អ្នកជំនាញ​អន្តរជាតិ៖ ទីក្រុង​ភ្នំពេញ​បន្ត​ឈរ​លំដាប់​ទី១ ដែល​ទទួលបាន​ផលចំណេញ​ខ្ពស់​ពី​ការវិនិយោគ​អចលនទ្រព្យ

ដោយ ហ្សូ​លី

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​នៅតែ​បង្ហាញ​សុទិដ្ឋិនិយម​ថា វិស័យ​អចលនទ្រព្យ​នៅតាម​បណ្តា​ខេត្ត ក្រុង​នៅ​ទូទាំង​កម្ពុជា កំពុង​រីកលូតលាស់​ទៅមុខ​ឥតឈប់ឈរ ហើយ​ការវិនិយោគ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ នៅតែ​បន្ត​ទទួលបាន​ផលចំណេញ​ខ្ពស់​ពី​ការវិនិយោគ ធៀប​នឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ ។

ការសិក្សា​អន្តរជាតិ​មួយ​បាន​បង្ហាញថា ទីក្រុង​ភ្នំពេញ​នៅតែ​ស្ថិត​ឈរ​នៅ​លំដាប់​ទី១ ក្នុងចំណោម​ទីក្រុង​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន ជាទី​ក្រុង​ដែល​ទទួលបាន​ផលចំណេញ​ខ្ពស់​ពី​ការវិនិយោគ​អចលនវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មាន​កត្តា​ជាច្រើន ដែល​ជម្រុញ​ឱ្យ​ទីក្រុង​ភ្នំពេញ​ជាទី​ក្រុង​ល្អ​ជាងគេ បើទោះបីជា​ប្រទេស​កំពុង​ជួបប្រទះ​វិបត្តិ​ជំងឺ​សាកល​ក៏ដោយ។ វិស័យ​ខុន​ដូ បុរី​លំនៅដ្ឋាន អា​ផាត​ម៉ិ​ន អគារ​ពាណិជ្ជកម្ម និង​ដីធ្លី នៅក្នុង​ទិ​ក្រុងភ្នំពេញ សុទ្ធសឹង​តែមាន​គម្រោង​អភិវឌ្ឍ និង​ចរន្ត​ទិញ​លក់​ឥតឈប់ឈរ។

ប្រធាន​ក្រុមហ៊ុន Knight Frank ប្រចាំ​ប្រទេស​កម្ពុជា​លោក Ross Wheble បាន​ថ្លែងប្រាប់​សារព័ត៌មាន​អន្តរជាតិ​សារជាថ្មី​ថា វិស័យ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ មាន​ភាព​រីកចម្រើន ហើយ​តំបន់សំខាន់ៗមួយចំនួន សុទ្ធ​តែមាន​សក្តានុពល សម្រាប់​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ និង​ទទួលបាន​ផលចំណេញ​ខ្ពស់។

ជាមួយគ្នា​នឹង​សក្តានុពល​នៃ​ខណ្ឌ​និមួយៗ ក្នុង​ទីក្រុង​ភ្នំពេញ មាន​លក្ខណៈពិសេស​រៀងខ្លួនៗ ដូចជា ខណ្ឌ​បឹង​កេងកង ជា​បណ្តុំ​គម្រោង​ខុន​ដូ អគារ​ពាណិជ្ជកម្ម​ផ្សារ​ទំនើប រីឯ​ខណ្ឌ​សែន​សុខ ពោរពេញ​ដោយ​បុរី លំនៅដ្ឋាន។ ចំណែក​ខណ្ឌទួលគោក​មាន​អគារ​ការិយាល័យ​ជាដើម។ លើសពីនេះ ខណ្ឌផ្សេងៗទៀត​ដែល​ស្ថិតក្នុង​ទីក្រុង​ភ្នំពេញ បាន​រីកចម្រើន​ជា​បន្តបន្ទាប់ ស្របតាម​ផែនការ​និង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស។

អ្នកវិនិយោគ​មកពី​ហុងកុង ចិនដីគោក និង​ក្នុង​តំបន់ មានការ​ចាប់អារម្មណ៍​ជាច្រើន​ក្នុង​វិស័យ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​ភ្នំពេញ។

ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE នៅតែ​ព្យាករណ៍​ថា ការផ្គត់ផ្គង់​ខុន​ដូ​នៅ​ឆ្នាំនេះ​នឹង​កើនឡើង៣៤ភាគរយ។

លោក Jame Hodge  អនុប្រធាន​ក្រុមហ៊ុន CBRE ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា រាជធានី​ភ្នំពេញ​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ ក្នុងការ​ធ្វើដំណើរ​វែង​ឆ្ងាយ​ទៅមុខ ដោយ​ពុំមាន​បញ្ហា​អ្វី​កើតឡើង​ច្រើន​នោះទេ ដែល​បណ្តាល​ឲ្យ​អ្នកវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ​ទទួលបាន​ផល​ច្រើន និង​យូរអង្វែង។

តម្រូវការ​អចលនទ្រព្យ ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ មានការ​កើនឡើង​ខ្ពស់ រីឯ​ច្បាប់​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាពងាយស្រួល​ដល់​អ្នក​វិនិយោគិន​បរទេស ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ កើន​ឡើ​ជា​លំដាប់​រហូតមក​ដល់ពេលនេះ បណ្តាល​ឲ្យ​អ្នក​វិយោគ​ទទួលបាន​ផល​ច្រើនជាង​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here