មហាយក្សចិន ជំពាក់បំណុលបរទេសច្រើនរហូតដល់២,៧ទ្រីលានដុល្លារ

ដោយៈសុខុម

ប៉េកាំង: ប្រទេសចិន គឺជាមហាយក្សសេដ្ឋកិច្ចទី២ របស់ពិភពលោក និងជាគូប្រជែងធំដ៏ខ្លាំងក្លា បំផុតរបស់សហរដ្ឋអាមេរិក ហើយនៅក្នុងស ង្គ្រាមប្រជែ​ងយកឥទ្ធិពលក្នុងពិភពលោក មហាយក្សចិន បានផ្ដល់ជំនួយដល់ប្រទេសជាច្រើន ទាំងជំនួយមានសំណង និងជំនួយឥតសំណង។

ដូចនេះ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ពេលលេចឮថា មហាយក្សចិន ជំពាក់បំណុលបរទេសច្រើនរហូតដល់ ទៅរាប់ទ្រីលានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២ មករា ឱ្យដឹងថា ប្រទេសចិន បានជំពាក់បំណុលបរទេសបន្ថែមរហូតដល់១៦,៧ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ហើយមួយអន្លើនៃការកើនឡើងបំណុលនេះ ដោយសារកំណើននៃការទិញសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលក្នុងស្រុកពីសំណាក់បណ្ដាវិនិយោគិនបរទេស។

ប្រមាណ៤៧%នៃបំណុល មិនទាន់សងចំនួន២,៧ទ្រីលានដុល្លាររបស់ប្រទេសចិន គិតត្រឹមដំណាច់ខែកញ្ញា គឺជាបំណុលរយៈពេលមធ្យមដល់រយៈពេលវែង ដោយកើនឡើង៣%បើធៀបនឹងដំណាច់ខែមិថុនា។ នេះបើយោងតាមលោកស្រី Wang Chunying ដែលជានាយករង និងជាអ្នកនាំពាក្យរដ្ឋបាលរូបិយប័ណ្ណបរទេសចិន (SAFE) បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៣១ ធ្នូ។

ទោះជាយ៉ាងណា លោកស្រី Wang Chunying បានគូសបញ្ជាក់ថា កំណើននៃការកាន់កាប់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលក្នុងស្រុកដោយវិនិយោ​គិនបរទេស បានឆ្លុះបញ្ចាំងពីសមិទ្ធិផលរបស់ប្រទេសចិន នៅក្នុងការបើកចំហរទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន និងទំនុកចិត្តរបស់វិនិយោគិន ចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន។

លោកស្រីបានបន្ថែមទៀតថា អាជ្ញាធរចិននឹងបន្តតាមដានដោយយ​កចិត្តទុកដាក់នូវទំហំ និងរចនាសម្ព័ន្ធនៃបំណុលបរទេស របស់ប្រទេសចិន ហើយនឹងការពារទប់ទល់ហានិភ័យនានា ដែលកើតចេញពីរំហូរមូលធនឆ្លងព្រំដែន៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here