លោក គា បូរាណ៖ វិស័យមីក្រូហិរញ្ញវត្ថុចាប់ផ្ដើមមានសញ្ញាវិជ្ជមានឡើងវិញ

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានចាប់ផ្ដើមរងផលប៉ះពាល់ពីជំងឺកូវីដ១៩ តាំងពីខែមេសា ២០២០មកម្ល៉េះ ហើយក៏ចាត់ទុកថាជាខែដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។

លោក គា បូរាណប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ផលប៉ះពាល់ពីជំងឺកូវីដ១៩ ទៅលើវិស័យមីក្រូហិរញ្ញវត្ថុ គឺមិនខុសពីវិស័យសេដ្ឋកិច្ចផ្សេងៗនោះទេ ហើយខែដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរនោះ គឺចាប់តាំងពីខែមេសា ឧសភា រហូតមក ក្នុងនោះកំណើនឥណទានបានធ្លាក់ចុះខ្លាំងនៅខែមេសា និងធ្លាក់ចុះតិចតួចនៅខែឧសភា និងងើបឡើងវិញនៅខែមិថុនា។

ដោយឡែកនៅខែ កក្កដា២០២០ កំណើនឥណទានបានបកត្រលប់សឹងទៅរកសភាពធម្មតាៗឡើងវិញ ។ លោកថា “ការវិលទៅរកសភាពធម្មតាៗឡើងវិញនៃឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ ដោយសារតែ កម្ពុជាបានគ្រប់គ្រងស្ថានភាពកូវីដ១៩ បានល្អប្រសើរ ហើយប្រទេសកម្ពុជាក៏មិនមានការបិទប្រទេសទាំងស្រុងដែលនាំអោយសេដ្ឋកិច្ចកាន់តែអាក្រក់នោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា រហូតមកដល់ពេលនេះ វិស័យមីក្រូហិរញ្ញវត្ថុបានងាកត្រលប់ទៅរកភាពដើមឡើងវិញបណ្ដើរៗហើយផងដែរ ដោយក្នុងនោះស្ថាប័នជាច្រើនបានរៀបចំឥណទានសម្រាប់អតិថិជនឡើងវិញ។ ហើយការរៀបចំឥណទានឡើងវិញនេះដែរ គឺមានសារសំខាន់ណាស់សម្រាប់ដំណើរការអាជីវកម្មរបស់អតិថិជន។ បើសិនជាមិនមានការផ្ដល់ឥណទានឡើងវិញនោះទេ អតិថិជនដែលធ្លាប់យកឥណទានរបស់ស្ថាប័នហិរញ្ញវត្ថុនានា នឹងមិនមានចំណូលសម្រាប់បង់សងត្រលប់ ដូច្នេះស្ថាប័នហិរញ្ញវត្ថុត្រូវផ្ដល់ឥណទានដើម្បីពួកគាត់អាចដំណើរការអាជីវកម្មនិងអាចរកចំណូលមកសងដល់ស្ថាប័នដែលផ្ដល់កម្ចី។

លោកបន្ថែមថា បើនិយាយពីការសន្សំរបស់អតិថិជនក្នុងវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុក្នុងដំណាក់កាលកូវីដ១៩នេះ ឃើញថាមានការកើនឡើងទៅវិញ។ ទាំងនេះ គឺជាការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទៅលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុ គិតត្រឹមដំណាច់ខែកក្កដា កន្លងទៅនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញ និងផ្ដល់កម្ចីទៅអតិថិជនប្រមាណ២៦ម៉ឺននាក់ បើគិតជាទឹកប្រាក់មានទំហំប្រមាណ១២០០លានដុល្លារអាមេរិក ។ ការផ្ដល់ឥណទានទៅអតិថិជននេះ គឺសម្រាប់តែអតិថិជនដែលទទួលរងផលប៉ះពាល់ដោយសារតែកូវីដ១៩ប៉ុណ្ណោះ ហើយចំពោះអតិថិជនដែលមិនមានផលប៉ះពាល់ក៏មិនទទួលបានការរៀបចំផ្ដល់ឥណទានឡើងវិញដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here