្ចថ្មី គឺជាប្រភេទក្រុមហ៊ុនក្មេងខ្ចីដែលងាយនឹងរងនូវគំនាបហានិភ័យខ្ពស់។ តាមការសិក្សាអង្កេតនានាលើការបរាជ័យនៃជំនួញ Startup បានរកឃើញនូវកត្តាជាច្រើនដែលបង្អាក់ភាពជោគជ័យរបស់ជំនួញនេះ។ កត្តាទាំងនោះមានដូចជា៖
១. កង្វះខាតទីផ្សារ
កំហុសនៃទីផ្សារអាចមានដូចជា ការធ្វើជម្រើសទីផ្សារអតិថិជនខុស ដោយសារមិនបានធ្វើការសិក្សាច្បាស់លាស់ដែលធ្វើឲ្យផលិតផលឬសេវាកម្មរបស់ខ្លួនពុំមានតម្រូវការ។ មួយវិញទៀត ភាពខ្សោយក្នុងជំនាញធ្វើទីផ្សារ នឹងធ្វើឲ្យអាជីវកម្មអសមត្ថភាពក្នុងការបង្កើនជំហរប្រកួត ដែលជាយុទ្ធសាស្រ្តដ៏សំខាន់មួយក្នុងដំណាក់កាលដំបូងដើម្បីធ្វើឲ្យសាធារណជនឃើញ ឮ និងស្គាល់ពីផលិតផលឬសេវាកម្មខ្លួន។
២. កង្វះខាតទុនបង្វិល
នៅក្នុងជំហានដំបូងនៃអាជីវកម្មតែងតែមានលំហូរប្រាក់ចេញច្រើនជាងលំហូរចូល។ ប៉ុន្តែនៅពេលដែលទំនោរនេះនៅតែកើតមាន ធ្វើឱ្យទុនបង្វិលមានការគាំង ស្របពេលដែលអាជីវកម្មគ្មានភាពទាក់ទាញសម្រាប់ទទួលបានជំនួយវិនិយោគទុនបន្ថែម ព្រមទាំងកង្វះការវាយតម្លៃគ្រប់គ្រងលើសមតុល្យហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់បន្តអាជីវកម្មទៀតផងនោះ អាចធ្វើឱ្យអាជីវកម្មពុំមានសមត្ថភាពទៅមុខទៀតបាន។
៣. ការកំណត់តម្លៃ
ការដាក់តម្លៃគឺជាបញ្ហាមួយសម្រាប់ធុរកិច្ចថ្មី ពីព្រោះបើថ្លៃខ្ពស់ពេកនឹងមិនអាចរកអតិថិជនហើយបើថ្លៃទាបពេកនឹងកាន់តែបាត់បង់ចំណូល។ ដូចនេះ ការថ្លឹងថ្លែងពីថ្លៃដើមនិងកំណត់កម្រិតចំណេញសមស្របសម្រាប់ផលិតផលច្នៃប្រឌិតថ្មីនិងទីផ្សារថ្មីដែលជាអតិថិជនគោលដៅ។
៤. ក្រុមការងារដែលអសមត្ថភាព
ធនធានមនុស្សគឺជាទ្រព្យសំខាន់បំផុតរបស់ក្រុមហ៊ុននីមួយៗ។ បើសិនជាក្រុមការងារមិនថាអ្នកគ្រប់គ្រងឬនិយោជិកពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចចិត្ត ឬដោះស្រាយបញ្ហា នោះអាជីវកម្មអាចនឹងងាយប្រឈមពីហានិភ័យទាំងឡាយ។ ផ្ទុយទៅវិញ ដំណើរការគ្រប់គ្រងធនធានមនុស្សនិង ការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពព្រមទាំងពេញចិត្តជាមួយការងារនេះ ជាកម្លាំងចលករសំខាន់ដើម្បីជម្រុញប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាពឆ្ពោះទៅគោលដៅរួម។
៥. ភាពខ្លាំងនៃដៃគូប្រកួតប្រជែង៖
ពេលខ្លះ កត្តាខាងក្នុងក៏មិនប្រាកដថាជាមូលហេតុចំបងដែលធ្វើឱ្យធុរកិច្ចថ្មីត្រូវបរាជ័យទេ។ ប៉ុន្តែផ្ទុយទៅវិញ កត្តាខាងក្រៅគឺជាអ្វីដែលរុញច្រានយើងចេញពីទីលានប្រកួតនេះ។ ក្នុងទិដ្ឋភាពនេះ កត្តាខាងក្រៅនោះគឺ ដៃគូប្រកួតប្រជែងដែលមានសមត្ថភាពខ្លាំងនៅក្នុងដំណើរការប្រតិបត្តិការអាជីវកម្ម ស្របជាមួយនឹងអាយុកាល បទពិសោធន៏ និងទំហំអតិថិជនដែលជាគ្រឹះដ៏រឹងមាំ។
ជារួម មានកត្តាជាច្រើនទាំងក្នុងនិងក្រៅ ដែលបានរួមបញ្ចូលគ្នាមករារាំងដំណើរទៅរកភាពជោគជ័យនៃធុរកិច្ចថ្មី។ ក្នុងនោះមានដូចជា កង្វះទីផ្សារ កង្វះទុនបង្វិល តម្លៃ ក្រុមការងារអសមត្ថភាព និងភាពខ្លាំងនៃដៃគូប្រកួត។ សព្វថ្ងៃនេះ មានអាជីវកម្មជាច្រើនដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននេះ បានចាប់ផ្ដើមដោយការធ្វើធុរកិច្ចថ្មី ដោយសារការសិក្សាច្បាស់លាស់និងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីជៀសវាងនិងគ្រប់គ្រងរាល់បញ្ហាទាំងនេះ៕